នៅសាលប្រជុំមន្ទីរពាណិជ្ជកម្មខេត្ត ព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ មានរៀបចំកម្មវិធីសិក្ខាសាលាស្តីពីការផ្សព្វផ្សាយ និង ជំរុញការអនុវត្តគោលនយោបាយជាតិ ស្តីពីដំឡូងមី ២០២០-២០២៥ ស្ថិតក្រោមអធិបតីឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងារ ពិនិត្យតាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥ តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក អ៊ុន ប៊ុនលី អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញ ចូលរួមពី លោក សុខ សាធីម ប្រធានមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន និងជាទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ,លោក អប់ រ៉ាឌី អគ្គនាយករង នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម,លោក ទិត សីច័ន្ទលី ប្រធាននាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម និងលោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ តំណាងរដ្ឋបាល ក្រុង /ស្រុក លោក លោកស្រីម្ចាស់សិប្បកម្មកែច្នៃដំឡូងមី, អាជីវករ,កសិករ ផលិតកម្មដំឡូងមី ក្នុងខេត្តប៉ៃលិនជាច្រើននាក់។
ថ្លែងក្នុងពិធីនេះដែរលោក អ៊ុន ប៊ុនលី អភិបាលរងខេត្តតំណាងដ៍ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ សិក្ខាសាលា ផ្ព្វផ្សាយគោលនយោបាយជាតិ ស្តីពីដំឡូងមី ២០២០-២០២៥ ថ្ងៃនេះ ពិតជាមានសារៈសំខាន់ ដល់គ្រប់តួអង្គពាក់ព័ន្ធក្នុងវិស័យដំឡូងមី ដើម្បីស្វែងយល់ និងទាញយក អត្ថប្រយោជន៍ពីគោលនយោបាយនេះ។ លោកអភិបាលរងខេត្ត បានមានប្រសាសន៍បន្តថា៖ ប្រជាពលរដ្ឋភាគច្រើន នៅខេត្តប៉ៃលិន ប្រកបរបរកសិកម្ម សិប្បកម្មកែច្នៃ និងសេវាកម្ម ជាដើម។ ដោយឡែក សម្រាប់ដំណាំដំឡូងមី ជាដំណាំ កសិឧស្សាហកម្ម ដែលមានសក្តានុពល បន្ទាប់ពី ដំណាំពោតក្រហម ស្វាយ និងមៀនប៉ៃលិន ដែលមានផ្ទៃដីដាំដុះសរុប ៤២,៩០០ ហិចតា។ជាមួយគ្នានេះ ដំណាំដំឡូងមី ក៏ជួបបញ្ហាប្រឈមដូចជា៖ បញ្ហាបច្ចេកទេស នៃការដាំដុះ កក្ដាបម្រែបម្រួលអាកាសធាតុ បញ្ហាតម្លៃ និងទីផ្សារមិនមានស្ថេរភាព។ តាមរយៈគោលនយោបាយជាតិ ស្តីពីដំឡូងមី ២០២០-២០២៥ ។ លោកអភិបាលរងខេត្ត ពិតមានសុទិដ្ឋិនិយមថា៖ ផលិតកម្មដំឡូងមី នឹងមានភាពរីកចម្រើន តាមរយៈការផ្លាស់ប្តូរ ពីផលិតកម្មដំឡូងមី បែបប្រពៃណី ឬគ្រួសារ ទៅជាផលិតកម្មដំឡូងមី តាមបែបពាណិជ្ជកម្ម ផងដែរ។ជាមួយគ្នានេះលោក ក៍សំណូមពរដល់ សមាជិក សមាជិកាអង្គពិធីទាំងមូល សូមលើក ជាសំណួរ និងចូលរួមផ្តល់មតិយោបល់ ឲ្យបានច្រើនកុះករ ដើម្បីឱ្យមានភាពរីកចម្រើនក្នុង វិស័យដំឡូងមីផង ។
មានប្រសាសន៍ក្នុងឪកាសនោះដែរឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងារ ពិនិត្យតាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥ តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា៖ គោលនយោបាយជាតិនេះ គឺជាផែនទីបង្ហាញផ្លូវ សម្រាប់គ្រប់ស្ថាប័ន និងប្រតិបត្តិករទាំងអស់ យកធ្វើជាមូលដ្ឋាន ក្នុងការរៀបផែនការ និងយុទ្ធសាស្ត្រអភិវឌ្ឍវិស័យនេះ ។ ចក្ខុវិស័យ នៃឯកសារគោលនយោបាយ ជាតិស្ដីពីដំឡូងមី២០២០-២០២៥ នេះ គឺដើម្បីកសាងមូលដ្ឋានផលិតកម្ម ដំឡូងមី ប្រកបដោយនិរន្តរភាព សម្រាប់ការកែច្នៃប្រកប ដោយគុណភាព