(ប៉ាគីស្ថាន)៖ បើតាមការិយាល័យស្ថិតិថ្នាក់ជាតិ របស់ប្រទេសប៉ាគីស្ថានបានរាយការណ៍ឱ្យដឹងថា តម្លៃរបស់របរប្រើប្រាស់និងស្បៀងអាហារបានកើនឡើងថ្លៃខ្ពស់រហូតដល់ទៅ៣៥.៣៧%កាលពីខែមីនា ដែលជាកំណើនតម្លៃខ្ពស់ជាងកាលពីឆ្នំាមុនទៅទៀត ដែលបញ្ហានេះ បង្កឱ្យមានមនុស្សរត់ជាន់គ្នាស្លាប់រហូតដល់ទៅ១៦នាក់កាលពីចុងសប្តាហ៍កន្លងទៅ ដោយសារតែដណ្តើមស្បៀងអាហារគ្នានៅក្នុងការចែកចាយស្បៀងអាហារមួយ។ ការិយាល័យស្ថិតិថ្នាក់ជាតិដដែលរបស់ប្រទេសប៉ាគីស្ថានបានឱ្យដឹងបន្ថែមទៀតថា ការកើនឡើងនូវតម្លៃជាអតិផរណាខ្លំាងបែបនេះមិនមែនត្រឹមតែចំណីអាហារសម្រាប់បរិភោគប៉ុណ្ណោះនោះទេ សូម្បីតែតម្លៃដឹកជញ្ជូន និងការធ្វើដំណើរគមនាគមន៍ទូទៅបានកើនតម្លៃឡើងដល់ទៅ៥០%ឯណោះ។
ដោយសារតែកត្តាអតិផរណាហួសហេតុពេកនេះឯងបានធ្វើឱ្យប្រជាពលរដ្ឋប៉ាគីស្ថាន នំាគ្នាចេញមកជួបជុំដើម្បីទទួលយកនូវការបែងចែកស្បៀងអាហារចំាបាច់នៅឯមជ្ឈមណ្ឌលចំនួន៤ទីតំាងដែលរដ្ឋាភិបាលបានរៀបចំទុកជាស្រេច ជាពិសេសនៅក្នុងតំបន់ដែលរងគ្រោះខ្លំាងដោយសារតែការកើនតម្លៃស្បៀងអាហារ និងអាត់ខាត់។ ពាក់ពន្ធ័នឹងរត់ដណ្តើមគ្នាទទួលយកស្បៀងអាហារនោះដែរ តាមបណ្តាញផ្សព្វផ្សាយថ្នាក់ជាតិរបស់ប្រទេសប៉ាគីស្ថានបានរាយការណ៍ឱ្យដឹងដែរថា នៅក្នុងចំណោមជនរងគ្រោះបណ្តាលឱ្យស្លាប់ទំាង១៦នាក់នោះ រួមមានស្រ្តី៥នាក់ និងកុមារ៣នាក់ រួមទំាងមនុស្សប្រុសពេញវ័យដទៃទៀត។ ដោយឡែកអាជ្ញាធរនគរបាលជាតិវិញបានលើកឡើងប្រាប់ដល់បណ្តាញផ្សព្វផ្សាយក្នុងស្រុកដែរថា មានស្បោងម្សៅមី រាប់ពាន់កញ្ចប់ត្រូវបានគេលួចចេញពីរថយន្តកំាមីញ៉ុង និងនៅតាមទីតំាងបែងចែករបស់រដ្ឋាភិបាល។ បើតាមអ្នកនំាពាក្យឱ្យការិយាល័យស្ថិតិថ្នាក់ជាតិប៉ាគីស្ថានបានគូសបញ្ជាក់ប្រាប់ដល់បណ្តាញផ្សព្វផ្សាយអន្តរជាតិនៅព្រឹកនេះដែរថា អតិផរណាទំនិញបានកើនឡើងខ្ពស់បំផុតពុំធ្លាប់កើតមានពីមុនមកនោះទេ និយាយជារួមការកើនឡើងតិចតួចត្រូវគេសង្កេតឃើញមានតំាងពីទសវត្សរ៍ទី៧០មកម្លេះ ដែលកាលណោះក៏មិនបានខ្លំាងក្លាដូចពេលនេះដែរ។ មន្ត្រីអ្នកនំាពាក្យដដែលរូបនេះបានឱ្យដឹងបន្ថែមទៀតថា សន្ទទស្សន៍តម្លៃប្រើប្រាស់មានការកើនឡើងដល់ទៅ៣.៧២%ក្នុងខែមីនាតែមួយ ជាពិសេសលើតម្លៃស្បៀងអាហារមានដូចជាប្រេងឆា និងតម្លៃអគ្គិសនីជាដើម។
គួររំលឹកផងដែរថា ប្រទេសប៉ាគីស្ថាន គឺជាប្រជាជាតិមួយដែលស្ថិតនៅក្នុងតំបន់អាស៊ីខាងត្បូងបានជួបនូវភាពចលាចលផ្នែកសេដ្ឋកិច្ចអស់ពេលជាច្រើនខែមកហើយដោយសារតែអតុល្យភាពនៃខ្ទង់ចំណាយ ស្របពេលដែលមូលនិធិរូបិយប័ណ្ណអន្តរជាតិ(IMF)ធ្លាប់បានសន្យាថានឹងផ្តល់នូវថវិកាសង្គហៈ (លុយសង្គ្រោះ) ជាបន្ទាន់មួយមានទំហំប្រមាណជា ១១ពាន់លានដុល្លារអាម៉េរិកដែលជាផ្នែកមួយនៃកម្ចីអនុគ្រោះប្រមាណជា៦៥ពាន់លានដុល្លារអាម៉េរិកតំាងតែពីឆ្នំា២០១៩ ប៉ុន្តែរហូតមកទល់នឹងពេលនេះមិនទាន់ឃើញថវិកាជាក់ស្តែងនៅឡើយទេ៕