(ជប៉ុន)៖ បើយោងតាមលទ្ធផលនៃរបាយការណ៍វាយតម្លៃសេដ្ឋកិច្ចរបស់ធនាគារកណ្ដាលជប៉ុនដែលបានចេញផ្សាយកាលពីថ្ងៃចន្ទដើមសប្តាហ៍កន្លងទៅ បានបង្ហាញពីការបន្តធ្លាក់ចុះយ៉ាងគំហុកមិនធ្លាប់មានសម្រាប់រយៈពេល ២ឆ្នាំជុំវិញដំណើរការសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន គិតត្រឹមរយៈពេល ៣ខែនៃដើមឆ្នាំ ២០២៣ ផលប៉ះពាល់នេះបានបណ្ដាលមកពីឥទ្ធិពលអវិជ្ជមាននៃវិបត្តិសេដ្ឋកិច្ចសកលដែលបានអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំ។
ដោយឡែក ពាក់ព័ន្ធនឹងលទ្ធផលវាយតម្លៃលើវិស័យសេវាកម្មក្នុងប្រទេសជប៉ុនវិញ ហាក់ចាប់ផ្តើមឈានទៅរកសភាពល្អប្រសើគួរឱ្យកត់សម្គាល់បន្ទាប់ពីរដ្ឋាភិបាលជប៉ុនបានបញ្ចប់វិធានការរឹតបន្តឹងជំងឺកូវីដក្នុងប្រទេស និងបើកទទួលភ្ញៀវទេសចរឱ្យមកលេងកម្សាន្តជាធម្មតាឡើងវិញ នេះហើយគឺជាចលករដ៏សំខាន់មួយដែលបានជម្រុញឱ្យមានកំណើនតម្រូវការសេវាកម្មគ្រប់ប្រភេទ។ គួរបញ្ជាក់ថា នៅក្នុងរបាយការណ៍វាយខាងលើនេះ បានបង្ហាញពីការធ្លាក់ចុះយ៉ាងខ្លាំងនៃសន្ទស្សន៍សេដ្ឋកិច្ចជប៉ុនមកនៅត្រឹមកម្រិតបូក១ (សម្រាប់ខែមីនា) ហើយនេះគឺជាកម្រិតមួយដ៏ទាបបំផុតបើធៀបទៅនឹងរបាយការណ៍កាលពីចុងឆ្នាំ ២០២២ កន្លងទៅ ដោយមានកម្រិតសន្ទស្សន៍សេដ្ឋកិច្ចរហូតដល់បូក៧ ។ នេះគឺជាការបន្ដធ្លាក់ចុះជាប់ៗគ្នាលើកទី៥គិតចាប់តាំងពីដើមឆ្នាំ ២០២០ ៕