(រុស្សី)៖ ប្រទេស ហ្វាំងឡង់ បានក្លាយជាសមាជិកទី៣១ នៃអង្គការណាតូ នៅថ្ងៃ អង្គារ សប្ដាហ៍នេះ នៅក្នុងការផ្លាស់ប្ដូរជាប្រវត្តិសាស្រ្តដែលបាននាំឲ្យរុស្ស៊ីខឹងសម្បារយ៉ាងខ្លាំង និង ព្រមានឆ្លើយតបចំពោះវិធានការនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ អង្គារ ទី ០៤ ខែ មេសា ឆ្នាំ ២០២៣។
ការលុកលុយរបស់ទីក្រុង ម៉ូស្គូ លើអុយក្រែនកាលពីឆ្នាំមុនបានធ្វើឲ្យប៉ះពាល់ដល់សន្ដិសុខរបស់អឺរ៉ុប និង បានជំរុញឲ្យប្រទេស ហ្វាំងឡង់ និង ស៊ុយអែត ដែលជាអ្នកជិតខាងគ្នា បោះបង់ចោលការមិនចូលបក្សសម្ព័ន្ធយោធាជាច្រើនទសវត្សរ៍។អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយថា «យើងមិននឹកស្មានទេថា ហ្វាំងឡង់នឹងក្លាយជាសមាជិករបស់យើង។ យើងនឹងការពារហ្វាំងឡង់ ហើយធ្វើឲ្យហ្វាំងឡង់មានសុវត្ថិភាពជាងមុន»។ យ៉ាងណាក៏ដោយ ទីក្រុង ម៉ូស្គូ បានចាត់ទុកចំណាត់ការនេះថា ជាការវាយប្រហារលើសន្ដិសុខ និង ផលប្រយោជន៍ជាតិរបស់រុស្ស៊ី។អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានថា «វិមានក្រឹមឡាំងជឿថា នេះគឺជាការធ្វើឲ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើង។ ពួកគេកំពុងតែបង្ខំឲ្យយើងចាត់វិធានការឆ្លើយតប ដោយអាចប្រើអាវុធ តាក់ទិក ឬ យុទ្ធសាស្រ្ត»។ ប៉ុន្ដែលោក Peskov មិនបានផ្ដល់ព័ត៌មានលម្អិតបន្ថែមទៀតនោះទេ។ការចូលជាសមាជិកណាតូ ទី៣១ របស់ប្រទេស ហ្វាំងឡង់ ត្រូវបានដាក់ក្រោមមាត្រា៥ របស់សម្ព័ន្ធភាព ដោយមានការសន្យាការពារជាតិរួមគ្នាថា ការវាយប្រហារលើសមាជិកណាតូណាម្នាក់ នឹងត្រូវចាត់ទុកថា ជាការវាយប្រហារប្រឆាំងនឹងសមាជិកទាំងអស់របស់អង្គការណាតូ។
សូមជម្រាបថា រដ្ឋមន្រ្តីការបរទេសហ្វាំងឡង់ លោក Pekka Haavisto បានបញ្ចប់់ដំណើរការចូលជាសមាជិក ដោយប្រគល់ឯកសារផ្លូវការមួយដល់រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken នៅទីស្នាក់ការកណ្ដាលរបស់អង្គការណាតូ នៅទីក្រុង ព្រុចសែល៕