(ត្បូងឃ្មុំ)៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ចំនួនគ្រែទាំងអស់នៅរាជធានីភ្នំពេញ កាលពីមុន មានប្រមាណជាង ៥ពាន់គ្រែតែប៉ុណ្ណោះ ក៏ប៉ុន្តែឥឡូវ យើងបានកសាងមន្ទីរពេទ្យមួយ(មន្ទីរពេទ្យជាតិតេជោសន្ដិភាព)ដែលមានសមត្ថភាពទទួលអ្នកជំងឺរហូតទៅដល់ ១ម៉ឺនគ្រែ នេះជាការត្រៀមរៀបចំលក្ខណសម្បត្តិ ដើម្បីឆ្លើយតបទៅនឹងសុខភាពសាធារណៈ »។ នេះជាការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាសអគារមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣នេះ។
សម្តេចបានបន្តថា «យើងមិនចង់ឲ្យកើតមានទេជំងឺ ក៏ប៉ុន្តែយើងមិនអាចដឹងបានទេថា តើវាអាចកើតឡើង នូវបញ្ហាទាំងឡាយលំបាកអ្វីទៀត ក្រៅពីកូវីដ១៩»។ សម្តេចក៏បង្ហាញការព្រួយបារម្ភថា «ព័ត៌មានថ្មីៗនេះ បានផ្សាយថា នៅអាហ្រ្វិកខាងត្បូង មានជំងឺហូរឈាមតាមច្រមុះ អាចទៅជាស្លាប់បាន ហើយខ្លាចថា វាមកដល់កម្ពុជា លើចំណុចទាំងនេះ យើងត្រូវប្រុងប្រយ័ត្ន ហើយត្រូវត្រៀមរៀបចំគ្រប់លក្ខខណ្ឌដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាជន»។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍ណែនាំដល់គ្រូពេទ្យទាំងអស់ សូមឱ្យយកចិត្តទុកដាក់នៅក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ជាពិសេសត្រូវពង្រឹងសមត្ថភាពរបស់ខ្លួន ខណៈដែលរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងនៅក្នុងការកសាង នូវអគាររៀបចំបំពាក់គ្រឿងបរិក្ខារទំនើបៗ ដូច្នេះការអភិវឌ្ឍសមត្ថភាពរបស់មនុស្សត្រូវដើរតាមទាន់នៅបច្ចេកវិទ្យាថ្មីផងដែរ៕