(អន្តរជាតិ)៖ តុលាការបានសម្រេចកាលពីថ្ងៃអង្គារ នេះថា លោក Donald Trump ត្រូវតែសងការខូចខាតចំនួន ៥លានដុល្លារអាមេរិក សម្រាប់ការបំពានផ្លូវភេទលើ អ្នកសរសេរទស្សនាវដ្តីអាមេរិក អ្នកស្រី E Jean Carroll ក្នុងឆ្នាំ ១៩៩០ ហើយបន្ទាប់មកបង្ខូចកេរ្តិ៍ឈ្មោះនាងដោយដាក់ឈ្មោះនាងថា ជាមនុស្សកុហក។ អ្នកស្រី Carroll បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ថ្ងៃនេះ ពិភពលោកបានដឹងពីការពិត។ ភាពជោគជ័យនេះមិនមែនសម្រាប់តែខ្ញុំម្នាក់ទេ ប៉ុន្តែសម្រាប់ស្ត្រីគ្រប់រូបដែលបានរងទុក្ខដោយសារតែគេមិនជឿពាក្យសម្ដីរបស់នាង»។
យ៉ាងណាម៉ិញ មេធាវីរបស់លោក ដូណាល់ ត្រាំ លោក Joseph Tacopina បានប្រាប់អ្នកយកព័ត៌មាននៅខាងក្រៅតុលាការសហព័ន្ធ Manhattan ថា អតីតប្រធានាធិបតីអាមេរិកដែលធ្វើយុទ្ធនាការដណ្តើមយកសេតវិមាននៅឆ្នាំ២០២៤ នឹងប្តឹងឧទ្ធរណ៍ ដូច្នេះមិនចាំបាច់បង់ប្រាក់នោះទេ ដរាបណាសំណុំរឿងនេះស្ថិតនៅក្នុងបណ្តឹងឧទ្ធរណ៍ ។
លោក Trump បានអវត្តមានពេញមួយថ្ងៃ កំឡុងការកាត់ក្តី ដែលបានចាប់ផ្តើមនៅថ្ងៃទី២៥ ខែមេសា។ នៅក្នុងការបង្ហោះនៅលើបណ្ដាញសង្គម Truth Social លោក Trump បានហៅសាលក្រមនេះថាជា «ភាពអាម៉ាស់» ហើយបាននិយាយថា «ខ្ញុំពិតជាមិនដឹងថាស្ត្រីនេះជានរណាទេ»។ លោក ត្រាំ បន្ដថា «ការកាត់ក្ដីនេះ គឺជាធ្វើទុក្ខបុកម្នេញ និង រឿងនយោបាយសុទ្ធសាធ»។ដោយសារតែវាជារឿងក្តីរដ្ឋប្បវេណី លោក Trump មិនប្រឈមមុខនឹងផលវិបាកពីបទល្មើសព្រហ្មទណ្ឌទេ ដូច្នេះហើយវាមិនបានឲ្យលោកជាប់ពន្ធនាគារឡើយ។ ទាក់ទិននឹងបញ្ហានេះ គណៈវិនិច្ឆ័យតម្រូវឲ្យឈានដល់សាលក្រមជាឯកច្ឆ័ន្ទ ដោយប្រើពេលពិគ្រោះគ្នាមិនដល់ ៣ម៉ោងផង។
សូមជម្រាបថា អ្នកស្រី Carroll អាយុ 79 ឆ្នាំ បានចោទប្រកាន់លោក ត្រាំ ក្នុងអំឡុងពេលសវនាការរដ្ឋប្បវេណីថា បានរំលោភនាងនៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់នៃហាងលក់ទំនិញ Bergdorf Goodman ក្នុងទីក្រុង Manhattan ក្នុងឆ្នាំ ១៩៩៥ ឬ ១៩៩៦ បន្ទាប់មកបានធ្វើឲ្យនាងខូចកេរ្តិ៍ឈ្មោះ ដោយកាលពីខែ តុលា ឆ្នាំ២០២២ លោកបានសរសេរនៅលើបណ្ដាញសង្គម Truth Social របស់លោកថា ការអះអាងរបស់នាង Carroll គឺជា «ការងារឆបោក, ការបោកបញ្ឆោត និង ការកុហក»។ ប៉ុន្ដែគេមិនបានបញ្ជាក់ទេថា លោក ត្រាំ ពិតជាជាប់ពាក់ព័ន្ធនឹងការរួមភេទជាមួយនាងពិតមែន ដែរឬអត់៕