វីរុសអូមីក្រុងប្រភេទថ្មីចម្លងលឿនជាងវីរុសមុនៗ តែបង្កជំងឺស្រាលជាងហើយអ្នកឆ្លងភាគច្រើនជាមនុស្សវ័យចាស់ៗដែលមានជំងឺជាប់ខ្លួនស្រាប់។
ក្រសួងសុខាភិបាលវៀតណាមកាលពីថ្ងៃសុក្រទី២៨មេសាបានប្រកាសថា ខ្លួនបានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីបង្កឡើងដោយវីរុសអូមីក្រុងថ្មីចំនួនជិត៣.០០០នាក់នៅ២៤ម៉ោងកន្លងទៅ ដោយកើនពីចំនួនឆ្លង៣០០នាក់កាលពីមួយថ្ងៃមុននិងជាចំនួនឆ្លងខ្ពស់បំផុតគិតចាប់តាំងពីដើមខែមេសាមក។
ទោះជាយ៉ាងណា ចំនួនអ្នកជំងឺដែលទាមទារឧបករណ៍ជំនួយដង្ហើមបានធ្លាក់ចុះមកនៅត្រឹម៨៥ករណី ដោយធ្លាក់ចុះអស់៣៨នាក់ធៀបនឹងមួយថ្ងៃមុន។
ការវិភាគសំណុំហ្សែនអ្នកជំងឺរវាងខែមីនានិងមេសាបង្ហាញថា ពួកគេបានឆ្លងវីរុសអូមីក្រុងXBB ដែលបង្ករោគសញ្ញាក្តៅខ្លួន ក្អកនិងឈឺសាច់ដុំ។
វេជ្ជបណ្ឌិត ង្វៀន ថាញ់ ហ្វុង(Nguyen Thanh Phong)ប្រធាននាយកដ្ឋានជំងឺឆ្លងនៅមន្ទីរពេទ្យក្រុងហូជីមិញ បាននិយាយថា វីរុសអូមីក្រុងប្រភេទថ្មីនេះមិនបង្កបញ្ហាធ្ងន់ធ្ងរដូចវីរុសDeltaកាលពីពីរឆ្នាំមុនទេ។ចំណែកវេជ្ជបណ្ឌិត ទ្រឿង ហ៊ូ ខាញ់(Truong Huu Khanh) អនុប្រធានសមាគមជំងឺឆ្លងក្រុងហូជីមិញ បាននិយាយថា ប្រព័ន្ធសុខាភិបាលក្រុងមិនជោរជន់ដោយអ្នកជំងឺកូវីដ១៩ទេនាពេលនេះដោយសារវាមិនបង្កជំងឺធ្ងន់ធ្ងរ ទោះជាចម្លងខ្លាំងជាង។
លោកខាញ់បាននិយាយថា «អូមីក្រុងថ្មីនេះឥឡូវចម្លងលឿនជាងមុន តែមិនកាចដូចវីរុសចាស់ទេ»។
ជុំវិញកូវីដ១៩នេះដែរ អាជ្ញាធរថៃបានរកឃើញស្ត្រីអាយុ៧០ឆ្នាំម្នាក់ស្លាប់នៅក្នុងផ្ទុះរបស់គាត់ក្នុងក្រុងបាងកកកាលពីថ្ងៃសុក្រ និងពិនិត្យទៅឃើញថាគាត់មានផ្ទុកវីរុសកូវីដ១៩។មនុស្សបួននាក់រស់នៅក្នុងផ្ទះនោះក៏ត្រូវបានពិនិត្យឃើញកូវីដ១៩ផងដែរ និងឥឡូវកំពុងដាក់នៅដាច់ពីគេនិងទទួលការព្យាបាលដោយដិតដល់។
កាលពីថ្ងៃសុក្រនេះដែរ ក្រសួងសុខាភិបាលថៃបានអំពាវនាវអោយមនុស្សវ័យចាស់នាំគ្នាទៅចាក់វ៉ាក់សាំង ឬចាក់ដូសជំរុញ ចំពេលការឆ្លងជំងឺកូវីដ១៩មានការកើនឡើង។
វេជ្ជបណ្ឌិត តារ៉េស ក្រាសសាណាយរ៉ាវីវ៉ុង(Tares Krassanairawiwung) អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងជំងឺ បាននិយាយថា ចំនួនឆ្លងកូវីដ១៩ត្រូវរំពឹងថានឹងកើនឡើងនៅពេលរដូវវស្សាចូលមកដល់ ដូច្នេះក្រុមជនងាយរងគ្រោះត្រូវបានណែនាំអោយទៅចាក់វ៉ាក់សាំងការពារ។
ការសិក្សាមួយចាប់ពីថ្ងៃ៣ដល់៩មេសា បង្ហាញថាថៃកំពុងវាយលុកដោយវីរុសអូមីក្រុងXBB.x និងកំពុងប្រយ័ត្នបំផុតចំពោះវីរុសអូមីក្រុងកូនកាត់XBB.1.16 ដែលចម្លងលឿន។
ក្នុងពេលជាមួយគ្នា នាយករដ្ឋមន្ត្រីថៃបានបញ្ជាទៅអាជ្ញាធរសុខាភិបាលនៅតាមទីតាំងទេសចរណ៍ធំៗតាមដានអោយដិតដល់អំពីករណីកូវីដ១៩នៅពេលមានសេចក្តីរាយការណ៍អំពីការឆ្លងបន្តកើនឡើង។លោកក៏បានសម្តែងការព្រួយបារម្ភសុខភាពសំរាប់ក្រុមមនុស្ស៦០៨ ដែលរួមមានមនុស្សវ័យចាស់ មនុស្សមានជំងឺប្រចាំកាយ ក្រុមគ្រូពេទ្យនិងបុគ្គលិកជួរមុខ។លោកបានអំពាវនាវមនុស្សក្នុងក្រុមនេះនាំគ្នាទៅចាក់វ៉ាក់សាំងដូសជំរុញ។
មន្ត្រីថៃបានអោយដឹងថា ចំនួនឆ្លងបានកើនជាងពីរដងក្រោយបុណ្យចូលឆ្នាំថ្មី ដោយសប្តាហ៍នេះរកឃើញអ្នកឆ្លងថ្មី១.០៨៨ ឬ១៥៥នាក់ក្នុងមួយថ្ងៃ ដោយកើន២,៥ដងលើសចំនួនឆ្លងកាលពីមួយសប្តាហ៍មុន៕