ប៉ៃលិន៖ នៅស្នងការដ្ឋាននគរបាលខេត្ត រាត្រីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តម អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានអញ្ជើញជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយកងកម្លាំកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីលើកទឹកចិត្តដល់កងកម្លាំង បន្ទាប់ពីពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ បានបញ្ចប់ ។
ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ យើងពិតជាមានមោទកភាពណាស់ ចំពោះព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន គឺពោរពេញទៅដោយសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ហើយជាក់ស្តែងក្នុងឱកាសនេះ កម្ពុជាបានកំពុងធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមលើកទី៣២ ដែលកម្ពុជាយើង បានខកខានធ្វើជាម្ចាស់ផ្ទះអស់រយះពេល ៦៤ឆ្នាំមកហើយ និងបានធ្វើអោយប្រទេសទូទាំងសកលលោក មានការកោតស្ញប់ស្ញែងនូវព្រឹត្តិការណ៍ការបើកស៊ីហ្គេមនៅកម្ពុជា មានភាពទាញ និងការសម្តែងល្អជាងគេ ព្រមទាំងរៀបចំការស្នាក់នៅ ហូបចុក និងផ្សាយបន្តផ្ទាល់ពីបណ្តាប្រទេសនានា គឺឥតគិតថ្លៃទាំងអស់ ។
ឯកឧត្តមប្រធាន ក៍បានមានប្រសាសន៍កោតសសើរដល់សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានលះបង់កំលាំងកាយចិត្ត និងពេលវេលាជួបជុំក្រុមគ្រួសារ ក្នុងការការពារសុខសន្តិសុខសណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ កម្សាន្តសប្បាយរីករាយ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងទៅនេះ ដោយការយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់កងកម្លាំង ប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្រោមការដឹកនាំនិងយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដែលបានខិតខំអភិវឌ្ឍន៍ និងកែលម្អរសោភ័ណ្ឌខេត្តយ៉ាងស្រស់ស្អាត ក្រោមម្លប់សន្តិភាព ។
នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម អ៊ី ឈាន ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់កងកម្លាំងទាំង ៣ប្រភេទ គ្រប់លំដាប់ថ្នាក់ ត្រូវត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ ក្នុងការសហការជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា នាពេលខាងមុខនេះ ប្រព្រឹត្តិទៅប្រកបដោយភាពស្ងប់ស្ងាត់ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង សេរី ត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព ៕
អត្ថបទ៖ លោក ញ៉ឹប បូរី