ព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ក្រសួងរ៉ែ និងថាមពល បានជ្រើសរើសយកខេត្តប៉ៃលិន សម្រាប់រៀបចំសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយអនុក្រឹត្យស្តីពី «ការអនុវត្តច្បាប់ នៃការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត ផ្នែកដោនស្ទ្រីម» ប្រកាសស្តីពី «លក្ខខណ្ឌ និងនីតិវិធី នៃការផ្តល់វិញ្ញាបនបត្រ បញ្ជាក់បច្ចេកទេសសុវត្ថិភាព លិខិតអនុញ្ញាត និងអាជ្ញាប័ណ្ណ សម្រាប់សកម្មភាពផ្នែកដោនស្ទ្រីម» និងប្រកាសស្តីពី «ការធ្វើប្រតិភូកម្មមុខងារ ក្នុងការផ្តល់សេវារដ្ឋបាលពាក់ព័ន្ធ ទៅឲ្យរដ្ឋបាល រាជធានី-ខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ជៀប សួរ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងលោក សុខ ពិសី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដោយមានអ្នកចូលរួមចំនួន 60នាក់មកពីខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យ ដែលបានប្រារព្ធធ្វើនៅរីសត មេម៉ូរីយ៉ា ផាលេស។
ថែ្លងក្នុងឱកាសសិក្ខាសាលានេះ លោក សុខ ពិសី អភិបាលរងខេត្តប៉ៃលិន មានប្រសាសន៍ថា ៖ បច្ចុប្បន្នក្នុងខេត្តប៉ៃលិន មានស្ថានីយប្រេងឥន្ធនៈ ស្ថានីយឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេងនិងឧស្ម័នឥន្ធនៈ ទូទាំងខេត្តសរុប៤៨ស្ថានីយ ក្នុងនោះស្ថានីយប្រេងឥន្ធនៈចំនួន៤២ស្ថានីយ និងស្ថានីយរួមប្រេងនិងឧស្ម័នចំនួន៦ស្ថានីយ។ លោកអភិបាលរងខេត្តបានបន្តថា៖ សិក្ខាសាលា នាពេលនេះ គឺជាការឆ្លុះបញ្ចាំងឲ្យឃើញ អំពីការអភិវឌ្ឍន៍លើ វិស័យប្រេងកាតនៅកម្ពុជា ក៏ដូចជានៅខេត្តប៉ៃលិន ដោយសង្ឃឹមថាសិក្ខាកាមទាំង ២ខេត្ត ពិតជាទទួលបាននូវចំណេះដឹងថ្មីៗ រួមទាំងអនុក្រឹត្យ ច្បាប់ប្រកាសនិងលិខិតបទដ្ឋានគតិយុត្តិនានា សំដៅចូលរួមអនុវត្តនិងការពារបាននូវសុខសុវត្ថិភាព លើអាជីវកម្មប្រេងឥន្ទនៈ និងឧស្ម័នឥន្ទនៈផងដែរ។
លោកអភិបាលរងខេត្តក៏បានសំណូមពរដល់អង្គសិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ស្ដាប់ និងកត់ត្រា នៅបទបង្ហាញរបស់វាគ្មិន និងគ្រូឧទេ្ទស និងចូលរួមពិភាក្សាលើកជាសំណួរ និងការបកស្រាយឱ្យបានផុសផុល សំដៅផ្ដល់នូវធាតុចូល និងចំណេះដឹងបន្ថែមទៀតដល់សិក្ខាកាម ដើម្បីអង្គសិក្ខាសាលាទទួលបានផ្លែផ្កានិងចំណេះដឹងថ្មីៗបន្ថែម។
ឯកឧត្តម ជៀប សួរ រដ្ឋលេខាធិការនៃក្រសួងរ៉ែនិងថាមពល បានមានប្រសាសន៍ ក្នុងពិធីបើកសិក្ខាសាលានេះថាៈ ក្រសួងរ៉ែ និងថាមពល មានចក្ខុវិស័យច្បាស់លាស់ ក្នុងការគ្រប់គ្រង និងប្រើប្រាស់ សក្តានុពលប្រេងកាត និងផលិតផលប្រេងកាត ដើម្បីរួមចំណែក អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងផលប្រយោជន៍យូរអង្វែងរបស់ប្រទេសជាតិ។ហើយមួយវិញទៀតសិក្ខាសាលានេះ មានគោលបំណងផ្តោតលើការផ្សព្វផ្សាយវិធាន នៃការគ្រប់គ្រងសកម្មភាព ផ្នែកដោនស្ទ្រីម នីតិវិធី បែបបទ និងលក្ខខណ្ឌ ក្នុងការផ្តល់ និងដកហូតវិញ្ញាប័ណ្ណបត្របញ្ជាក់បច្ចេកទេសសុវត្ថិភាព លិខិតអនុញ្ញាតិ និងអាជ្ញាប័ណ្ណ ដើម្បីពង្រឹងសមត្ថភាពមន្ត្រីជំនាញនៃមន្ទីររ៉ែ និងថាមពល អាជ្ញាធរមានសមត្ថកិច្ច ជាពិសេសមន្ត្រីបម្រើសេវាផ្ទាល់ជាមួយប្រជាពលរដ្ឋឲ្យយល់ដឹងអំពីតួនាទីភារៈកិច្ច និងនីតិវិធីនានា ឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ប្រកបដោយ ប្រសិទ្ធភាព សក្តិសិទ្ធិភាព និងតម្លាភាព។
ឯកឧត្តមរដ្ឋលេខាធិការក៏បានគូសបញ្ជាក់ដែរថា៖ សិក្ខាសាលានេះត្រូវបានមន្ត្រីជំនាញធ្វើបទបង្ហាញនូវខ្លឹមសារសំខាន់ៗ នៃអនុក្រឹត្យ ស្តីពីការអនុវត្តច្បាប់ នៃការគ្រប់គ្រងប្រេងកាត និងផលិតផល ប្រេងកាត ប្រកាសស្តីពីលក្ខខ័ណ្ឌ និងនីតិវិធី នៃការផ្តល់វិញ្ញាបនបត្រ បញ្ជាក់ បច្ចេកទេសសុវត្ថិភាព សកម្មភាពផ្នែកដោនស្ទ្រីម និងការធ្វើប្រតិភូកម្មមុខងារ ក្នុងការផ្តល់សេវារដ្ឋបាលពាក់ព័ន្ធ ទៅឲ្យរដ្ឋបាលរាជធានី ខេត្ត ។ ដូចនេះ សូមយកចិត្តទុកដាក់ស្តាប់ កត់ត្រា សួរដេញ ដោលជាប្រយោជន៍ សម្រាប់យក ទៅអនុវត្តការងារឲ្យមានប្រសិទ្ធភាព៕ អត្ថបទ៖ លោក កុល កាយណា