ខេត្តសៀមរាប ៖ ប្រាសាទនាគព័ន្ធ គឺជាគោលដៅទេសចរណ៍មួយដ៏មានភាពទាក់ទាញ ក្នុងចំណោមប្រាសាទបុរាណជាច្រើន ដែលមានទិសដៅទស្សនា តាមផ្លូវវង់ធំ ដោយធ្វើដំណើរចេញពីខ្លោងទ្វារដីឆ្នាំង នៃក្រុងអង្គរធំ នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ។ក្រោយពេលអាជ្ញាធរជាតិអប្សរា បានធ្វើការសាងសង់ស្ពានថ្មី ជំនួសស្ពានចាស់ សម្រាប់ធ្វើដំណើរឆ្លងកាត់ចូលទស្សនាប្រាសាទ និងការរៀបចំកែលម្អ ជាពិសេសវង់ទស្សនា នៅបរិវេណផ្នែកខាងក្នុង នៃប្រាសាទនាគព័ន្ធ។ ហើយក៏ធ្វើឱ្យប្រាសាទនាគព័ន្ធ កាន់តែមានសម្រស់ស្រស់ស្អាតគ្រប់រដូវកាល ដោយភ្ញៀវទេសចរអាចទស្សនា និងផ្តិតយករូបភាពរុក្ខជាតិបៃតងខៀវខ្ចីដ៏ស្រស់បំព្រង នៅលើស្ពានឆ្លងកាត់បារាយណ៍ខាងជើង ព្រមទាំងទស្សនាសត្វស្លាបទឹកជាច្រើនប្រភេទដែលហោះហើរស្វែងរកចំណីគួរជាទីគយគន់ទៀតផង។ចំណែកបរិវេណផ្នែកខាងក្នុង នៃប្រាសាទ ក្រុមការងារប្រចាំការនៅទីនោះ តែងតែកា.ប់ឆ្ការព្រៃ ឬមែកឈើដែលដុះស៊ុបត្រុប ធ្វើឱ្យភ្ញៀវទេសចរអាចទស្សនាជុំវិញប្រាសាទនាគព័ន្ធ តាមរយៈវង់ទស្សនាថ្មីបាន។ក្នុងនោះដែរ លោក ង៉ោ ពេជ្រ មន្ត្រីនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា មិនត្រឹមតែមានទេសភាពស្រស់ស្អាតនៃប្រាសាទនាគព័ន្ធប៉ុណ្ណោះទេ។ ថ្មីៗនេះ ក្រុមការងារបានរៀបចំឱ្យមានសួនស្មៅ ការបោសសម្អាតនាបរិវេណខាងក្រៅ និងខាងក្នុងបានស្អាតជាប្រចាំ។ ចំណែកចំណតសម្រាប់ចតរថយន្ត និងម៉ូតូ ក៏មានរបៀប រៀបរយ ធ្វើឱ្យភ្ញៀវទេសចរ ដែលចូលមកទស្សនាប្រាសាទនាគព័ន្ធ តែងតែបង្ហាញស្នាមញញឹមមិនចេះដាច់។លោកបន្តថា នៅប្រាសាទនាគព័ន្ធ មានប្លង់ សម្រាប់ផ្តិតយករូបភាពស្រស់ស្អាតជាច្រើនកន្លែង ដែលភ្ញៀវនិយមចូលមកថតរូបអនុស្សាវរីយ៍ មានដូចជា ៖ នៅលើស្ពានសម្រាប់ឆ្លងចូលទៅទស្សនាប្រាសាទ ទិដ្ឋភាពថ្ងៃរះ ថ្ងៃលិច និងផ្តិតយករូបភាពជាមួយប្រាសាទជាដើម។សូមជម្រាបថា ប្រាសាទនាគព័ន្ធ ត្រូវបានសាងសង់ឡើងនៅរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ នាឆ្នាំ១១៩១ ដើម្បីឧទ្ទិសថ្វាយព្រះពុទ្ធសាសនាមហាយាន។ ប្រាសាទនេះ ត្រូវបានសាងសង់នៅលើកោះទំហំ៣៥០ម៉ែត្របួនជ្រុង ដែលមានស្រះសន្សំទឹកបរិសុទ្ធ៤ ដោយរៀបចំឲ្យមានជាសញ្ញាលេខបូក ជានិមិត្ដរូបនៃសញ្ញាមន្ទីពេទ្យ៕