ប៉ៃលិន៖ ដោយអនុវត្តតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី២៥ មេសា ឆ្នាំ២០២៣ រដ្ឋបាលខេត្តប៉ៃលិន ដែលមានលោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បានរៀបចំដាក់បញ្ចាំងស្លាយ ដើម្បីចាក់ផ្សាយបន្តផ្ទាល់ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍(ស៊ីហ្គេម) លើកទី៣២ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ ជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន បានទស្សនា បើទោះបីជាមិនបានទៅទស្សនាផ្ទាល់ ។
ដើម្បីបង្កើតនូវបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋ និងសាធារណជន ដែលស្រឡាញ់ និងគាំទ្រវិស័យកីឡា រដ្ឋបាលខេត្ត បានសហការជាមួយមន្ទីរព័ត៌មានខេត្ត និងមន្ទីរប្រៃសនីយ៍ និងទូរគមនាគមន៍ខេត្ត ធ្វើការរៀបចំការផ្សាយផ្ទាល់ ចំនួន ៤ទីតាំងក្នុងខេត្តប៉ៃលិន ដូចខាងក្រោម ៖ទី១-នៅបរិវេណវិមានឯករាជ្យ ស្ថិតក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន, ទី២-ផ្សារប៉ាងរលឹម ភូមិប៉ាងរលីម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ទី៣-តំបន់ផ្សារសាលាក្រៅ ស្ថិតក្នុងភូមិទួលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ និងទី៤-តំបន់ផ្សារព្រំ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ជាក់ស្តែងនៅរាត្រី ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ រដ្ឋបាលខេត្តប៉ៃលិន បានរៀបចំចាក់ស្លាយ ផ្សាយបន្តផ្ទាល់ចំនួន ៤ទីតាំង ក្នុងព្រឹត្តការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ លើវិញ្ញាសារ កីឡាបាល់ទាត់បុរស U22 កម្ពុជា ជំនួបជាមួយ U22 ហ្វីលីពីន ជូនដល់បងប្អូនប្រជាពលរដ្ឋទស្សនាកំសាន្តយ៉ាងសប្បាយរីករាយ ប្រកបដោយមោទនភាពជាតិ ដើម្បីបង្ហាញពីការគាំទ្រដល់កីឡាករកីឡាការនីកម្ពុជាយើង ក៍ដូចជាអបអរសាទប្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
កញ្ញា ជា លាងហេង ជាយុវតីម្នាក់រស់នៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន បានបង្ហាញអារម្មណ៍រំភើបសប្បាយរីករាយ នៅពេលដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ក្នុងនោះដែរកញ្ញាក៏បានថ្លែងអំណរគុណថ្នាក់ដឹកនាំ នៃរដ្ឋបាលខេត្តប៉ៃលិន ដែលបានរៀបចំឱ្យមានការផ្សាយនាពេលនេះ ហើយក៏សំនូមពរដល់ប្រជាពលរដ្ឋត្រូវរក្សាសណ្តាប់ធ្នាប់សង្គម ជាពិសេសត្រូវទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជាសវៀងការចោលពាលវាលពាលកាល ។
ចំណែកលោក ផល ឧត្តម ជាប្រជាពលរដ្ឋម្នាក់រស់នៅភូមិប៉ាហ៊ីជើង បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តប៉ៃលិន ដែលមានលោកជំទាវ បាន ស្រីមុំ ជាអភិបាលខេត្ត បានរៀចំបញ្ចាំងស្លាយ ផ្សាយបន្តផ្ទាល់នាពេលនេះ ថែមទាំងមានការឧបត្ភម្ភ ជាទឹកបរិសុទ្ធ និង ភេស្ជៈ ដោយឥតគិតថ្លៃ សម្រាប់ប្រជាពលរដ្ឋមកទស្សនាផងដែរ ។
សូមបញ្ជាក់ថា៖ ក្នុងការប្រកួតរវាងកម្ពុជា និងហ្វីលីពីន នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នៅម៉ោង ៧យប់ថ្ងៃទី២ឧសភានេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក កម្ពុជា បាននាំមុខហ្វីលីពីន នៅនាទី ២៦ ដោយកីឡាករ គី រីណា។ ប៉ុន្តែនៅម៉ោងបន្ថែម ក្នុងតង់ទី២ ហ្វីលីពីន រកបានមួយគ្រាប់វិញ ដោយកីឡាករ Carino នៅនាទី៩០+២។ យ៉ាងណាក៏ដោយ ឆ្លងកាត់ការប្រកួត ២លើកកន្លងមកនេះ កម្ពុជា ទទួលបាន ៤ពិន្ទុ ដោយនៅតែបន្តឈរលើកំពូលតារាង ក្នុងពូល A ក្រោយយកឈ្នះទីម័រខាងកើត ៤-០ កាលពីថ្ងៃទី២៩មេសា និងស្មើជាមួយហ្វីលីពីន នៅថ្ងៃទី២ឧសភានេះ។
អត្ថបទ៖ លោក ញ៉ឹប បូរី