ប៉ៃលិន៖ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញសំណេះសំណាល និងចូលរួមពិធីស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា ខេត្តប៉ៃលិន នៅព្រះវិហារហាយ៉ាទុលឥស្លាម ស្ថិតក្នុងភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយមានការចូលរួមពីពីសំណាក់ ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត លោកអភិបាលក្រុង/ស្រុក លោក លោកស្រីប្រធានមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត និងសាសនិកឥស្លាមចូលរួមជិត ៤០០នាក់ ។
លោក អះម៉ាត់ កាស៊ីម ប្រធានគណៈកម្មាធិការសាសនិកខ្មែរឥស្លាមខេត្តប៉ៃលិន បានធ្វើរបាយការណ៍ថា៖ បច្ចុប្បន្ននៅខេត្តប៉ៃលិន មានសាសនិកឥស្លាម សរុបចំនួន ៣៧១គ្រួសារ គិតជាមនុស្សរាយមានចំនួនសរុប ១១២១នាក់ ស្រី៥៧៥នាក់ ក្នុងនោះក្រុងប៉ៃលិន មានគ្រួសារចំនួន ៣៤១គ្រួសារ មនុស្សរាយចំនួន ១០៣២នាក់ ស្រី ៥២៣នាក់ និងស្រុកសាលាក្រៅ មានចំនួន ៣០គ្រួសារ មនុស្សរាយចំនួន ៨៩នាក់ ស្រី ៥២នាក់ ។
ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានអបអរសាទរ ចំពោះការជួបសំណេះសំណាល និងពិសារអាហារស្រាយ បួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជាខេត្តប៉ៃលិន ក្នុងគោលបំណងបង្កើនភាពជិតសិ្នទ្ធជាមួយព្រះជាម្ចាស់ និងមនុស្សជាទីស្រលាញ់ក្នុងសកម្មភាពសប្បុរសធម៌ ព្រមទាំងសម្តែងនូវការកោតសរសើរគណៈអ៊ីមុំាខេត្ត ក្រុង ស្រុក គណៈអ៊ីមុំាម៉ាស្ជិទ គ្រូបង្រៀនឥស្លាម និងបងប្អូនសាសនិកឥស្លាមទូទាំងខេត្ត ដែលតែងតែចូលរួមជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្នុងការថែរក្សាបាននូវសុខសន្តិភាព សុខដុមនីយកម្មជាតិសាសន៍ក្នុងមូលដ្ឋាន ជាពិសេសចូលរួមអភិវឌ្ឍខេត្ត ឱ្យមានការរីកចម្រើន ហើយថ្មីៗនេះក្រុងប៉ៃលិន ទើបតែទទួលបានជ័យលាភីទីក្រុងស្អាត ផ្ការំដួល ២ទង ផងដែរ ។
ឯកឧត្តមប្រធានក្រុមការងារ បានមានប្រសាសន៍លើកឡើងថា៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់សិទ្ធិពេញលេញក្នុងការគោរពប្រតិបត្តិជំនឿសាសនាដោយគ្មានការរើសអើង ជាក់ស្តែងបើកទូលាយ ឱ្យបងប្អូនខ្មែរឥស្លាម តាមរយៈការអនុញ្ញាតឱ្យសិស្ស និស្សិតឥស្លាមស្លៀកសំលៀកបំពាក់ប្រពៃណីនៅតាមគ្រឹះស្ថានសិក្សាគ្រប់កម្រិត និងការរៀបចំកន្លែងថ្វាយបង្គំនៅតាមទីសាធារណៈជាដើម ក្នុងនោះផងដែរ សម្តេចនាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានផ្តល់តួនាទីជាន់ខ្ពស់ដល់ថ្នាក់ដឹកនាំសហគមន៍ខ្មែរឥស្លាមជាច្រើនរូបនៅតាមក្រសួង-ស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។
ឯកឧត្តម អ៊ី ឈាន បានមានប្រសាសន៍បញ្ជាក់ថា៖ បច្ចុប្បន្នរដ្ឋបាលខេត្តប៉ៃលិន ដែលមានលោកជំទាវ បាន ស្រីមុំ ជាអភិបាលខេត្ត បានលើកកម្ពស់សេរីភាពជំនឿសាសនា នៃសុខដុមនីយកម្មជំនឿសាសនា ដែលជាកត្តាដ៏សំខាន់ និងចាំបាច់មិនអាចខ្វះបានសម្រាប់គ្រប់ការអភិវឌ្ឍ និងវិបុលភាពសេដ្ឋកិច្ចសង្គមនៅក្នុងខេត្ត ព្រមទាំងបានជំរុញដល់គណៈអ៊ីមាំខេត្ត ត្រូវពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាតិ-អន្តរជាតិ កៀរគរទាំងជំនួយបច្ចេកទេស និងហិរញ្ញវត្ថុសំដៅដល់ការលើកកម្ពស់ជីវភាពសហគមន៍ខ្មែរឥស្លាម តាមរយៈការអភិវឌ្ឍធនធានមនុស្ស សម្រាប់ការទទួល និងការផ្ទេរបច្ចេកវិទ្យា និងនវានុវត្តន៍ដល់សហគមន៍ខ្មែរឥស្លាមនៅក្នុងខេត្តប៉ៃលិន កាន់តែរីកចម្រើនបន្ថែមទៀត ៕
សូមបញ្ជាក់ថា៖ នៅក្នុងឱកាសសំណេះសំណាលនោះផងដែរ ឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ បានឧបត្ថម្ភដល់បងប្អូនសាសនិកខ្មែរឥស្លាមខេត្តប៉ៃលិន ចំនួន ៣៧១គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ក ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួ ទឹកបរិសុទ្ធ ១កេស ដំណាប់ផ្លែល្មើ ១ដុំ និងថវិកា ៥ម៉ឺនរៀល ព្រមទាំងឧបត្ថម្ភដល់គណៈកម្មាធិការសាសនិកខ្មែរឥស្លាមខេត្ត ចំនួន ៣លានរៀល ។
អត្ថបទ៖ លោក ញ៉ឹប បូរី