វេជ្ជបណ្ឌិតកំពុងព្រមានអំពីនិន្នាការថ្មីនៅលើអ៊ីនធឺណិតអំពីគ្រោះថ្នាក់ ដោយឃើញមនុស្សលាបក្រែមបបូរមាត់លើត្របកភ្នែករបស់ពួកគេ ដែលមានហានិភ័យជាច្រើនដល់សុខភាពភ្នែក ក៏ដូចជាសមត្ថភាពក្នុងការមើលឃើញ ។
ក្រែមរលោងលាបបបូរមាត់មានផ្ទុកសារធាតុ menthol ដែលជាធាតុផ្សំដែលមាននៅក្នុងទឹកខ្ពុរមាត់ ថ្នាំដុសធ្មេញ នៅពេលអ្នកលាបសារធាតុនេះទៅលើស្បែករបស់អ្នក នឹងមានអារម្មណ៍ត្រជាក់ នៅកន្លែងដែលលាប ។ ទោះជាយ៉ាងណាក៏ដោយ វេជ្ជបណ្ឌិត Patrick Harkins បាននិយាយថាសារធាតុ menthol មិនមានសុវត្ថិភាពក្នុងការប្រើលើស្បែកត្របកភ្នែកនោះទេ សារធាតុផ្សំនេះនឹងធ្វើឱ្យស្បែកនៅតំបន់ភ្នែកឆ្លងមេរោគ។
វេជ្ជបណ្ឌិត Patrick Harkins បានកត់សម្គាល់បន្ថែមទៀតថា“នៅពេលដែលប៉ះភ្នែក សារធាតុ menthol អាចបណ្តាលឱ្យរលាក និងនាំឱ្យភ្នែកក្រហម ខណៈពេលដែលវាអាចព្យាបាលបាន ប៉ុន្តែក៏មានស្ថានភាពខ្លះមានការពិបាកក្នុងព្យាបាលផងដែរ ។” វេជ្ជបណ្ឌិតបន្តទៀតថា”ការប្រើក្រែមលាបបបូរមាត់ដែលធ្លាប់ប្រើលើបបូរមាត់អ្នកដ៏ទៃអាចចម្លងមេរោគបាន។ លើសពីនេះទៅទៀត ប្រសិនបើមានការរលាក វាអាចនាំឱ្យបាត់បង់សមត្ថភាពក្នុងការមើលឃើញ និងបញ្ហាធ្ងន់ធ្ងរផ្សេងទៀត”។
យ៉ាងណាមិញ ក្រៅពីនេះការប្រើក្រែមលាបមាត់នៅតំបន់ភ្នែកក៏នាំឲ្យឆ្លងមេរោគដែរ ជាពិសេសនៅពេលក្រែមលាបមាត់នេះត្រូវបានគេប្រើលើផ្នែកផ្សេងទៀតនៃរាងកាយ ៕