(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំដល់វិទ្យាស្ថានស្រាវជ្រាវដំណាំស្រូវអន្តរជាតិ(IRRI) ឱ្យសហការជាមួយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា(CARDI) និងនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ហើយត្រូវសិក្សាវិភាគដោយត្រូវយកចិត្តទុកដាក់ទាំងការងារស្រាវជ្រាវពូជស្រូវ និងការអភិវឌ្ឍទីផ្សារ។
ក្នុងឱកាសអនុញ្ញាតឲ្យលោកបណ្ឌិត ជុងស៊ូ ស៊ីន (Jongsoo Shin) នាយកប្រចាំតំបន់អាស៊ីរបស់វិទ្យាស្ថានស្រាវជ្រាវដំណាំស្រូវអន្តរជាតិ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីរសៀលថ្ងៃទី១៥ ឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការល្អ រវាង អ៊ីរី និងក្រសួងកសិកម្ម ពិសេសកិច្ចការស្រាវជ្រាវអំពីពូជស្រូវ ស្របតាមគោលនយោបាយរបស់ក្រសួង។
សម្រាប់ការផ្តួចផ្តើមរបស់វិទ្យាស្ថាន អ៊ីរី អំពីពូជស្រូវមានជាតិស្ករទាបនៅកម្ពុជា (Low Glycemic Index – Low GI) ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់ អ៊ីរី ឱ្យសហការជាមួយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា និងនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ហើយត្រូវសិក្សាវិភាគដោយត្រូវយកចិត្តទុកដាក់ទាំងការងារស្រាវជ្រាវពូជស្រូវ និងការអភិវឌ្ឍទីផ្សារ។ លើសពីនេះទៀត ត្រូវផ្តោតលើការអភិវឌ្ឍធនធានមនុស្ស ដែលជាទម្រង់នៃភាពជោគជ័យប្រកបដោយនិរន្តរភាព ពេលគម្រោងបិទបញ្ចប់។
បើតាម ឯកឧត្តមរដ្ឋមន្ត្រី គម្រោងទាំងអស់ត្រូវគិតគូរលើសុខភាពប្រជាពលរដ្ឋ សុវត្ថិភាពសង្គម ធ្វើឱ្យកសិករមានចំណូលមានស្ថិរភាពសេដ្ឋកិច្ច និងនិរន្តរភាព៕