អង្គការសុខភាពពិភពលោក (WHO) ប្រកាសថា ស្ត្រីជនជាតិចិនម្នាក់ បានក្លាយជាមនុស្សដំបូងគេ ដែលបាត់បង់ជីវិត ដោយសារជំងឺផ្តាសាយបក្សីមួយប្រភេទ ដែលកម្រកើតមានចំពោះមនុស្ស ប៉ុន្តែជំងឺនេះហាក់ដូចជាមិនរីករាលដាលរវាងមនុស្សនិងមនុស្សទេ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃអង្គារទី១១ខែមេសា WHO និយាយថា ស្ត្រីអាយុ៥៦ឆ្នាំមកពីខេត្ត ក្វាងទុង ភាគខាងត្បូង គឺជាមនុស្សទីបីហើយ ដែលត្រូវបានគេដឹងថា ឆ្លងមេរោគផ្តាសាយបក្សីប្រភេទ H3N8។
ករណីទាំងអស់គឺស្ថិតនៅក្នុងប្រទេសចិន ប៉ុន្តែករណីពីរដំបូង គឺត្រូវបានរាយការណ៍កាលពីឆ្នាំមុន។
មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺខេត្តក្វាងទុង បានរាយការណ៍ពីការឆ្លងករណីទី៣ កាលពីចុងខែមុន ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតអំពីការស្លាប់របស់ស្ត្រីនោះទេ។
ទោះបីជាយ៉ាងណាក៏ដោយ WHO និយាយថា អ្នកជំងឺគឺឈឺច្រើនមុខ ហើយមានប្រវត្តិប៉ះពាល់ជាមួយសត្វបក្សីរស់។ WHO ថែមទាំងអះអាងថា មិនមានករណីផ្សេងទៀត ត្រូវបានរកឃើញក្នុងចំណោមមនុស្ស ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយស្ត្រី ឆ្លងមេរោគនោះទេ។
គួរបញ្ជាក់ថា ថ្វីត្បិតតែជំងឺនេះកម្រឆ្លងទៅមនុស្សក៏ដោយ ប៉ុន្តែ H3N8 កើតមានជាទូទៅចំពោះសត្វស្លាប ហើយវាក៏ឆ្លងដល់ថនិកសត្វដទៃទៀតដែរ៕