អង្គការសុខភាពពិភពលោក (WHO) បានចេញការព្រមានថា ថ្នាំទឹកស៊ីរ៉ូប៍ក្អក Guaifenesin TG ផលិតដោយប្រទេសឥណ្ឌា ដែលមានផ្ទុកសារធាតុគ្រោះថ្នាក់ ត្រូវបានរកឃើញនៅកោះ Marshall និងប្រទេសមីក្រូណេស៊ី។ នេះបើយោងតាមការចុះផ្សាយរបស់ BBC។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក Sudhir Pathak នាយកគ្រប់គ្រងក្រុមហ៊ុន QP Pharmachem បានប្រាប់ BBC ថា ក្រុមហ៊ុនបាននាំចេញស៊ីរ៉ូប៍ក្អកនេះចំនួន ១៨ ៣៤៦ ដបមកប្រទេសកម្ពុជា បន្ទាប់ពីទទួលបានការអនុញ្ញាតតាមច្បាប់ ។
ទោះបីជាយ៉ាងណាក៏ដោយ គាត់និយាយថា គាត់មិនដឹងថាតើផលិតផលទាំងនេះ បានទៅដល់កោះ Marshall និងប្រទេសមីក្រូណេស៊ី យ៉ាងដូចម្តេចនោះទេ ប៉ុន្តែចំពោះកម្ពុជាវិញ ក្រុមហ៊ុនរបស់គាត់ បានជូនដំណឹងផ្លូវច្បាប់ដល់ក្រុមហ៊ុនដែលនាំចេញឱសថនេះរួចហើយ ។
WHO និយាយថា សំណាកយកពីថ្នាំស៊ីរ៉ូប៍ Guaifenesin TG ដែលផលិតដោយក្រុមហ៊ុន QP Pharmachem Ltd មានមូលដ្ឋាននៅរដ្ឋ Punjab បានបង្ហាញពីសារធាតុ diethylene glycol និង ethylene glycol ក្នុងបរិមាណមិនអាចទទួលយកបាន ដោយសារតែសមាសធាតុទាំងពីរនេះ មានជាតិពុលដល់មនុស្ស ហើយអាចបណ្តាលឲ្យស្លាប់បាន ប្រសិនបើទទួលទាន ។
ទោះបីជាយ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍របស់ WHO មិនបានបញ្ជាក់ទេថា តើមាននរណាម្នាក់ធ្លាក់ខ្លួនឈឺ ឬស្លាប់ឬក៏អត់ នៅក្នុងទីតាំងទាំង ២ ខាងលើ ។
គួរបញ្ជាក់ថា ការជូនដំណឹងចុងក្រោយបំផុតនេះ កើតឡើងត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពី WHO អះអាងថា ថ្នាំស៊ីរ៉ូប៍ក្អកផ្សេងទៀតដែលផលិតនៅប្រទេសឥណ្ឌា គឺជាប់ទាក់ទងទៅនឹងការស្លាប់របស់កុមារក្នុងប្រទេសហ្គាំប៊ី និងអ៊ូសបេគីស្ថាន៕