ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ លោក សោ សុវណ្ណ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញចូលរួមក្នុងពិធីទទួលអំណោយពីស្ថានទូតថៃប្រចាំនៅកម្ពុជា ជូនដល់វិទ្យាល័យហ៊ុនសែនក្រុងទេពនិម្មិតប៉ៃលិន ជាសម្ភារៈសិក្សា សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ពីសប្បុរសជនថៃ ដែលដឹកនាំដោយលោក វរៈសេនីយឯក កនវរ៉ានន្ទ ក្លាន់ព្រំសុវណ្ណ ប្រធានសេនានុព័ន្ធយោធាជើងគោកថៃ ប្រចាំស្ថានទូតថៃនៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងពិធីនេះផងដែរក៏មានការចូលរួមពីលោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាផងដែរ។
លោក សោ សុវណ្ណ អភិបាលរងខេត្ត បានមានប្រសាសន៍ស្វាគមន៍ យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូថៃ ដែលបានអញ្ជើញមកកាន់ខេត្តប៉ៃលិន ព្រមទាំងបាននាំមកនូវអំណោយមួយចំនួន មកឧបត្ថម្ភជូនវិទ្យាល័យហ៊ុនសែនក្រុងទេពនិម្មិត ដែលនេះបានបង្ហាញពីចំណងមិត្តភាពសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការល្អ រវាងប្រជាជននៃប្រទេសទាំងពីរ ថៃ-កម្ពុជា ហើយជាក់ស្តែង នាពេលកន្លងមក ខេត្តប៉ៃលិន និងខេត្តចាន់ថបុរី បានសហការគ្នាយ៉ាងល្អ លើវិស័យមួយចំនួនដូចជា៖ ការទប់ស្កាត់ការចម្លងរីករាលដាលនៃជម្ងឺកូវីដ-១៩, បញ្ហាពលករឆ្លងដែនខុសច្បាប់, ទប់ស្កាត់បទល្មើសឆ្លងដែននានា, ការធ្វើពាណិជ្ជកម្មឆ្លងដែនជាពិសេសការនាំចេញកសិផលរបស់ខេត្តប៉ៃលិនទៅកាន់ប្រទេសថៃ។
លោកអភិបាលរងខេត្តក៍បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកអគ្គរាជទូតថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រតិភូប្រធានសេនានុព័ន្ធយោធាជើងគោកថៃ និងសប្បុរសជន ជាវិស័យឯកជន នៃព្រះរាជាណាចក្រថៃចំនួន ០៨ក្រុមហ៊ុនធំៗ ដែលកំពុងធ្វើការវិនិយោគ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់អំណោយ ជាសម្ភារៈសិក្សា សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគផ្សេងៗ ដល់វិស័យអប់រំនៅខេត្តប៉ៃលិន សម្រាប់ប្រើប្រាស់តាមតម្រូវការ និងបានបង្ហាញពីចំណងមិត្តភាពមិនអាចកាត់ថ្លៃបានផងដែរ។ នៅក្នុងឱកាសនោះដែរ លោក សោ សុវណ្ណ អភិបាលរងខេត្ត ក៍បានមានប្រសាសន៍កោតសសើរដល់សមភាគីថៃ ដែលកន្លងមកបានរក្សានូវ ចំណងសាមគ្គីភាព មិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ ជាមួយខេត្តជាប់ព្រំដែននៃប្រទេសទាំង២ ដោយរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន និងបម្រើឱ្យផលប្រយោជន៍របស់ប្រជាជន និងប្រទេសទាំងពីរដោយស្មើភាព និងស្មោះត្រង់។
ដើម្បីជាការឆ្លើយតបលោកវរសេនីយឯក កនវរ៉ានន្ទ ក្លាន់ព្រំសុវណ្ណ ប្រធានសេនានុព័ន្ធយោធាជើងគោកថៃ ប្រចាំស្ថានទូតថៃនៅព្រះរាជាណាចក្រកម្ពុជា បានសន្យានឹងខិតខំបង្កើនកិច្ចសហប្រតិបត្តិការល្អបន្ថែមទៀត ជាមួយរដ្ឋបាលខេត្តប៉ៃលិន ក្នុងក្របខ័ណ្ឌសមត្ថកិច្ចរបស់ខ្លួន ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យបានកាន់តែល្អប្រសើឡើង ពិសេសការស្រឡាញ់រាប់អានគ្នា ស្គាល់សុខទុក្ខគ្នាទៅវិញទៅមក ដែលជាប្រទេសជិតខាង ភូមិផងរបងជាមួយគ្នាទាំងផ្នែកការទូត ផ្នែកពាណិជ្ជកម្ម ផ្នែកកសិកម្ម និងផ្នែកសាធារណៈទូទៅ។
គួរបញ្ជាក់ផងដែរថា៖ អំណោយសម្ភារៈនិងថវិកាដែលស្ថានទូតថៃប្រគល់ជូនដល់វិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន នាឱកាសនោះរួមមាន៖ ទឹកដោះគោ សម្ភារៈសិក្សា សម្ភារៈកីឡា សម្ភារៈសង្គ្រោះបឋម ស៊ុតមាន់ ប្រហិត ទឹកសុទ្ធ មី និង ថវិកាមួយចំនួនពីស្ថានទូតថៃប្រចាំកម្ពុជាចំនួន 350$, ក្រុមហ៊ុន We Grow ថវិកាចំនួន 180 $, និង ក្រុមហ៊ុន AIDA ថវិកាចំនួន 5,000បាត។ ហើយចំពោះសម្ភារៈទាំងនោះបានមកពីក្រុមហ៊ុនចំនួន ៨ ធំៗ បានឧបត្ថម្ភចូលរួមមានដូចជា៖ ក្រុមហ៊ុន Macro, ក្រុមហ៊ុន SCG , ក្រុមហ៊ុន ណងហ្វូ, ក្រុមហ៊ុន CPF, ក្រុមហ៊ុន PTT, ក្រុមហ៊ុន Royal Phnom Penh Hospital, ក្រុមហ៊ុន We Grow និង ក្រុមហ៊ុន AIDA ៕ អត្ថបទ៖លោក សុទ្ធ វ៉ាន់សៀម