(ភ្នំពេញ)៖ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា បានមានប្រសាសន៍ថា លទ្ធផលប្រចាំឆ្នាំរបស់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ទទួលបានជោគជ័យនិងការងារផ្សេងៗទៀតទទួលបានលទ្ធផលល្អហើយយប៉ុន្តែយើក៏ត្រូវបន្តពិនិត្យនិងស្វែងរកនូវចំណុចខ្វះខាតដែលត្រូវ កែលម្អបន្ថែមទៀត ទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដើម្បីពង្រឹងការអនុវត្តមុខងារ និងតួនាទីឱ្យកាន់តែមានតម្លាភាព គណនេយ្យភាព និងសុក្រឹត្យភាព ដែលជាមូលដ្ឋានមួយយ៉ាងសំខាន់ក្នុងការចែករំលែក និងពិភាក្សា ក្នុងកិច្ចប្រជុំបូកសរុបប្រចាំឆ្នាំ។ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា មានប្រសាសន៍បែបនេះ ក្នុងកិច្ចប្រជុំបូកសរុបប្រចាំឆ្នាំ២០២២ ស្តីពីការបូកសរុបលទ្ធផលការងារ អនុវត្តកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ដែលមានការអញ្ជើញចូលរួមពីមន្ត្រីពីក្រសួងស្ថាបន ពាក់ព័ន្ធនានា នាព្រឹកថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសង្គមកិច្ច ។
ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍បន្ថែមថា ផ្អែកតាមរយៈការអនុវត្តកម្មវិធីពេលកន្លងមក ពិសេសក្នុងឆ្នាំ២០២២ លោកពិតជាមានមោទនភាពយ៉ាងខ្លាំងចំពោះលទ្ធផលដែលសម្រេចបាននិងសូមកោត សរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីអនុវត្តកម្មវិធីទាំងអស់ ទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ រួមមាន រាជធានី ខេត្ត ថ្នាក់ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់។ តាមរយៈការអនុវត្តកម្មវិធីនេះ មិនត្រឹមតែទទួលបានលទ្ធផលល្អប៉ុណ្ណោះទេ ប៉ុន្តែបានរៀនសូត្រនិងដកបទពិសោធន៍ពី ការអនុវត្តបានជាច្រើនទៀត ដែលបានធ្វើឱ្យការអនុវត្តកម្មវិធីកាន់តែមានភាពរលូន មានប្រសិទ្ធភាពខ្ពស់ ធ្វើឲ្យអ្នកទទួលផលកាន់តែរីករាយនិងពេញចិត្ត។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា យោងតាមកាអនុវត្តកម្មវិធីជំនួយសង្គមកន្លងមក និងតម្រូវការបរិបទបច្ចុប្បន្ន កម្មវិធីជំនួយទាំងអស់ កំពុងឈានចូលរបត់មួយថ្មីទៀត គឺក្របខណ្ឌកញ្ចប់គ្រួសារ ដែលរួមបញ្ចូលកម្មវិធីជំនួយសង្គមចំនួន៤ ដូចជា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនសិស្ស ក្រីក្រនៅថ្នាក់បឋមសិក្សានិងមធ្យមសិក្សា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព និងកម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនជនចាស់ជរានិងអ្នកផ្ទុកមេរោគអេដ៍ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយផ្ដល់ការគាំពារ ជំនួយសង្គមពេញមួយវដ្ដជីវិត ។
ជាមួយគ្នានេះ ដើម្បីសម្រេចបាននូវទិសដៅដូចបានរៀបរាប់ខាងលើ ទាមទារឱ្យមានការពង្រឹងបន្ថែមទៀតលើកម្មវិធី ជំនួយសង្គមដែលកំពុងអនុវត្តទាំងនេះឱ្យបានរឹងមាំទាំងយន្តការគ្រប់គ្រង ទាំងការពង្រឹងសមត្ថភាព ទាំងការផ្សព្វផ្សាយ ជាពិសេសកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធ ក៏ដូចជាក្រុមគោលដៅនិងអ្នកទទួលផល ដើម្បីធានាឱ្យការអនុវត្តកម្មវិធីដំណើរការទៅរលូននិងប្រសិទ្ធភាពខ្ពស់ ត្រូវពិនិត្យពីវឌ្ឍនភាព បញ្ហាប្រឈម និង ដំណោះស្រាយ ដែលបានជួបប្រទះរយៈពេលមួយឆ្នាំកន្លងមក៕