នៅខេត្តប៉ៃលិនមានបើកសិក្ខាសាលាស្តីពីការពង្រឹងសមត្ថភាព អនុវត្តការងារមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ( ជំហានទី ២ ) ជូនដល់ថ្នាក់ដឹកនាំមន្ត្រី នៃមន្ទីរប្រៃសណីយ៍ និង ទូរគមនាគមន៍ ចំនួន ១៤ ខេត្ត ចូលរួមដោយមានសិក្ខាកាមចំនួនប្រមាណ ១០០នាក់ ចូលរួម ក្រោមអធិបតីភាព លោកជំទាវ រស់ សូរក្ខា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងមានការអញ្ជើញចូលរួមពីសំណាក់ លោក ម៉ើង លីដា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិននៅថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ ២០២ ៣ ។
ក្នុងកិច្ចស្វាគមន៍របស់ លោក ស្រី កើត ស៊ីធាម ប្រធានមន្ទីរប្រៃសណីយ៍ និង ទរគមនាគមន៍ខេត្តប៉ៃលិន បានបញ្ជាក់ អំពីលទ្ធផលក្នុងការអនុវត្តរយៈពេលកន្លងមក ។ លោកស្រីបានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលថ្ងៃនេះ នឹងទទួលបាននូវ ការពន្យល់ណែនាំ ចែករំលែកបទពិសោធន៍នានា នឹងបានផ្តល់ចំណេះដឹង និងបទពិសោធន៍ ថ្មីៗថែមទៀត ដើម្បីយកទៅ អនុវត្តបំពេញការងារ ជាក់ស្ដែងឲ្យកាន់តែមានប្រសិទ្ធិភាព និងប្រសើរឡើងថែមទៀត ។ លោកស្រី ក៏បាន លើក នូវ សំណូមពរមួយ ចំនួនស្នើសុំក្រសួងសូមមានវគ្គ បណ្តុះបណ្តាលពង្រឹងសមត្ថភាពអនុវត្តការងារ មន្ទីរប្រៃសណីយ៍ និង ទូរគមនាគមន៍ ហើយប្រព័ន្ធទូរគមនាគមន៍ក្នុងខេត្តប៉ៃលិនកាន់តែល្អប្រសើរឡើង ។
លោក ម៉ើង លីដា អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ វិស័យ ប្រៃសណីយ៍ និង ទូរគមនាគមន៍ ក្នុងខេត្តប៉ៃលិនមានការរីកចម្រើន គួរឲ្យកត់សម្គាល់ដោយរយៈពេលកន្លងមកយើងបានសហការជាមួយអ្នកពាក់ព័ន្ធបាន ចុះ រៀបចំសោភ័ណភាព សណ្ដាប់ធ្នាប់ និង របៀបរៀបរយ សាធារណៈបណ្ដាញ ខ្សែទូរគមនាគមន៍មានសណ្តាប់ធ្នាប់ល្អនៅទូទាំងក្រុងប៉ៃលិនយើង ។ ហើយចំពោះវិស័យ ទូរគមនាគមន៍គឺជា វិស័យមួយដ៏សំខាន់មិនអាចខ្វះបានក្នុងយុគសម័យឌីជីថលយើងនេះក្នុងសង្គមបច្ចុប្បន្នរាជរដ្ឋាភិបាលបាន គិតគួរយកចិត្តទុកដាក់ខ្ពស់ ផងដែរ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន។ លោកអភិបាលរងខេត្តបានលើកឡើងផងដែរថា៖ បច្ចុប្បន្ននេះក្រោមការដឹកនាំរបស់ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានហ្នឹងកំពុងរៀបចំខេត្តប៉ៃលិនអោយកាន់តែមានភាពស្រស់ស្អាតហ្នឹងទាក់ទាញ ជាពិសេសភាពស្រស់ស្អាតតាមដងផ្លូវទាំងពេលថ្ងៃនិងពេលយប់មានភ្លើងភ្លឺតាមផ្លូវព្រោងព្រាតពោរពេញដោយសុខសន្តិភាពសម្រាប់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ លើសពីនោះតំបន់ទឹកធ្លាក់ភ្នំខៀវលោកជំទាវអភិបាលខេត្តក៏បានរៀបចំអោយមានភាពស្រស់ស្អាតទាក់ទាញភ្ញៀវមកដំណើរកំសាន្តយ៉ាងច្រើនកុះករទៀតផង។
