(ត្បូងឃ្មុំ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា សង្ឃឹមថា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២៣ខាងមុខនេះ ប្រជាពលរដ្ឋនឹងបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បន្តទៀត។ ការថ្លែងនេះរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី ៣ ខែមេសានេះ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «សង្ឃឹមថា ថ្ងៃ២៣ កក្កដា ឆ្នាំ២០២៣ ខាងមុខនេះ មិនភ្លេចនឹងការចូលរួមបោះឆ្នោត ក្នុងបរិយាកាសមួយដែលអព្យាក្រឹត គ្មានការគំរាមកំហែង ហើយក៏សង្ឃឹមថា បងប្អូននឹងមិនភ្លេចគណបក្សប្រជាជនកម្ពុជា»។ សម្ដេចប្រធានគណបក្សប្រជាជនកម្ពុជា លើកឡើងថា ប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺដើម្បីធានាម្ខាងគឺ«សន្តិភាព» និងម្ខាងទៀតគឺដំណើរការ«អភិវឌ្ឍ»។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋរស់នៅខេត្តត្បូងឃ្មុំ និងប្រជាពលរដ្ឋរស់នៅទូទាំងប្រទេស ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នាពេលកន្លងមក ហើយសង្ឃឹមថា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២៣ខាងមុខនេះ ប្រជាពលរដ្ឋរស់នៅខេត្តត្បូងឃ្មុំ និងនៅទូទាំងប្រទេស នឹងបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បន្តទៀត៕