(ប្រទេសថៃ)៖ អគ្គស្នងការនគរបាលជាតិថៃ លោក Damrongsak Kittiprapas បានបញ្ជាឲ្យអង្គភាពនគរបាលទូទាំងប្រទេស ត្រៀមលក្ខណៈទប់ទល់នឹងបញ្ហាសណ្តាប់ធ្នាប់ ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត។លោក Damrongsak ថ្លែងកាលពីថ្ងៃចន្ទ ទី០៣ ខែមេសាថា ប៉ូលិសត្រូវបានជូនដំណឹងអំពីអំពើហិង្សាមួយចំនួននៅស្ថានីយ៍ចុះឈ្មោះតំណាងរាស្រ្ត។ យ៉ាងណា ស្ថានការណ៍នៅទូទាំងប្រទេស គឺស្ថិតក្រោមការគ្រប់គ្រងបាន។
លោកថា ឧបទ្ទវហេតុនេះគឺជាមេរៀនមួយ សម្រាប់មន្ត្រីទាំងឡាយ មុនការប្រមូលផ្តុំយុទ្ធនាការឃោសនាទ្រង់ទ្រាយធំ ដែលចាំបាច់ត្រូវធានាសុវត្ថិភាពដល់បេក្ខជនតំណាងរាស្រ្តនិងអ្នកចូលរួម។ លោកបន្ថែមថា “ជាបឋម ប៉ូលិសនឹងបញ្ជូនមន្ត្រីទៅឃ្លាំមើលការប្រមូលផ្តុំ។ ទោះបីជាយ៉ាងណាក៏ដោយ យើងសូមឲ្យមានការសហការពីសកម្មជន ដើម្បីចៀសវាងការបំពានច្បាប់”។លោក Damrongsak គូសបញ្ជាក់ថា ទីតាំងជាច្រើន បានជួបប្រទះការប៉ះទង្គិចគ្នារួចហើយរវាងអ្នកកាន់អំណាចចាស់ និងអ្នកថ្មី ក្នុងអំឡុងពេលនៃការប្រមូលផ្តុំយុទ្ធនាការឃោសនាបោះឆ្នោត។ ដូច្នេះ អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យមានការចាត់តាំង បញ្ជូនកម្លាំងទៅគ្រប់ការិយាល័យ ដើម្បីយាមកាម។
ជាងនេះទៅទៀត លោកបានសង្កត់ធ្ងន់ថា មន្ត្រីនគរបាល មិនត្រូវអនុគ្រោះដល់គណបក្សនយោបាយ ឬបេក្ខជនណាមួយឡើយ។ មន្ត្រីណាដែលប្រព្រឹត្តល្មើសច្បាប់បោះឆ្នោត នឹងត្រូវប្រឈមមុខនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋ និងវិន័យ។ គួរបញ្ជាក់ជាថ្មី គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ បានប្រកាសកាលពីថ្ងៃអង្គារទី២១ខែមីនាថា ការបោះឆ្នោតសកលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ខែឧសភា៕