ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានស្នើសុំឲ្យចូលរួមរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងត្រូវចូលរួមទប់ស្កាត់អតិផណាឲ្យបាន។ ការថ្លែងនេះរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយគណៈចលនាសាសនិកអ៊ិស្លាមគ្រប់ថ្នាក់របស់គណបក្សប្រជាជនកម្ពុជា សរុបប្រមាណ ៣.៥៤០នាក់ ដែលធ្វើឡើងនៅវិមាន ៧មករា ស្នាក់ការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា កាលពីព្រឹកថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៣។
សម្ដេចតេជោ មានប្រសាសន៍ថា «គ្រប់ស្ថាប័នទាំងអស់ត្រូវចេះសន្សំសំចៃក្នុងការចំណាយផ្សេងៗ និងត្រូវចូលរួមលុបបំបាត់ការរកស៊ីគេចពន្ធ ព្រមទាំងត្រូវខិតខំរកចំណូលសម្រាប់ជាតិឲ្យបានច្រើន»។ ជាមួយគ្នានេះ សម្តេចតេជោ លើកឡើងថា កម្ពុជានឹងក្លាយអធិរាជស្វាយចន្ទីនាពេលខាងមុខ ហើយរាជរដ្ឋាភិបាលកំពុងជំរុញក្នុងការនាំចេញស្វាយចន្ទីឲ្យបានច្រើននាពេលខាងមុខផងដែរ។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានថ្លែងពីការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជាក្រោយវិបត្តិកូវីដ-១៩ ក្នុងនោះទាំងវិស័យទេសចរណ៍ សេវាកម្ម ជាដើមចាប់ផ្តើមងើបឡើងវិញហើយ ។ ទន្ទឹមនឹងនេះសម្តេចតេជោ នៅតែបន្តអំពាវនាវឲ្យចូលរួមថែរក្សាសន្តិភាពឲ្យបានគង់វង់ បន្តទៀត មានសន្តិភាព ទើបមានការអភិវឌ្ឍ៕