ប៉ៃលិន៖ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ លោកស្រី ប៊ុន ឡឺវីសេដា ប្រធានមូលនីធិសង្គ្រោះកុមារកម្ពុជា-អូស្រ្តាលី និងសប្បុរសជន បានអញ្ជើញពិនិត្យមើលសមិទ្ធផលនានារបស់មូលនីធិ និងសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាណាព្យាបាលសិស្ស នៅសាលាបឋមសិក្សាទំនប់ ហៅកាត់ថា SCCFA ប៉ៃលិន ស្ថិតក្នុងភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
លោកស្រី ប៊ុន ឡឺវីសេដា ស្ថាបនិកមូលនីធិសង្គ្រោះកុមារកម្ពុជា-អូស្រ្តាលី បានប្រសាសន៍អោយដឹងថា៖ រយៈពេលជាង១០ឆ្នាំមកនេះ មូលនិធិសង្គ្រោះកុមារកម្ពុជា-អូស្រ្តាលី បានឧបត្ថម្ភគាំទ្រជាបន្តបន្ទាប់ ទាំងដំណើរការបង្រៀន និងរៀន របស់លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស នៅសាលាបឋមសិក្សាទំនប់ហៅកាត់ថា SCCFA ប៉ៃលិននេះ ដែលជាតំបន់ដាច់ស្រយ៉ាល ដើម្បីចូលរួមលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ដែលជាការចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយស្របតាមយុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ។
លោកស្រី ក៍បានមានប្រសាសន៍សំណូពរដល់អាជ្ញាធរមូលដ្ឋាន សហគមន៍ លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស ត្រូវចូលរួមថែទាំសមិទ្ធផលនានានៅក្នុងសាលាឲ្យបានល្អ ដើម្បីប្រើប្រាស់ឲ្យបានយូរអង្វែង ជាពិសេស ត្រូវជំរុញកូនចៅឲ្យខិតខំសិក្សារៀនសូត្រ ពីព្រោះការសិក្សារៀនសូត្រ គឺមានសារៈសំខាន់ណាស់ក្នុងការផ្តល់ចំណេះដឹង ចំណេះធ្វើ សំរាប់ការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងប្រទេសជាតិឲ្យមានរីកចម្រើនទៅថ្ងៃអនាគត់ ។
ឆ្លៀតក្នុងឱកាសនោះ លោកស្រី ប៊ុន ឡឺវីសេដា ក៍បានមានប្រសាសន៍បំផុសឱ្យប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ចូលរួមថែរក្សាបរិស្ថាន និងស្រលាញ់បរិស្ថាន ដោយកាត់បន្ថយការប្រើប្រាស់សម្ភារៈដែលធ្វើពីផ្លាស្ទិច និងការបោះចោលពាសវាលពាសកាល ដែលធ្វើអោយប៉ះពាល់ដល់បរិស្ថានធម្មជាតិជាយូរអង្វែងទៅមុខ ។
អ្នកស្រី គង់ យូរ៉ាន់ ជាសប្បុរសជន ដែលតែងតែឧបត្ថម្ភគាំទ្រដល់មូលនីធិសង្គ្រោះកុមារកម្ពុជា-អូស្រ្តាលី បានសម្តែងនូវទឹកចិត្តសប្បាយរីករាយ ដោយបានឃើញនូវសមិទ្ធផលជាច្រើនរបស់មូលនីធិ ដែលបានផ្តល់ឱកាសដល់ក្មួយៗសិស្សានុសិស្សក្រីក្រ នៅតាមតំបន់ដាច់ស្រយ៉ាល បានសិក្សារៀនសូត្រ សម្រាប់ជាទំពាំងស្នងឫស្សីទៅថ្ងៃអនាគត់ ហើយលោកស្រី និងក្រុមគ្រួសារ នៅតែបន្តជួយបន្ថែមទៀត ដល់វិស័យអប់រំនៅកម្ពុជា តាមរយៈមូលនីធិសង្គ្រោះកុមារកម្ពុជា-អូស្រ្តាលី ។
នៅក្នុងឱកាសនោះផងដែរ លោកស្រី ប៊ុន ឡឺវីសេដា និងសប្បុរសជន ក៍បានឧបត្ថម្ភថវិកា អាហារ១កញ្ចប់ និងដបទឹក ដល់សិស្សានុសិស្ស សម្រាប់ដាក់ទឹកស្អាតបរិភោគ ពេលមកសាលារៀន ដើម្បីជាសវៀងការប្រើប្រាស់ថង់ផ្លាស្ទិច និងដបផ្លាស្ទិច ដែលអាចបង្កជាផលប៉ះពាល់ដល់បរិស្ថាននាពេលអនាគត ។
អត្ថបទ៖ លោក ញ៉ឹប បូរី