ប៉ៃលិន៖ នៅសាលប្រជុំធំសាលាខេត្ត នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤៦ អាណត្តិទី៣ របស់ខ្លួន ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, គណៈអភិបាលខេត្ត លោក-លោកស្រី ប្រធានមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត អាជ្ញាធរក្រុង-ស្រុក និងឃុំ-សង្កាត់ជាច្រើននាក់ផងដែរ ។
ក្នុងកិច្ចប្រជុំនេះមានរបៀបវារៈដូចជា ៖ ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៤៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តប៉ៃលិន ២-ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងារប្រចាំខែមីនា ឆ្នាំ២០២៣ និងទិសដៅការងារបន្តខែបន្ទាប់ របស់រដ្ឋបាលខេត្តប៉ៃលិន និង ៣-បញ្ហាផ្សេងៗ ។
ក្រោយពីបានស្តាប់ការលើកឡើងពីរបៀបវារៈ និងបញ្ហាសំខាន់ៗក្នុងកិច្ចប្រជុំរួចមក លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានអនុវត្តនូវវិធានការទប់ស្កាត់ការចម្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ បានដោយជោគជ័យ ដែលធ្វើអោយស្ថានភាពប្រទេសមកល្អប្រសើឡើងវិញ ហើយក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរប្រពៃណីជាតិខ្មែរឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ គ.ស ២០២៣ នេះ អាចនឹងមានបងប្អូនប្រជាពលរដ្ឋយើង មកដើរលេងកម្សាន្តនៅខេត្តប៉ៃលិនយើងច្រើន ប្រកបដោយបរិយាកាសសប្បារីករាយ ក្រោមម្លប់សន្តិភាព ។
លោកជំទាវអភិបាលខេត្ត ក៍បានមានប្រសាសន៍ណែនាំដល់មន្ទីរអង្គភាពជំនាញជុំវិញខេត្ត អាជ្ញាធរគ្រប់ជាន់ថ្នាក់ និង សសយក ខេត្ត ត្រូវចូលរួមសហការគ្នា តាមតួរនាទីភារៈកិច្ចដែលខ្លួនទទួលខុសត្រូវ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តប៉ៃលិននេះ ជាពិសេសយើងត្រូវរួមគ្នា ធ្វើការតុបតែងលម្អភ្លើងពណ៌ នៅតាមសួនច្បារ តាមអង្គភាព និងទីសាធារណៈ អោយមានសោភ័ណ្ឌភាព ហើយនៅគ្រប់វត្តអារាម និងតំបន់ទេសចរណ៍ផ្សេងៗត្រូវរៀបចំកន្លែង និងទីធ្លាអោយបានស្អាត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកលេងកំសាន្ត ដោយឡែកអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវសហការជាមួយសមត្ថកិច្ចទាំង ៣ប្រភេទ ធ្វើយ៉ាងណាត្រូវរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋអោយបានល្អគ្រប់គោលដៅកន្លែងប្រមូលផ្តុំមនុស្សច្រើនផងដែរ ។
មានប្រសាសន៍បូកសរុបក្នុងកិច្ចប្រជុំ ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន បានកោតសរសើរដល់រដ្ឋបាលខេត្តប៉ៃលិន ដែលមានលោកជំទាវ បាន ស្រីមុំ ជាអភិបាលខេត្ត បានខិតខំប្រឹងប្រែងធ្វើការដោះស្រាយនូវរាល់បញ្ហានានាជូនដល់ប្រជាពលរដ្ឋ និងការអនុវត្តនូវគោលនយោបាយភូមិ/ឃុំមានសុវត្តិភាព នៅតាមមូលដ្ឋានប្រកបដោយប្រសិទ្ធិភាពខ្ពស់ និងបានធ្វើការអភិវឌ្ឍខេត្ត ឱ្យមានការរីកចំរើនជាបន្តបន្ទាប់គួរជាទីមោទន ជាក់ស្តែងការរៀបនចំសង្ក្រាន្តប៉ៃលិនឆ្នាំនេះ គឺមានសោភ័ណ្ឌភាពស្រស់ស្អាត គួរអោយទាក់ទាញ ដែលធ្វើអោយភ្ញៀវជាតិ និងអន្តរជាតិមកកំសាន្តមានការស្ងើចសសើរមិនដាច់ពីមាត់ ចំពោះការកែប្រែមុខមាត់ថ្មីរបស់ខេត្តប៉ៃលិន ។
នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមប្រធាន ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន ក្រុង-ស្រុក, ឃុំ-សង្កាត់ ជាពិសេសមន្ទីរអង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្ត ត្រូវមើលឡើងវិញនូវរាល់បញ្ហានាពេលកន្លងមក មិនត្រូវទុកចោលនោះទេ គឺត្រូវដោះស្រាយជូនពលរដ្ឋឱ្យបានទាន់ពេលវេលា ដោយមិនត្រូវរើសអើង ប្រកាន់បក្សពួកនិយម និងគ្រួសារនិយម គឺត្រូវមានទំនួលខុសត្រូវខ្ពស់លើតួនាទី ភារកិច្ច និងជំនាញការងាររបស់ខ្លួន ហើយបើបញ្ហាណាមិនអាចដោះស្រាយបាន សូមប្រញាប់រាយការណ៍មករដ្ឋបាលខេត្ត ដើម្បីធ្វើការដោះស្រាយបានទាន់ពេលវេលា ។
អត្ថបទ៖ លោក ញ៉ឹប បូរី