រាជធានីភ្នំពេញ ៖ ផ្កាកេសរកូល មិនត្រឹមតែមានសម្រស់ស្រស់ស្អាត និងគួរឱ្យចង់គយគន់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព និងសុខុមាលភាពរបស់មនុស្សផងដែរ។ ខាងក្រោមនេះ ជាអត្ថប្រយោជន៍ចំនួន៥ ដែលទទួលបានពីការដាំផ្កាកេសរកូលនៅក្នុងផ្ទះ ឬកន្លែងធ្វើការ ៖
១- ពង្រឹងគុណភាពខ្យល់ ៖ រុក្ខជាតិមានតួនាទីស្រូបយកកាបូនឌីអុកស៊ីតពីបរិយាកាសជុំវិញវា ហើយបញ្ចេញអុកស៊ីហ្សែនត្រឡប់ទៅក្នុងខ្យល់វិញ។ ខណៈមនុស្សស្រូបយកអុកស៊ីហ្សែន និងបញ្ចេញកាបូនឌីអុកស៊ីតវិញ ម្ល៉ោះហើយរុក្ខជាតិ និងមនុស្សផ្ដល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមកយ៉ាងល្អឥតខ្ចោះតែម្តង។ ហើយការដាំផ្កាកេសរកូលនៅផ្ទះ ឬក៏នៅកន្លែងធ្វើការ នឹងជួយឱ្យការដកដង្ហើមរបស់មនុស្សយើងកាន់តែមានភាពស្រស់ស្រាយ និងបរិសុទ្ធ ព្រមទាំងជួយឱ្យអ្នកគេងលក់ស្រួលទៀតផង។
២- កាត់បន្ថយភាពតានតឹង ៖ ការដាំផ្កាកេសរកូល នៅកន្លែងធ្វើការ ឬនៅក្នុងផ្ទះ ក៏អាចជួយឱ្យយើងបន្ធូរភាពតានតឹងបានច្រើន ដោយផ្ដល់នូវអារម្មណ៍ស្រស់ស្រាយ ថែមទាំងឱ្យយើងមានអារម្មណ៍ស្ងប់ទៀតផង។ ក្រៅពីការជួយឱ្យមានអារម្មណ៍ល្អ វាក៏អាចកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈា.មបេះដូង (cardiovascular disease) និងបញ្ហាជំងឺរ៉ាំរ៉ៃជាច្រើនទៀតផងដែរ។
៣- កាត់បន្ថយជំងឺកើតមានតាមរដូវ ៖ រុក្ខជាតិផ្កាកេសរកូលនេះ ជួយបង្កើនសំណើមនៅក្នុងបរិយាកាសជុំវិញវា ដែលអាចជួយឱ្យយើងចៀសផុតពីជំងឺដែលកើតមានតាមរដូវដូចជា ជំងឺឈឺ.ក ជំងឺក្អក និងបញ្ហាស្បែកស្ងួតជាដើម។ ខណៈការស្រាវជ្រាវមួយចំនួនបង្ហាញថា កម្រិតសំណើមខ្ពស់អាចកាត់បន្ថយលទ្ធភាពនៃការកើតមានជំងឺផ្តាសាយ ដូច្នេះការដាំផ្កាកេសរកូលនៅក្បែរខ្លួន គឺអាចការពារអ្នកពីជំងឺផ្តាសាយ និងជំងឺដែលកើតមានដោយការប្រែប្រួលរដូវបានយ៉ាងមានប្រសិទ្ធភាព។
៤- ជួយឱ្យអ្នកជំងឺឆាប់ជាសះស្បើយ ៖ នេះមិនមែនជារឿងចៃដន្យទេ ដែលលោកអ្នកឧស្សាហ៍ឃើញរុក្ខជាតិបៃតងនៅក្នុងមន្ទីរពេទ្យ ព្រោះវត្តមានរបស់វាជួយកាត់បន្ថយភាពតានតឹង ពង្រឹងគុណភាពខ្យល់ និងបង្កើនសំណើមក្នុងបន្ទប់អ្នកជំងឺ។ អត្ថប្រយោជន៍ទាំងនេះ អាចជួយកាត់បន្ថយពេលវេលាអ្នកជំងឺត្រូវសម្រាកនៅមន្ទីរពេទ្យ ។ ជាមួយគ្នានេះ ការតុបតែផ្កាកេសរកូលក្នុងបន្ទប់មន្ទីរពេទ្យដែលពោរពេញទៅដោយភាពតានតឹង ក៏ជួយឱ្យអ្នកជំងឺទទួលអារម្មណ៍ធូរស្រាល និងស្រស់ស្រាយផងដែរ ដោយសារតែពណ៌ដ៏ស្រស់បំព្រងរបស់វា។
៥- ពង្រឹងការផ្ដោតអារម្មណ៍ ៖ យោងតាមការសិក្សាមួយរបស់ Michigan University បានរកឃើញថា ការតុបតែង ឬដាក់រុក្ខជាតិក្បែរខ្លួន ជួយបង្កើនសមត្ថភាពផ្ដោតអារម្មណ៍ និងផលិតភាពការងាររបស់អ្នកឱ្យកាន់តែប្រសើរ។ ជាពិសេស ជួយពង្រឹងការចងចាំរបស់អ្នកបានរហូតដល់២០ភាគរយឯណោះ ហើយអត្ថប្រយោជន៍ទាំងនេះ ក៏ជួយបង្កើនគុណភាពជីវិតរបស់អ្នកផងដែរ។
សូមបញ្ជាក់ផងដែរថា ចាប់ពីថ្ងៃទី៧ រហូតដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ ក្រសួងបរិស្ថានរៀបចំវេទិកាជាតិកេសរកូល ជាតិលើកទី៣ ដែលនឹងប្រព្រឹត្តទៅនៅផ្សារទំនើបអ៊ីអន១ រាជធានីភ្នំពេញ ជាមួយការបង្ហាញសិល្បៈ និងពិព័រណ៍កេសរកូព្រៃកម្ពុជាជាច្រើនប្រភេទទៀតផង៕