សេចក្តីប្រកាសព័ត៍មាន
រដ្ឋបាលខេត្តប៉ៃលិន មានកិត្តិយស សូមជម្រាបជូន សាធារណជន អ្នកសារព័ត៌មាន និងបណ្តាញទំនាក់ទំនងសង្គមទាំងអស់ជ្រាបថា៖ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ទំព័រហ្វេសប៊ុករបស់អង្គភាពសារព័ត៌មាន ជីវិត និងកីឡា Lives បានចុះផ្សាយថា “នៅខេត្តប៉ៃលិន ហេតុអ្វីរាស្ត្រសុំច្បាប់សាងសង់មិនបាន ខណៈដែលមន្ត្រីធំៗ អាចសាងសង់បានដោយគ្មានច្បាប់?” ដែលជាការផ្សព្វផ្សាយព័ត៌មានមិនមានមូលដ្ឋានច្បាស់លាស់ ធ្វើឱ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់នាំខេត្តប៉ៃលិន ។
ពាក់ព័ន្ធនឹងការផ្សាយព័ត៌មាននេះ រដ្ឋបាលខេត្តប៉ៃលិន សូមធ្វើការបដិសេធទាំងស្រុងអំពីខ្លឹមសារ ព្រោះថារដ្ឋបាលខេត្ត កំពុងធ្វើការងារនេះជាមួយមន្ទីរ អង្គភាពជំនាញ មេធាវីប្រចាំរដ្ឋបាលខេត្តតាមនីតិវិធីច្បាប់។ កន្លងមករដ្ឋបាលខេត្តធ្លាប់បានទទួលលិខិតស្នើសុំពីសាមីខ្លួន (លោក ភួង សាវុធនិងលោកស្រី ជឹង យូគៀន) ពិតប្រាកដមែន ប៉ុន្តែនៅពេលរដ្ឋបាលខេត្ត ចាត់ឱ្យមន្រ្តីសហការជាមួយមន្ទីរជំនាញ និងរដ្ឋបាលស្រុក ធ្វើការចុះពិនិត្យជាក់ស្តែងដល់ទីតាំង ឃើញថា៖
– ម្ចាស់សំណង់ធ្វើការសាងសង់សំណង់ នៅមុនពេល ដែលរដ្ឋបាលខេត្ត មិនទាន់ចេញលិខិតអនុញ្ញាតឱ្យសាងសង់
– ម្ចាស់កាន់កាប់ដី (លោក ភួង សាវុធ និងលោកស្រី ជឹង យូគៀន) បានជួលដីទៅឱ្យភាគីអ្នកជួល (លោក រឿន បុរី) តម្រូវឱ្យភាគីអ្នកជួល ជាអ្នកស្នើសុំលិខិតអនុញ្ញាតសាងសង់(មូលហេតុម្ចាស់កាន់កាប់ដីមិនព្រមទទួលស្គាល់លើពាក្យស្នើសុំលិខិតអនុញ្ញាតសាងសង់)
– អ្នកសាងសង់គ្មានអាជ្ញាបណ្ណ ឬវិញ្ញាបនបត្របញ្ជាក់ការអនុញ្ញាតឱ្យប្រកបអាជីវកម្មផ្តល់ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
– ស្ថានភាពដី និងលក្ខណៈកាន់កាប់ដី សាងសង់នៅលើបីក្បាលដីលេខ AI1255, AI01257,AI1258 មិនបានយកមកបង្រួមក្បាលដីតែមួយប្លង់ ។ ក្បាលដីទាំងបីជាប្រភេទដីកសិកម្មតម្រូវឱ្យប្តូរប្រភេទដីពីដីកសិកម្ម មកជាប្រភេទដីសាងសង់ជាមុនសិន ។
រដ្ឋបាលខេត្តប៉ៃលិន សង្ឃឹមថា៖ សាធារណជន អ្នកសារព័ត៌មាន ជាពិសេសអង្គភាពសារព័ត៌មាន ជីវិត និងកីឡា Lives និងបណ្តាញទំនាក់ទំនងសង្គមទាំងអស់ ជ្រាបជាព័ត៌មាន៕
ថ្ងៃសុក្រ ៩កើត ខែពិសាខ ឆ្នាំថោះ បញ្ហាស័ក ព.ស. ២៥៦៦
ប៉ៃលិន ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣
អ្នកនាំពាក្យរដ្ឋបាលខេត្ត