ភ្នំពេញ៖ អំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ៣ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស បានធ្វើឱ្យមនុស្ស១៨នាក់ស្លាប់ និងរបួសធ្ងន់ស្រាលជាង៧០នាក់ ។
របាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា បីថ្ងៃចូលឆ្នាំថ្មី គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងជាង៤០លើក ដោយថ្ងៃចូលឆ្នាំថ្ងៃទីមួយ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ៦លើក បណ្ដាលឲ្យមនុស្សស្លាប់ ចំនួន២នាក់ និងរបួសធ្ងន់-ស្រាល ចំនួន១២នាក់ មូលហេតុមកពីបើកបរ ក្នុងល្បឿនលឿន មិនគោរពសិទ្ធិ និងមិនប្រកាន់ស្តាំ ។
របាយការណ៍ បានឱ្យដឹងទៀតថា នៅថ្ងៃចូលឆ្នាំថ្ងៃទី០២ គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង ចំនួន២០លើក បណ្ដាលឲ្យមានមនុស្សស្លាប់ ចំនួន៧នាក់ បើធៀបនឹងឆ្នាំមុន ថយចុះ៩នាក់ និងមាន មនុស្សរបួសធ្ងន់-ស្រាល ចំនួនរហូតដល់៤៨នាក់ ។ មូលហេតុ បើកបរក្នុងល្បឿនលឿន មិនគោ រពសិទ្ធិ មិនប្រកាន់ស្តាំ ប្រជែងគ្រោះថ្នាក់ បត់គ្រោះថ្នាក់ និងស្រវឹង ។
ប្រភពដដែល បានបន្ថែមថា ចំណែកនៅថ្ងៃចូលឆ្នាំថ្ងៃទីបី មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំនួន១៧លើក បណ្តាលឲ្យមនុស្សស្លាប់ ចំនួន៩នាក់ និងរងរបួសធ្ងន់-ស្រាល ចំនួន១៧នាក់ មូលហេតុ បើកបរក្នុងល្បឿនលឿន មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ ប្រជែងគ្រោះថ្នាក់ ស្រវឹង និងកត្តាអាកាសធាតុ ។
ពាក់ព័ន្ធនឹងបញ្ហាចរាចរណ៍នេះ អាជ្ញាធរនៅគ្រប់រាជធានីខេត្ត បានពង្រាយកម្លាំង ជួយសម្រួល ចរាចរណ៍ជូនប្រជាពលរដ្ឋ នៅពេលធ្វើដំណើរ ឬនៅតំបន់រមណីយដ្ឋាននានា ក៏ដូចជាបានផ្សព្វផ្សាយ និងមានសារអប់រំ ដើម្បីឲ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ៕