ដើម្បីប្រកួតប្រជែងនៅលើទីផ្សារ ព្រមទាំងមានគោលបំណងធ្វើឱ្យប្រទេសកម្ពុជាក្លាយជាទីតាំងផលិតនិងកែច្នៃដំឡូងមី និងជាអ្នកផ្គត់ផ្គង់ ផលិតផលដំឡូងមីមួយ ដែលអាចជឿទុកចិត្តបានសម្រាប់ទីផ្សារពិភពលោក។ ឯកឧត្តមគណៈអធិបតី មានប្រសាសន៍ លើកឡើងបន្តថា៖ដំឡូងមី ជាដំណាំកសិឧស្សាហកម្ម ដែលមានសក្តានុពលទី២ បន្ទាប់ពីស្រូវ ដែលអាចកែច្នៃ បានច្រើនមុខ៖ ធ្វើជាម្សៅមី មេតាណុល ជាចំណីសត្វ ធ្វើជាសំបកថ្នាំពេទ្យ (Capsul) និង ការកែច្នៃផ្សេងៗច្រើនទៀត។ ក្នុងឆ្នាំ ២០២២ តាមទិន្នន័យរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា កម្ពុជាមានផ្ទៃដីដាំដុះដំឡូងមី ប្រមាណ ៧៥២ ៩៨០ ហិចតា ហើយផ្តល់ទិន្នផល ប្រមាណ ១៩,៩៥ តោន/ ហិចតា និងផ្តល់ទិន្នផលសរុបក្នុងរង្វង់ ១៤,២ លានតោន។ ក្នុងរយៈពេល ១០ខែចុងក្រោយ ក្នុងឆ្នាំ២០២២ កន្លងទៅ កម្ពុជានាំចេញដំឡូងមី ស្រស់ ក្រៀម ម្សៅដំឡូងមី និងកាកសំណល់ដំឡូងមីបានជិត ៣លានតោន ទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេស ថៃ និងវៀតណាម។ចំណែក តម្លៃដំឡូងមី ក្នុងដើមឆ្នាំ២០២៣ នេះ តម្លៃដំឡូងមីស្រស់ ចន្លោះពី ៣០០-៥០០រៀល/គីឡូ និងដំឡូងមី ក្រៀម តម្លៃចន្លោះពី ៨១៤-៩៦៦រៀល/គីឡូ ហើយតម្លៃនេះ មានលក្ខណៈល្អប្រសើរ បើធៀបទៅនឹងឆ្នាំកន្លងទៅផងដែរ។
សូមបញ្ជាក់ថា៖ បើតាមរបាយការណ៍របស់លោក សុខ សាធីម ប្រធានមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន និងជាទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ស្តីពីវឌ្ឍនៈភាពការងារ ដែលបានអនុវត្តន៍ ក្នុងឆ្នាំ២០២២ កន្លងមកនេះ ចំពោះទីផ្សារដំឡូងមីក្នុងខេត្តប៉ៃលិន មានក្រុមហ៊ុនស៊ី ភី ខេមបូឌា ចំកាត់ បានទទួលកុងត្រា ទិញវត្ថុធាតុដើម ជាមួយសមាគមអ្នកនាំចេញដំឡូងមី ក្នុងខេត្តប៉ៃលិន ចំណែកក្រុមហ៊ុនស៊ីភី ក្នុង០១ឆ្នាំ បរិមាណ នៃការបញ្ជាទិញពោតក្រហម ចំនួន ៦ម៉ឺនតោន និងដំឡូងមីស្ងួត ចំនួន ១សែនតោន និងធ្វើការផលិតជាចំណីសត្វ ចំនួន ២សែន៧ម៉ឺនតោន/០១ឆ្នាំ គឺសម្រាប់ ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ។លោកប្រធានមន្ទីរ មានប្រសាសន៍បន្តថា៖ ចំពោះការទិញ-លក់ ផ្លែមៀនប៉ៃលិនស្រស់ របស់ក្រុមហ៊ុន ហ្គាវយ័ន សម្ងួតនាំចេញ ទៅកាន់ប្រទេសថៃ តាមច្រកបានឡែម ស្រុកកំរៀង ខេត្តបាត់ដំបង ចាប់ពីខែវិច្ឆិកា ដល់ខែធ្នូ ឆ្នាំ២០២២ បានចំនួន ១២តោន ដែលមានតម្លៃ ២៨,៧០០៛ ក្នុង១គីឡូក្រាម ។ ក្រុមហ៊ុនឆាយណា ជិនវ័រយាន អ៊ឹមផត អិចផត បានចុះកិច្ចសន្យាទទួលទិញ ផ្លែមៀនប៉ៃលិន ស្រស់(ចង្កោម) ជាមួយកសិករ ដែលមានកិច្ចសន្យាកសិកម្មល្អ ចំនួន ៤៧ ចម្ការ ស្មើនិង ៣០% ចាប់ពីខែតុលា មកដល់ ខែធ្នូ ឆ្នាំ២០២២ ចំនួន ១៩៧,៣៤០តោន ក្នុងតម្លៃ ៣,៩០០៛/គ.ក ដែលមានតម្លៃជាមធ្យម ៣,៩០០,០០០៛/តោន និង ៧០%ទៀត កសិករធ្វើកុងត្រា ជាមួយឈ្មួញកណ្តាលនៅក្នុងស្រុក ។ បរិមាណនៃការនាំចេញស្វាយកែវរមៀត ក្នុងឆ្នាំ២០២២ មានចំនួន ៧១,៨៥៨ តោន តម្លៃស្វាយកែវរមៀត (ខៀវ ជាមធ្យមតម្លៃ ៦០០៛តម្លៃស្វាយកែវរមៀត (ខ្ចប់) ជាមធ្យមតម្លៃ ១,៥០០៛ ផង ដែរ។ លោកប្រធានមន្ទីរ ក៍បានបញ្ជាក់ដែរថា៖ចំពោះការងារសម្របសម្រួលទីផ្សារ មន្ទីរបានតាមដាន ការបិទស្លាកតម្លៃ ទិញ-លក់កសិផល និង បានរាយការណ៍ជូនរដ្ឋបាលខេត្ត និងក្រសួងរៀងរាល់សប្តាហ៏ ផងដែរ ៕ អត្ថបទ៖ លោក សេង សុវណ្ណារឹទ្ធ