ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ តំបន់ទេសចរណ៍ធម្មជាតិឧទ្យានជាតិគីរីតម្យ តែងតែទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ទៅទស្សនា កម្សាន្តឥតដាច់សោះឡើយ ដោយនៅទីនោះសម្បូរទៅដោយទេសសភាពធម្មជាតិមានសម្រស់ស្រស់ត្រកាល មានដើមឈើតូចធំ មានទឹកធ្លាល់គួរអោយចង់ងូតលេងកម្សាន្ត និង កន្លែងបោះតង់លម្ហែកាយសម្រាប់អ្នកចូលចិត្តធ្វើដំណើរផ្សងព្រេង។ក្រោយក្លាយជាទីកម្សាន្តដ៏ពេញនិយម តំបន់ទេសចរណ៍ធម្មជាតិឧទ្យានជាតិគីរីរម្យ កាន់តែឆក់បេះដូងអ្នកចង់ទៅធ្វើដំណើរកម្សាន្តជាថ្មី ក្រោយបង្អួតសម្រស់កន្លែងលម្ហែថ្មីមួយទៀតដែររៀបចំស្រស់ស្រាយ ស្រស់ស្អាតមានភ្លើងបំភ្លីចិញ្ចាចពេលរាត្រី មិនចាញ់នៅបរទេស ដែលនៅទីនោះមានឈ្មោះថា «ឧទ្យានបោះតង់»។ស្ថិតនៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពុងស្ពី «ឧទ្យានជាតិបោះតង់» សាងសង់ឡើងសម្រាប់អ្នកទៅកម្សាន្តនៅលើភ្នំគីរីរម្យ អាចបោះតង់ អង្គុយជុំគ្នាទទួលទានសាច់អាំង និង និយាយរឿងក្នុងចិត្ត ក្រោមពន្លីអំពូងភ្លើងតូចៗជាច្រើនគ្រាប់ ក្នុងបរិយាកាសស្ងប់ស្ងាត់ នាតំបន់ធម្មជាតិ គួរជាទីមនោរម្យក្រៃលែង។អ្វីមិនត្រឹមតែប៉ុណ្ណោះ អាចអង្គុយមើលថ្ងៃលិច ថ្ងៃរះ ក៏ដូចជាថតរូបជុំគ្នាជាមួយទិដ្ឋភាពរៀបចំដ៏ស្រស់ស្អាត ខណៈទៅតាំងខាងលើ ធ្វើដំណើរពីភ្នំពេញតែមួយម៉ោងកន្លះតែប៉ុណ្ណោះ។