(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម (គ.ស.ហ.) បានលើកឡើងថា ការដកកម្ពុជាចេញពីបញ្ជីប្រផេះ ពាក់ព័ន្ធប្រឆាំងការសម្អាតប្រាក់ជាផ្លូវការ មានតម្លៃស្មើនឹងផ្នែកមួយនៃអាយុជីវិតជាតិ ទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ។
ការណ៍នេះ ត្រូវតែបន្តប្ដេជ្ញាចិត្តរក្សាឱ្យបានស្ថានភាពល្អប្រសើរ តាមរយៈការរួមគ្នាបំពេញភារកិច្ចប្រកបដោយទំនួលខុសត្រូវ។ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងដូចនេះ ក្នុងពេលដឹកនាំកិច្ចប្រជុំ គ.ស.ហ. នៅទីស្ដីការក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣។ កិច្ចប្រជុំនេះ មានការចូលរួមពី លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងជាអនុប្រធានប្រចាំការ គ.ស.ហ., លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាអនុប្រធាន គ.ស.ហ., នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីចំណុះ គ.ស.ហ.។
សម្ដេចក្រឡាហោម ស ខេង បានកត់សម្គាល់ថា ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ ទោះបីកម្ពុជាបន្តប្រឈមនឹងផលប៉ះពាល់នានាបង្កឡើងដោយសារជំងឺកូវីដ-១៩ និងមានភាពមមាញឹកក្នុងការងារពាក់ព័ន្ធការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ ក៏ដូចជាគ្រោះទឹកជំនន់ និងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំអន្តរជាតិនានាក៏ដោយ ក៏ថ្នាក់ដឹកនាំចំណុះ គ.ស.ហ. បានខិតខំបំពេញការងារយ៉ាងល្អប្រសើរ។ សមិទ្ធផលការងារដ៏គួរឱ្យកត់សម្គាល់របស់ គ.ស.ហ. ជាកិច្ចខិតខំប្រឹងប្រែងឈានទៅសម្រេចបានការដកកម្ពុជាពីបញ្ជីប្រផេះ ប្រឆាំងការសម្អាតប្រាក់ជាផ្លូវការ។ ជាមួយគ្នានេះ លោក ជា ចាន់តូ បានធ្វើរបាយការណ៍លម្អិតជូនសម្ដេចក្រឡាហោម ស ខេង និងអង្គប្រជុំ អំពីសកម្មភាពការងារ និងទិសដៅការងារសំខាន់ៗមួយចំនួនទៀត ក្នុងបេសកកម្មដើម្បីបញ្ចៀសកម្ពុជាមិនឱ្យធ្លាក់ចូលទៅក្នុងបញ្ជីប្រផេះប្រឆាំងការសម្អាតប្រាក់ជាថ្មីទៀត៕