ខេត្តឧត្តរមានជ័យ ៖ លំនៅឋានប្រជាពលរដ្ឋមួយខ្លងដែលមានទំហំ៥ម៉ែត្រគុណនិង៧ម៉ែត្រ សាងសង់អំពីឈើដំបូលប្រកស័ង្គសី ជញ្ជាំបាំងក្តារ រួមទាំងទ្រព្យសម្បត្តិប្រើប្រាស់មួយចំនួនទៀត ត្រូវបានអគ្គិភ័យលេបត្របាក់ហ្មត់ ដែលហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃទី៦ ឧសភា ឆ្នាំ២០២៣ ស្ថិតនៅចំណុចជប់ត្រកួន ក្នុងភូមិអូរតាមេង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
ស្ត្រីម្នាក់ឈ្មោះយ៉ាន់ សាមិត្ត អាយុ៤៣ឆ្នាំ ជាម្ចាស់ផ្ទះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានចេញពីផ្ទះទៅលេងឯស្រុកកំណើតដោយទុកឲ្យប្តីនិងកូន២នាក់នៅចាំផ្ទះ ។ ខណៈនោះ ប្តីគាត់បានទៅស៊ីឈ្នួលដកដំឡូងមីឱ្យគេហើយយកកូនតូចទៅផ្ញើអ្នកភូមិជិតខាង បន្ទាប់មកស្រាប់តែផ្ទាំងសូឡាផ្ទុះឆ្លងចរន្តបង្កឱ្យចេញជាអណ្តាតភ្លើងឆាបឆេះហ្មត់ ។
ក្នុងនោះ មានម៉ូតូម៉ាកវ៉េវ១គ្រឿង កង់២គ្រឿង ស្រូវ៤ការ៉ុង និងសៀវភៅគ្រួសារ ត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ សំបុត្រកំណើត ប្លង់ដី និងមានសម្ភារប្រើប្រាស់ជាច្រើនទៀតផង ។
ទាក់ទិន ហេតុការណ៍គ្រោះអគ្គិភ័យឆាបឆេះលំនៅឋាននេះ គិតត្រឹមព្រឹកថ្ងៃទី៩ ឧសភា ឆ្នាំ២០២៣ លោកសេង សុង ជំទប់ទី១ឃុំអន្លង់វែងបានឲ្យកោះសន្តិភាពដឹងថា ក្រុមកាងារថ្នាក់ស្រុកក្នុងចំណោមនោះ មានព្រះសង្ឃ១អង្គព្រះនាមផាន ស៊ីណាន ព្រះគ្រូនិងព្រះចៅអធិការវត្តអន្លង់វែង បានចុះសាកសួរសុខទុក្ខម្ចាស់ផ្ទះរងគ្រោះដោយអគ្គិភ័យ និងបាននាំយកអំណោយ ដូចជាស័ង្កសី រួមទាំងសម្ភារប្រើប្រាស់ មានដូចជាគ្រឿងឧបភោគ បរិភោគជាច្រើនមុខទៀត សរុបទឹកប្រាក់១លានរៀល យកទៅជូនតែម្តង ។