ភ្នំពេញ៖ កញ្ឆែត ជារុក្ខជាតិ ដែលត្រូវបានគេប្រើប្រាស់ ជាទូទៅ សម្រាប់ធ្វើជាបន្លែ សម្រាប់បរិភោគ ហើយរុក្ខជាតិដុះក្នុងទឹកមួយបែបនេះ នៅត្រូវបានគេប្រើ សម្រាប់អាចព្យាបាលរោគជំងឺមួយចំនួន ដូចជា រលាកថ្លើម ទៀតផង។
យោងតាមទំព័រហ្វេសប៊ុក របស់ក្រសួងបរិស្ថាន បានឱ្យដឹងថា៖ កញ្ឆែត ជារុក្ខជាតិ ដុះដោយឯកឯង ឬត្រូវបានគេដាំ នៅតាមទីជនបទ ស្រុកស្រែចម្ការ តាមស្រះ ត្រពាំង ប្រឡាយ ព្រែក ។ល។ និងមានដុះនៅគ្រប់ប្រទេស ដែលមានអាកាសធាតុក្ដៅ។ ជារុក្ខជាតិដុះ នៅលើទឹក មានតួដើម ប្រវែង ១–១,៥ ម. ។ ចុងដើម ងើបឡើងពីផ្ទៃទឹក។ តាមថ្នាំង តួដើមមានឫសចាក់ ទៅក្នុងទឹក។
ប្រភពខាងលើនេះ បានបញ្ជាក់បន្ថែមថា៖ ស្លឹក និងផ្កា លេចចេញពីទឹក មានស្នោ្ ពណ៌ស រុំព័ទ្ធដើម។ ស្លឹករួមស្និត ស្និតមាន ២–៣គូ។ កញ្ចុំផ្កាជាដុំមូល (capitate) មាន ៣០–៥០ ផ្កា នៅផ្នែកក្រោមកញ្ចុំផ្កា មានតែផ្កាគ្មានភេទ។ ផ្កាទ្វេភេទ មាននៅ ផ្នែកលើ ហើយផ្កានីមួយៗ មានត្របកផ្កា ៥ ជាប់គ្នា មានស្រទាប់ផ្កា៥ កេសរឈ្មោល ១០ និងកេសរញី១ ផ្កាមានទង។ ផ្លែជាគ្លូស្ស សំប៉ែត មានទងគ្រាប់មាន ៤–៨ រាងពងក្រពើ សំប៉ែត ។
លក្ខណៈជីវសាស្ត្រ ពីថ្នាំងមួយទៅថ្នាំងមួយ ជាលិកានៃសម្បកតួដើម អាចសម្រួលការដឹកជញ្ជូនអាសូត (Nitrogen) ទៅផ្នែកទាំងអស់នៃដើម។ រុក្ខជាតិនេះ លូតលាស់រហ័ស ដុះលុកលុយ លើរុក្ខជាតិឯទៀត កាត់បន្ថយ គុណភាពទឹក បាំងពន្លឺថ្ងៃ និងកាត់បន្ថយបរិមាណ អុកស៊ីហ្សែនក្នុងទឹក។
សម្រាប់ការប្រើប្រាស់ជាបន្លែ និង ឱសថ ដូចជា៖
១) ជាបន្លែ៖ ដើមខ្ចីៗ សម្រាប់យកទៅធ្វើជាបន្លែ និងអន្លក់ ។
២) ជាឱសថ៖ ស្លឹកមានលក្ខណសម្បត្តិជាឱសថមួយ ក្នុងការព្យាបាលជំងឺ រលាកថ្លើម (hepatitis)។ រុក្ខជាតិនេះ មានជាតិកាល់ស្យូម(calcium) ច្រើន ដូច្នេះដើមកញ្ឆែត អាចជាអាហារមួយដ៏មានតម្លៃ៕