ប៉ៃលិន៖ នៅសាលាខេត្ត ព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានជួបជាមួយបងប្អូនប្រជាពលរដ្ឋ ដែលមកពីក្រុងប៉ៃលិន និងក្រុមហ៊ុនអគ្គីសនី ដើម្បីដោះស្រាយបញ្ហាបរិមាណការប្រើប្រាស់អគ្គីសនីមានការកើនឡើងខុសប្រក្រតី ដោយឈរលើគោលការណ៍ឈ្នះឈ្នះទាំងអស់គ្នា និងបានបញ្ចប់វិវាទដោយជោគជ័យរវាងអ្នកប្រើប្រាស់ និងក្រុមហ៊ុនផ្តល់សេវ៉ា ។
បើតាមរបាយការណ៍របស់លោក សុខ សួន ប្រធានមន្ទីររ៉ែ និងថាមពលខេត្ត បានឱ្យដឹងថា៖ បច្ចុប្បន្នទូទាំងខេត្តប៉ៃលិន មានបន្ទុកប្រើប្រាស់ ថាមពលសរុប ១២ MW (នាំចូលពីអគ្គិសនីកម្ពុជា ខេត្តបាត់ដំបង ចំនួន០៨ MW និងនាំចូលពីប្រទេសថៃចំនួន០៤ MW) មានក្រុមហ៊ុនចែកចាយថាមពលអគ្គិសនីឯកជនចំនួន ០២ ក្រុមហ៊ុន មានបណ្តាញអគ្គិសនីចូលដល់ភូមិ ចំនួន ៩០ភូមិ លើ ៩០ភូមិ ស្មើ ១០០ % គ្រួសារប្រជាពលរដ្ឋមានអគ្គិសនីប្រើប្រាស់ចំនួន ១៣,១១៨ គ្រួសារលើគ្រួសារសរុបចំនួន ១៧,៤០០ គ្រួសារ ស្មើនិង ៧៨ % ។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានយកវិស័យចំនួន ៣ ជាអាទិភាព គឺ ផ្លូវ ទឹក ភ្លើង ហើយចំពោះវិស័យថាមពលអគ្គិសនីនេះ គឺជាតម្រូវការចាំបាច់ ដែលមិនអាចខ្វះបាន នាពេលបច្ចុប្បន្ន ដូច្នេះសេវាករផ្គត់ផ្គង់អគ្គិសនីក្នុងខេត្តទាំងអស់ ត្រូវរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរអគ្គីសនីកម្ពុជា ក្នុងការចុះត្រួតពិនិត្យមើលបញ្ហាគីឡូភ្លើងឡើងខុសប្រក្រតី តាមខ្នងផ្ទះប្រជាពលរដ្ឋអោយបានច្បាស់លាស់ ថាតើបញ្ហាគីឡូឡើងខ្លាំងយ៉ាងនេះ តើមកពីបញ្ហាអ្វីអោយពិតប្រាកដ? ព្រោះប្រជាពលរដ្ឋផ្ទុះការតវ៉ាយ៉ាងខ្លាំងគ្រប់ទីកន្លែង ដែលបញ្ហានេះរដ្ឋបាលខេត្ត ត្រូវធ្វើការដោះស្រាយជាបន្ទាន់ ដើម្បីភាពកក់ក្តៅ និងមានជំនឿចិត្ត ពីសំណាក់បងប្អូនពុកម៉ែនៅតាមមូលដ្ឋាន ។
លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ក្នុងនាមរដ្ឋបាលខេត្ត និងជាអាណាព្យាបាលរបស់ប្រជាពលរដ្ឋ ចំពោះបញ្ហាគីឡូភ្លើងឡើងខ្លាំងនេះ លោកជំទាវមានការព្រួយបារម្ភណាស់ ព្រោះវាធ្វើអោយប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដូចនេះគ្រាន់តែទទួលបានព័ត៌មាននេះភ្លាម ជំទាវអភិបាលខេត្ត ក៍បានចាត់ឱ្យលោកអភិបាលរងខេត្តទទួលបន្ទុក សហការជាមួយមន្ត្រីជំនាញពាក់ព័ន្ធ និងក្រុមហ៊ុនអគ្គីសនី ចុះជួបប្រជាពលរដ្ឋនៅមូលដ្ឋានជាក់ស្តែង ដើម្បីរកដំណោះស្រាយជូនពួកគាត់បានទាន់ពេលវេលា ដោយមិនអនុញ្ញាតិអោយមានការគេងចំណេញពីសំណាក់ឈ្មួញ នាយទុន មកលើប្រជាពលរដ្ឋនោះឡើយ ។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ដែលមានបញ្ហាលើការប្រើប្រាស់អគ្គីសនី ដូចជា បញ្ហាដាច់ភ្លើងញឹកញាប់ កុងទ័រភ្លើងដើរលឿន ភ្លើងឡើងគីឡូ មានភាពមិនប្រក្រតី សូមបងប្អូនមកដាក់ពាក្យស្នើសុំ ឬរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ដើម្បីអោយមន្ត្រីជំនាញ សហការជាមួយក្រុមការងារអាជ្ញាធរអគ្គីសនីកម្ពុជា និងក្រុមហ៊ុនអគ្គីសនី ចុះមកត្រួតពិនិត្យជាក់ស្តែង បានទាន់ពេលវេលា ដោយមិនយកសេវ៉ាទេ ហើយប្រសិនបើមានកុងទ័រខូច ឌីសង់ទ័រខូច ដោយធម្មជាតិ (រន្ទះបាញ់ ដើរលឿន ដើរយឺត ឬគាំង) រាល់ការដោះដូរកុងទ័រថ្មីនេះ គឺមិនតម្រូវឲ្យប្រជាពលរដ្ឋ បង់ប្រាក់នោះដែរ ។
សូមបញ្ជាក់ថា៖ ក្រោមការដឹកនាំដោះស្រាយបញ្ហា ប្រកបដោយការឈ្លាសវៃ និងប៉ិនប្រសប់ របស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដូច្នេះវិវាទរវាង ប្រជាពលរដ្ឋ និងក្រុមហ៊ុនផ្គត់ផ្គង់អគ្គីសនី ចំពោះបញ្ហាបរិមាណការប្រើប្រាស់អគ្គីសនីមានការកើនឡើងខុសប្រក្រតី ត្រូវបានបញ្ចប់ដោយជោគជ័យ គឺគ្មានអ្នកឈ្នះ និងអ្នកចាញ់ គឺឈ្នះៗទាំងអស់គ្នា ហើយបងប្អូនប្រជាពលរដ្ឋ បានសម្តែងនូវអារម្មណ៍សប្បាយរីករាយ និងថ្លែងអំណរគុណដល់រដ្ឋបាលខេត្ត ដែលបានជួយដោះស្រាយទុក្ខលំបាករបស់ពួកគាត់បានយ៉ាងឆាប់រហ័ស ។
អត្ថបទ៖ លោក ញ៉ឹប បូរី