ជាមួយគ្នានោះ លោក ម៉ើង លីដា អភិបាលរងខេត្ត ក៏បានលើកផងដែរ អំពីការខ្វះចន្លោះនៃប្រព័ន្ធគ្រប់ដណ្តប់លើសេវា ទូរស័ព្ទ នៅតាមតំបន់មួយចំនួនក្នុងខេត្តប៉ៃលិន ដែលពុំទាន់មានសេវាទូរសព្ទ និងអ៊ិនធឺណេត គ្រប់គ្រាន់គឺ ផ្នែកខ្លះ ក្នុងក្រុង និងស្រុកសាលាក្រៅ និង តំបន់ទេសចរណ៍ដោយ ខេត្ត ប៉ៃលិនជាគោលដៅទេសចរណ៍ ដ៍សំខាន់ក្នុងចំណោម ខេត្តនានា នឹងស្របពេល ដែលបច្ចេកវិទ្យា មានការរីកចំរើន សេវាទូរសព្ទ និងសេវាអ៊ិនធឹណេត ពិតជាមានសារសំខាន់មិនអាចខ្វះបាននោះឡើយ។
មានប្រសាសន៍បើកអង្គសិក្ខាសាលានោះ លោកជំទាវ រស់ សូរក្ខា រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បាន បញ្ជាក់ពីគោលបំណង ការរៀបចំវគ្គសិក្ខាសាលានេះឡើង ដើម្បីពង្រឹង សមត្ថភាព ឲ្យស្របទៅតាម ការវិវឌ្ឍន៍ និងការរីកចំរើននៃបច្ចេកវិទ្យា នាពេលបច្ចុប្បន្ន ។ លោកជំទាវ បានបន្តទៀតថាសិក្ខាសាលា ក្នុងថ្ងៃនេះគឺ ឆ្លុះបញ្ចាំងឲ្យឃើញនូវសារៈសំខាន់ នៃសន្តិសុខបច្ចេកវិទ្យា គមនាគមន៍ដែល មិនមែនតែនៅក្នុងកម្ពុជា ប៉ុណ្ណោះទេ ក៏ប៉ុន្តែ ថែមទាំងថ្នាក់ តំបន់ និង សកលលោកផងដែរ ។ ហើយជាមួយគ្នានោះបច្ចេកវិទ្យាគមនាគមន៍ និង ព័ត៌មាននៅតែបន្ត ជាចលករសំខាន់ មួយនាថ្ងៃអនាគត ស្របពេលដែលកម្ពុជាបានកំពុងប្រឹងប្រែងបំលែងខ្លួន ឯងទៅជាសេដ្ឋកិច្ច ឌី ជី ថល ។ ក្នុងខណៈពេលដែល វិស័យបច្ចេកវិទ្យាទូរគមនាគមនាគមន៍ និងព័ត៌មានវិទ្យាបាននាំមកនូវឱកាសថ្មីៗ វាក៏បាននាំមក នូវហានិភ័យ ថ្មីៗជាច្រើនផងដែរ ។
លោកជំទាវបានបន្តទៀតថា៖ សិក្ខាសាលានេះនឹងផ្តល់ជាចំណេះដឹងដល់អស់លោក – លោកស្រីដែលអញ្ជើញមកពី ១៤ខេត្ត នៃ មន្ទីរប្រៃសណីយ៍ និង ទូរគមនាគមន៍ តាមបណ្តាខេត្ត នាពេលនេះឲ្យកាន់តែយល់ដឹងអំពីហានិភ័យនានា ដែល អាចកើតមានឡើង ចំពោះប្រព័ន្ធ ឌី ជី ថល និង ការគំរាមគំហែង , យល់ដឹងអំពីប្រភេទនៃការវាយប្រហារដែលអ្នកអាច ជួបប្រទះ , ស្វែងយល់ដឹងអំពីវិធីសាស្ត្រ ក្នុងការស្វែងរកនូវចំនុចខ្សោយ និងការជួសជុល ,យល់ដឹងអំពី ច្បាប់ គោល នយោបាយ និងបទដ្ឋានគតិយុត្តិនានា ពាក់ព័ន្ធ ទៅនឹងសន្តិសុខ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានរបស់កម្ពុជា ។
គួរបញ្ជាក់ផងដែរថាសិក្ខាសាលានេះមានរយះពេល០៣ថ្ងៃ គិតចាប់ពីថ្ងៃទី ០៩-ឧសភា រហូតដល់ ១១-ឧសភា ឆ្នាំ២០២៣ ហើយមានខេត្ត ១៤ចូលរួមសិក្ខាសាលានេះ រួមមាន៖ ខេត្តប៉ៃលិន ខេត្តបាត់ដំបង ខេត្តកំង់ឆ្នាំង ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តមណ្ឌលគីរី ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ ខេត្តព្រះវិហារ ខេត្តកំពង់ធំ និងខេត្តក្រចេះ ៕ អត្ថបទ៖ លោក កុល កាយណា