សហរដ្ឋអាម៉េរិក៖ រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោកអាន់ថូនី ប្លីងឃិន (Antony Blinken) នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ បានជំរុញឱ្យរុស្ស៊ីដោះលែងអ្នកយកព័ត៌មានរបស់ភ្នាក់ងារសារព័ត៌មានព្រឹត្តិប័ត្រវ៉ល់ស្ទ្រីតជនណល (Wall Street Journal) លោក អ៊ើវែន ហ្គើស្កូវិច (Evan Gershkovich) ក្រោមបទចោទប្រកាន់ពីបទចារកម្ម ។ នេះជាអ្វីដែលរដ្ឋមន្ត្រីការបរទេសអាម៉េរិកបានជំរុញទៅកាន់ភាគីរុស្ស៊ី នៅក្នុងអំពាវនាវទៅកាន់រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក ស៊ើជី ឡារ៉ូវ (Sergei Lavrov) ។ ទន្ទឹមគ្នានេះដែរ ភ្នាក់ងារសន្តិសុខ (FSB) របស់រុស្ស៊ី នៅថ្ងៃព្រហស្បតិ៍សប្តាហ៍មុន បាននិយាយថា ខ្លួនបានចាប់ខ្លួនលោក ហ្គើស្កូវិច (Gershkovich) ដោយចោទប្រកាន់ភ្នាក់ងារសារព័ត៌មានរូបនេះ ពីបទប្រមូលយកព័ត៌មានអំពីរឿងសម្ងាត់រដ្ឋរុស្ស៊ីតាមរយៈក្រុមហ៊ុនជ្រើសរើសទាហានស៊ីឈ្នួលរបស់រុស្ស៊ី ។
នៅក្នុងសវនាការបិទទ្វាដោយសម្ងាត់កាលពីថ្ងៃព្រហស្បតិ៍ លោកហ្គើស្កូវិច (Gershkovich) ត្រូវបានជាប់ឃុំខ្លួនជាបណ្តោះអាសន្ន នៅក្នុងពន្ធនាគារឡឺហ្វតតូវ៉ូ (Lefortovo) នៅឯរដ្ឋធានីម៉ូស្គូ រហូតដល់ថ្ងៃទី២៩ ខែឧសភា ។ ដំណាលគ្នានេះ ភ្នាក់ងារសារព័ត៌មានព្រឹត្តិប័ត្រវ៉ល់ស្ទ្រីតជនណល (Wall Street Journal) បានបដិសេធថា ជនរងគ្រោះលោក ហ្គើស្កូវិច (Gershkovich) មិនបានប្រព្រឹត្តិអំពើចារកម្មនៅក្នុងប្រទេសរុស្ស៊ីនោះទេ ខណៈដែលសេតវិមានរបស់សហរដ្ឋអាម៉េរិក បានហៅការចោទប្រកាន់ចារកម្មរបស់រុស្ស៊ីដែលអាចនាំឱ្យអ្នកកាសែតរបស់ខ្លួនអាចជាប់ពន្ធនាគាររហូតដល់២០ឆ្នាំថាជារឿងមួយដ៏គួរឱ្យអស់សំណើចជាទីបំផុត។ ដោយឡែក ក្រសួងការបរទេសរុស្ស៊ីលោកឡារ៉ូវ (Lavrov) បានប្រាប់លោកប្លីងឃិន (Blinken) ថា វាមិនអាចទទួលយកបានទេដែលទីក្រុងវ៉ាស៊ីនតោនធ្វើនយោបាយពាក់ព័ន្ធនឹងករណីនេះ ដោយបន្ថែមថា មានតែតុលាការប៉ុណ្ណោះដែលអាចកំណត់ជោគវាសនារបស់អ្នកសារព័ត៌មានហ្គើស្កូវិច (Gershkovich)។ លោកក៏បានបញ្ជាក់ជាថ្មីអំពីការអះអាងរបស់រុស្ស៊ីទាំងដែលគ្មានភស្តុតាងត្រឹមត្រូវកាលពីសប្តាហ៍មុន ចំពោះការរកឃើញព័ត៌មានជុំវិញការធ្វើចារកម្មដោយអ្នកកាសែតខាងលើ ។
នេះគឹជាការសន្ទនាគ្នាដ៏កម្ររវាងសមភាគីទាំងពីរ ចាប់តាំងពីរុស្ស៊ីបើកប្រតិបត្តិការឈ្លានពានអ៊ុយក្រែននៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ។ ក្រៅពីនេះ អ្នកទាំងពីរបានជួបនិយាយទល់មុខគ្នាជាលើកដំបូង (ចាប់តាំងពីមានការលុកលុយ) នៅខាងក្រៅកិច្ចប្រជុំមួយនៅឯទីក្រុងញូវដេលី នៅថ្ងៃទី២ ខែមីនា ។ ជុំវិញបញ្ហានេះដែរ អ្នកវិភាគលោកខាងលិចយល់ឃើញថា នេះគ្រាន់តែជាទង្វើរបស់រុស្ស៊ីដើម្បីទទួលបានការចរចាណាមួយជាមួយសហរដ្ឋអាម៉េរិកតែប៉ុណ្ណោះ ខណៈដែលកីឡាការនីបាល់បោះ ប្រ៊ីដនើ ហ្គ្រីនើ (Brittney Griner) បានជំរុញឱ្យរដ្ឋបាលរបស់លោកបៃដិន ប្រើប្រាស់វិធីសាស្ត្រទាំងអស់ ដើម្បីអាចរំដោះអ្នកសារព័ត៌មាននេះបាន ៕