(ភ្នំពេញ)៖ ក្រុមប្រឹក្សាភិបាលរបស់ធនាគារពិភពលោកនៅថ្ងៃនេះ បានអនុម័តគម្រោងមួយដែលមានតម្លៃទឹកប្រាក់ ៦០លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការកែលម្អការគ្រប់គ្រងសំរាម សំណល់រឹង និងប្លាស្ទិកនៅកម្ពុជា។ គម្រោងនេះ ក៏បានបន្ថែមដោយទឹកប្រាក់ ៣ លានដុល្លារទៀតជាសហហិរញ្ញប្បទានពីមូលនិធិ PROBLUE Trust Fund។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារពិភពលោកប្រចាំនៅកម្ពុជានាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣នេះ។ សេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា ការរីកចម្រើននៃសេដ្ឋកិច្ច នគរូបនីយកម្ម និងទេសចរណ៍ក្នុងអំឡុងពេលប៉ុន្មានឆ្នាំនេះ បានបណ្តាលឱ្យសំណល់រឹង និងសំណល់ប្លាស្ទិក កើនបរិមាណច្រើនសន្ធឹកសន្ធាប់ដែរនៅកម្ពុជា។ ទន្ទឹមគ្នានេះ សេវាប្រមូលសំរាមនៅស្ថិតក្នុងអត្រាទាបនៅឡើយ, រីឯហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ដល់ប្រព្រឹត្តិកម្មនិងចាក់ចោលកាកសំណល់ក៏នៅខ្វះខាត, ហើយការបោះចោលសំរាម និងសំណល់ប្លាស្ទិកនៅតាមដងផ្លូវ ផ្លូវទឹក, ការរាយប៉ាយសំរាមតាមផ្លូវ និងការដុតសំរាមនៅតែមានជាហូរហែរនៅឡើយ។ កិច្ចខិតខំក្នុងការគ្រប់គ្រងសំណល់នេះក៏នៅមានកម្រិតដែរ ដោយសារកង្វះបទប្បញ្ញត្តិ និងគោលនយោបាយសម្រាប់យកទៅអនុវត្តតាម។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា៖ «រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកការកែលម្អការគ្រប់គ្រងសំរាម សំណល់រឹង និង សំណល់ប្លាស្ទិកឱ្យកាន់តែល្អប្រសើរឡើង ជាកិច្ចការដែលមានអាទិភាពខ្ពស់នៅក្នុងរបៀបវារៈរបស់ថ្នាក់ជាតិ ដូចមានចែងនៅក្នុងគោលនយោបាយស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ២០២០-២០៣០»។ ដូចនេះ ការគាំទ្រដល់ការអនុវត្តអនុក្រឹត្យលេខ ១១៣ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ដើម្បីបង្កើនប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពនៃការគ្រប់គ្រងសេវាប្រមូលសំរាម និងការពារសុខភាពសាធារណៈ បរិស្ថាន និងទេសភាពនៅក្នុងប្រទេសកម្ពុជា គឺជាកិច្ចការអាទិភាពដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល។ បើតាមសេចក្ដីប្រកាសព័ត៌មាន គម្រោងកែលម្អការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា (Cambodia: Solid Waste and Plastic Management Improvement Project) គាំទ្រដល់កិច្ចខិតខំរបស់រដ្ឋាភិបាលក្នុងការពង្រឹងសមត្ថភាពរបស់ស្ថាប័ននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងការគ្រប់គ្រងសំរាម សំណល់ និងសំណល់ប្លាស្ទិក, ជំរុញក្រុមហ៊ុនពាក់ព័ន្ធក្នុងការប្រមូលសំរាមឱ្យខិតខំកែលម្អសេវារបស់ខ្លួន, និងរៀបចំឱ្យមានប្រព័ន្ធបង់ថ្លៃសេវាមួយមានដំណើរការល្អជាងមុន សម្រាប់ទ្រទ្រង់ដល់ប្រតិបត្តិការប្រមូលសំរាមមួយដែលមានចីរភាពផ្នែកបរិស្ថាន, ហិរញ្ញវត្ថុ និងសង្គមថែមទៀត។ គម្រោងនេះត្រូវបានរៀបចំឡើងដោយមានបញ្ចូលនូវការកំណត់លក្ខណៈសម្បត្តិចាំបាច់សម្រាប់ការចូលរួមរបស់ទីក្រុង និងទីប្រជុំជននានានៅក្នុងគម្រោង និងសម្រាប់ធានាឱ្យបានថា បណ្តាទីក្រុងដែលចូលរួម ត្រៀមលក្ខណៈគ្រប់គ្រាន់សម្រាប់ដំណើរការនៃការវិនិយោគរបស់ខ្លួន ឱ្យបានទៀងទាត់។
លោកស្រី ម៉ារីយ៉ាម សាលីម នាយកគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា៖«ការកែលម្អការងារគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិក គឺជារឿងមួយសំខាន់ណាស់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់កម្ពុជា រួមទាំងតាមរយៈវិស័យទេសចរណ៍របស់ខ្លួនផងដែរ»។ លោកស្រីមានប្រសាសន៍ថា បញ្ហាសំរាមប្លាស្ទិកក្នុងផ្ទៃសមុទ្រគ្មានស្គាល់ព្រំដែនទេ ដូច្នេះគម្រោងនេះក៏នឹងជួយដល់ថ្នាក់ជាតិ នៅក្នុងការដោះស្រាយបញ្ហាសំណល់ប្លាស្ទិកក្នុងដែនសមុទ្ររបស់ខ្លួនផងដែរ។ លើសពីនេះ គម្រោងនឹងជួយពង្រីកសេវាប្រមូលសំរាមឱ្យគ្របដណ្តប់តាមខ្នងផ្ទះកាន់តែច្រើននិងកាន់តែទៀងទាត់, ហើយកាលណាសមត្ថភាពរបស់ទីលានទុកដាក់សំរាម, ការកែច្នៃសំរាម និងការយកសំរាមធ្វើកំប៉ុស្ត ត្រូវបានកែលម្អឱ្យកាន់តែប្រសើរឡើង វាមុខជានឹងនាំមកនូវផលវិជ្ជមានដល់សុខភាពសាធារណៈ បរិស្ថាន និងទេសចរណ៍ ជាមិនខាន។ សេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា គម្រោងនេះនឹងអនុវត្តរួមគ្នាដោយក្រសួងមហាផ្ទៃ, ក្រសួងបរិស្ថាន, និងក្រសួងសាធារណការ និងដឹកជញ្ជូន៕