ប្រស៊ីល៖ ប្រធានាធិបតីប្រេស៊ីល លោកល្វីសអ៊ីណាស្យូ លូឡាដាស៊ីលវ៉ា (Luiz Inacio Lula da Silva) នៅថ្ងៃអង្គារម្សិលមិញនេះ បានបញ្ចេញមតិរិះគន់ចំពោះសកម្មភាពឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែនថាជា “សង្រ្គាមផ្លូវចិត្តកម្រិតធ្ងន់” (មានន័យស្មើនឹង សង្គ្រាមឡប់ឡែ ឬសង្គ្រាមវិកលចរិត) ដោយលោកបានបន្ថែមថា ប៉ុន្តែគ្មាននរណាម្នាក់ ចរចារកសន្តិភាពទាល់តែសោះ ។ អំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអេស្ប៉ាញ លោក លូឡា (Lula) មានប្រសាសន៍ថា ប្រទេសរបស់លោកបានប្តេជ្ញាចិត្តក្រោមគោលបំណងស្វែងរករូបមន្តសន្តិភាពដើម្បីបញ្ចប់ជម្លោះរវាងប្រទេសទាំងពីរ។ បន្ថែមពីនេះ លោកបានលើកឡើងនៅក្នុងសន្ទរកថាកំឡុងសន្និសីទធុរកិច្ចមួយថា “ខ្ញុំយល់ពីទស្សនៈវិស័យរបស់សហភាពអឺរ៉ុបជុំវិញបញ្ហាសង្រ្គាមនេះ ពីព្រោះថា វាមិនអាចទទួលយកបានទេដែលប្រទេសមួយបញ្ចេញសកម្មភាពទៅឈ្លានពានប្រទេសមួយទៀត ប៉ុន្តែវាជាសង្រ្គាមដែលខ្ញុំមិនបានរកឃើញថានរណាម្នាក់ចេញមុខមកនិយាយអំពីសន្តិភាពសោះឡើយ” ៕