ជំងឺដ៏អាថ៌កំបាំងដែលបណ្តាលឲ្យហូរឈាមតាមច្រមុះ បានសម្លាប់មនុស្សចំនួន ៣នាក់ហើយនៅក្នុងប្រទេស ប៊ូរុនឌី ខណៈការស្លាប់ទាំងអស់ ត្រូវបានកត់ត្រានៅភាគឦសានរបស់ប្រទេសក្នុងទ្វីបអាហ្វ្រិកមួយនេះ ។
យោងតាមការឲ្យដឹងពីក្រុមមន្ត្រីសុខាភិបាលក្នុងតំបន់ អ្នកកើតជំងឺនេះទាំងអស់ បានស្លាប់ក្នុងរយៈពេល ២៤ ម៉ោង បន្ទាប់ពីចេញរោគសញ្ញា ។
បច្ចុប្បន្ន ប្រធានផ្នែកសុខាភិបាល ត្រូវបានបញ្ជូនទៅកាន់ខេត្ត Kirundo និង Muyinga ដើម្បីស៊ើបអង្កេតពីលក្ខណៈនៃជំងឺ ខណៈព័ត៌មានលម្អិតអំពីជំងឺនេះ មិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេ ។
យ៉ាងណាមិញ គេហទំព័រព័ត៌មានក្នុងស្រុក SOS Media Burundi បានរាយការណ៍ថា រោគសញ្ញានៃជំងឺនេះរួមមាន ឈឺពោះ ហូរឈាមតាមច្រមុះ ឈឺក្បាល ក្តៅខ្លួន ក្អួត និងវិលមុខ ហើយរោគសញ្ញាទាំងនេះ គឺស្រដៀងទៅនឹងមេរោគសាហាវដូចជា Ebola និង Marburg៕