(ថៃ)៖ នាថ្ងៃចន្ទនេះ គណៈកម្មការរៀបចំការបោះឆ្នោតនៃប្រទេសថៃ បានបញ្ចប់ជាស្ថាពរហើយនូវដំណើរការរាប់សន្លឹកឆ្នោត ដោយបានប្រកាសថា គណបក្សចលនាឆ្ពោះទៅមុខ (MFP) គឺជាអ្នកទទួលជ័យជម្នះ ក្នុងការបោះឆ្នោតសកល កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៥ ខែឧសភា ឆ្នាំ២០២៣។ ប្រធានគណៈកម្មការបោះឆ្នោតថៃ លោក អ៉ីតទីផន ប៊ូនប្រាខុង (Ittiporn Boonpracong) បាននិយាយថា គណបក្ស MFP ឈ្នះបានអាសនៈសរុបចំនួន១៥១ ដែលជាចំនួនច្រើនលើសគេ។ បន្ទាប់មកគណបក្ស ភឿថៃ (Pheu Thai) ឈ្នះបាន១៤១អាសនៈ, គណបក្ស ភូមិចាយថៃ (Bhumjaithai) ឈ្នះបាន៧១អាសនៈ, គណបក្ស ប៉ាឡាងប្រាឆារ៉ាត (Palang Pracharath) ឈ្នះបាន៤០អាសនៈ ហើយគណបក្ស ថៃរួបរួមជាតិ (United Thai Nation) ឈ្នះបាន៣៦អាសនៈ។ បើតាមលោក អ៉ីតទីផន ៧៥.២២ភាគរយ នៃប្រជាជនមានសិទ្ធិបោះឆ្នោត បាននាំគ្នាចូលរួមការបោះឆ្នោតសកលកាលពីថ្ងៃអាទិត្យ ដែលជាកំណត់ត្រាថ្មីមួយ លើសពីកំណត់ត្រាចាស់៧៥.០៣ភាគរយ កាលពីឆ្នាំ២០១១។
គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃចន្ទនេះ មេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ (MFP) លោក ភីថា លីមចារឿនរ៉ាត់ (Pita Limjaroenrat) បានទទួលស្គាល់ថា គណបក្សរបស់លោកនឹងបង្កើតរដ្ឋាភិបាលចម្រុះ មួយជាមួយគណបក្សភឿថៃ និងគណបក្សប្រឆាំងដទៃទៀត ហើយនឹងមិនចូលរួមជាមួយ គណបក្សគាំទ្រដោយយោធាថៃនោះឡើយ។ លទ្ធផលនៃការបោះឆ្នោតខាងលើ មិនទាន់អាចសម្រេចបានថាតើនរណានឹងក្លាយជានាយករដ្ឋមន្ត្រី ឬក៏នរណាអាចនឹងបង្កើតរដ្ឋាភិបាល បាននៅឡើយទេ។ ការតែងតាំងនាយករដ្ឋមន្ត្រី ឬក៏ការបង្កើតរដ្ឋាភិបាលត្រូវធ្វើឡើងតាមរយៈរដ្ឋសភា និងព្រឹទ្ធសភា ដែលអាចនឹងប្រព្រឹត្តទៅនៅ ខែកក្កដាខាងមុខ ហើយត្រូវការសំឡេងគាំទ្រសរុប យ៉ាងហោច៣៧៦។ ដូច្នេះ គណបក្សប្រឆាំងត្រូវរកដៃគូក្រុមចម្រុះ រីឯគណបក្សគាំទ្រដោយយោធា ក៏ត្រូវរកដៃគូបង្កើតក្រុមចម្រុះដូចគ្នាដែរ។ បញ្ហាស្មុគស្មាញ គឺនៅត្រង់ថា សមាជិកព្រឹទ្ធសភា ទាំង២៥០នាក់ សុទ្ធតែត្រូវបានតែងតាំងដោយយោធា ម្លោះហើយពួកគេមុខជាមានទំនោរបោះឆ្នោតគាំទ្រដល់គណបក្ស ឬបេក្ខជននាយករដ្ឋមន្ត្រី គាំទ្រដោយយោធា៕