ខេត្តព្រៃវែង ៖ យ៉ាងហោចណាស់ មានមនុស្ស7នាក់បានរងរបួសធ្ងន់និងស្រាល ព្រមទាំងរថយន្ត៨គ្រឿងបានរងការខូចខាតនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយសារតែរថយន្តFord Rangerមួយគ្រឿង ដែលម្ចាស់បើកបរក្នុងស្ថានភាពស្រវឹងជោកជាំខ្លាំង ។ហេតុការណ៍រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោងជិត០៩យប់ថ្ងៃទី១៤ ឧសភា នៅលើកំណាត់ផ្លូវជាតិលេខ11 ស្ថិតក្នុងភូមិស្គរដាច សង្កាត់តាកោ ក្រុងព្រៃវែង ។ រថយន្តបង្កម៉ាក Ford Ranger ពណ៌.ស ពាក់ស្លាកលេខភ្នំពេញ 2BD-7787 ចំណែកម្ចាស់រថយន្តមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ ។លោក នុត ប៊ុនឌឿន អធិការនគរបាលក្រុងព្រៃវែងបានប្រាប់អោយដឹងថា មុនពេលកើតហេតុ ម្ចាស់រថយន្តបង្កបានទៅចូលរួមក្នុងពិធីមង្គលការកូនលោករបស់ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង ហើយពេលចេញមកវិញ គេឃើញរថយន្តនេះ បើកបរក្នុងល្បឿនលឿនទិសដៅពីលិចទៅកើត ទំនងជាស្រវឹងខ្លាំង ពេលមកដល់ចំណុចកើតហេតុរថយន្ត Ford បានបុកគូទរថយន្តបាឡែនមួយគ្រឿង ដែលកំពុងបើកបរនៅពីមុខក្នុងទិសដៅស្របគ្នា បណ្តាលអោយរថយន្តបាឡែនវេរកន្ទុយបោកចូលទៅក្នុងរោងការដែលនៅខាងឆ្វេងដៃលើចិញ្ចើមថ្នល់បុកបាក់រោងការ និងប៉ះត្រូវភ្ញៀវដែលកំពុងអង្គុយហូបការរបួសធ្ងន់ស្រាលចំនួន7នាក់ ។ដោយឡែក រថយន្តបង្កក្រោយពីបុកគូទរថយន្តបាឡែនហើយបានបន្តទៅបុករះរថយន្ត៦គ្រឿងទៀត ដែលម្ចាស់គេចតនៅចិញ្ចើមថ្នល់ខាងឆ្វេងដៃ ( រថយន្តភ្ញៀវមកការ ) ទើបកល់ទៅមុខលែងរួច ។ចំណែកប្រភពព័ត៌មានពីកន្លែងកើតហេតុនោះបានបញ្ជាក់ទៀតថា ក្រោយពីបើកបុករះរថយន្តជាច្រើនគ្រឿង រួច ម្ចាស់រថយន្តបង្កត្រូវបានភ្ញៀវក្នុងរោងការ និងពលរដ្ឋដែលផ្អើលចេញមកមើលស្វាគមន៍ម្នាក់មួយដៃមួយជើងបណ្តាលអោយរងរបួសយ៉ាងដំណំ ទើបកំលាំងសមត្ថកិច្ចមកដល់ជួយអន្តរាគមន៍ នាំយកជនរងគ្រោះទៅមន្ទីរពេទ្យ និងជួយសម្រួលចរាចរណ៍កុំអោយកកស្ទះ។លោកអធិការក្រុងព្រៃវែងបានបញ្ជាក់ថា បច្ចុប្បន្ន ជនរងគ្រោះទាំង7នាក់ដែលនៅក្នុងរោងការ កំពុងសំរាកព្យាបាលនៅក្នុងមន្ទីរពេទ្យខេត្ត ។ ដោយឡែក ជនបង្កត្រូវបានគ្រួសារបញ្ជូនទៅព្យាបាលនៅប្រទេសវៀតណាម ។ រីឯរថយន្តដែលរងការខូចខាតទាំង8គ្រឿង សមត្ថកិច្ចបានអូសយកមករក្សាទុកចំនួន5គ្រឿង ចំណែក3គ្រឿងផ្សេងទៀតដែលខូចខាតស្រាល ត្រូវបានម្ចាស់សុំយកទៅជួសជុលខ្លួនឯង ដោយមិនទាមទារសំណងនោះទេ។