នៅសាលាប្រជុំធំរបស់មន្ទីរបរិស្ថានខេត្ត ព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ក្រសួងបរិស្ថាន សហការជាមួយមន្ទីរបរិស្ថានខេត្ត បើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីដំណើរការនៃការកំណត់តំបន់បេតិកភណ្ឌធម្មជាតិ និងវប្បធម៍ដល់អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ទ្ធ ស្ថិតក្រោមអធិបតីភាព លោក សោ សុវណ្ណ អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន លោក សេង សោត អគ្គនាយករង អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសូងបរិស្ថាន មានអញ្ជើញចូលរូមពីសំណាក់ លោក-លោកស្រី ប្រធាន-អនុប្រធានមន្ទីរ គណៈអភិបាលក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ មន្ត្រីជំនាញ និងកុ្រមការងារជាច្រើនរូបផងដែរ។
លោក សោ សុវណ្ណ អភិបាលរងខេត្ត បានមានប្រសាសន៍លើកឡើងថា៖ ការរៀបចំសិក្ខាសាលាផ្សព្វផ្សាយនេះជាផ្នែកមួយ ដើម្បីឆ្លើយតបទៅនឹងគោលដៅជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចែករំលែកបទពិសោធន៍ ក្នុងដំណើរការសិក្សារៀបចំតំបន់បេតិកភណ្ឌធម្មជាតិ បង្កើនការយល់ដឹង ផ្សព្វផ្សាយតម្លