លោក ហែម ឬទ្ធី អភិបាលរងខេត្តប៉ៃលិន និងជាប្រធានក្រុមការងារ ពិសេសសម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ នៅ ខេត្ត ប៉ៃលិនតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំកិច្ចប្រជុំក្រុមការងារពិសេសសម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ និង ត្រួតពិនិត្យវឌ្ឍនភាព ផែនការប្រតិបត្តិគម្រោងរបៀបបំបាត់ជំងឺគ្រុនចាញ់ក្នុងប្រទេសកម្ពុជាដំណាក់កាលទី២ ក្នុងខេត្តប៉ៃលិន ឆមាសទី១(ខែតុលា២០២២ ដល់ខែ មីនា ឆ្នាំ២០២៣) ដែលប្រព្រឹត្តិ ទៅ នៅមន្ទីរសុខាភិបាលខេត្តប៉ៃលិន ។ ហើយកិច្ចប្រជុំ នេះមានរយៈពេល ០១ ថ្ងៃ គឺ នៅ ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៣ ហើយក៏មានការចូលរួមដោយ លោក វេជ្ជបណ្ឌិត យក់ សុវណ្ណ អនុប្រធាន មន្ទីរសុខាភិបាលខេត្តប៉ៃលិន ព្រមទាំង លោក-លោកស្រីមេឃុំ-ចៅសង្កាត់ និង អស់លោក-លោកស្រី ដែល ជាសមាជិក សមាជិកា ក្រុមការងារ និងមន្ត្រីជំនាញជំងឺគ្រុនចាញ់ជាច្រើននាក់ផងដែរ។
លោក វេជ្ជបណ្ឌិត យក់ សុវណ្ណ បានលើកឡើងថា៖ ច្រើនឆ្នាំមកនេះ ការប្រយុទ្ធ នឹងជំងឺគ្រុនចាញ់ នៅប្រទេសកម្ពុជា ក៏ដូចជានៅខេត្តប៉ៃលិនទទួលបានជោគជ័យ គួរឲ្យគត់សម្គាល់ គឺកាត់បន្ថយ បន្ទុក នៃជំងឺ ដោយបានធ្វើឲ្យអត្រា ឈឺ និង ស្លាប់ ដោយសារ ជំងឺគ្រុនចាញ់ ធ្លាក់ចុះ ។ លោកក៏បាន បន្ថែមទៀតថា ខេត្តប៉ៃលិនយើង ដែលមានមន្ទីរសុខាភិបាល ជាសេនាធិការ បច្ចេកទេស បាន និង ចាប់ផ្ដើម បង្កើតប្រព័ន្ធការងារ ដ៏ចាំបាច់មួយ ដើម្បីការលុបបំបាត់ជំងឺនេះ ជាដំណាក់កាលៗ ដើម្បីសម្រេចគោលដៅ នៃការលុបបំបាត់ ជំងឺគ្រុនចាញ់គ្រប់ប្រភេទ មេរាគជំងឺគ្រុនចាញ់គ្រប់ប្រភេទមេរោគ ទាំងអស់ ត្រឹមឆ្នាំ ២០២៥ ។ ហើយខេត្តប៉ៃលិននឹងក្លាយជាខេត្តគម្រូផងដែរ ក្នុងការលុបបំបាត់ជម្ងឺគ្រុនចាញ់អស់មុនគេ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន។
លោក ហែម ឬទ្ធី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារពិសេស បានលើកឡើងថា « ការប្ដេជ្ញាចិត្ដ លុបបំបាត់ ជំងឺគ្រុនចាញ់ នេះ » ត្រូវបានជំរុញ លើកទឹកចិត្ដ ដោយថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំប្រទេស ដែលមាន សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ។ ហើយការលុបបំបាត់នេះ ទាមទារឲ្យមានការរៀបចំ មានលក្ខណៈច្បាស់លាស់ ជាក់លាក់ និងចាំបាច់ ត្រូវមានការសម្របសម្រួល រវាង មជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ដ្រ និង បាណកសាស្ដ្រ ជាមួយនឹង ដៃគូរអភិវឌ្ឍន៍ នានា ព្រមទាំងមានមន្ទីរសុខាភិបាល ជាអ្នកបច្ចេកទេស និងមានការចូលរួម ពីអ្នកពាក់ព័ន្ធ គ្រប់រូបផងដែរ ដើម្បីសម្រេចតាមគោលដៅដែលបានកំណត់។ ជាមួយគ្នានោះផងដែរលោក ហែម ឬទ្ធី អភិបាលរងខេត្តក៏បានណែនាំដល់បុគ្គលិកគ្រប់ជាន់ថ្នាក់ ត្រូវមានទំនួលខុសត្រូវខ្ពស់លើការងារ បញ្ហាប្រឈម និង ដំណោះស្រាយផ្សេងៗ ក្នុងការយល់ដឹងពីជំងឺគ្រុនចាញ់ និងអ្នកពាក់ព័ន្ធ ពិសេសអាជ្ញាធរ ដែនដីជួយអប់រំឲ្យមានភាពទូលំទូលាយសម្រាប់ប្រជាពលរដ្ឋ ព្រមទាំងណែនាំបន្តតាមគ្រប់រូបភាពគ្រប់ សកម្មភាព ដល់ប្រជាពលរដ្ឋដែលប្រឈមនឹងជំងឺគ្រុនចាញ់នៅតាមមូលដ្ឋានដែលមានការលំបាក ក្នុងការគ្រប់គ្រង ទិន្នន័យប្រជាជនប្រឈមនឹងជំងឺគ្រុនចាញ់។ ជាពិសេសអាជ្ញាធរដែនដីជួយធ្វើក្នុងការរៀបចំ និងផ្តល់ព៌ត័មានពីបញ្ហាជំងឺគ្រុនចាញ់ និងត្រូវធ្វើបច្ចុប្បន្នភាព សកម្មភាពអន្តរាគមន៍នានាដូចជាកាចែកមុង, អប់រំ ពីបញ្ហាការការពារពីជំងឺគ្រុនចាញ់ជាដើម។
បើតាមរបាយការណ៏របស់មន្ទីរសុខាភិបាលខេត្តប៉ៃលិន៖ ទិន្នន័យជំងឺគ្រុនចាញ់ប៉ុន្មានឆ្នាំចុងក្រោយនេះមានការថយចុះគួរអោយកត់សំគាល់ជាខ្លាំង។ គិតចាប់ពីឆ្នាំ២០២១ ករណីគ្រុនចាញ់មាន ០៣ករណី ប្រភេទហ្វាល់ស៊ីប៉ារ៉ូម ហើយក្នុងឆ្នាំ ២០២២ មានតែ ០១ ករណីប៉ុណ្ណោះ។ លើសពីនោះសម្រាប់ខេត្តប៉ៃលិនយើងគិតចាប់តាំងពីឆ្នាំ២០១៩ មកដល់បច្ចុបន្បន្នគ្មានករណីអ្នកស្លាប់ដោយសារជំងឺគ្រុនចាញ់នោះទេ ៕ អត្ថបទ៖ លោក កុល កាយណា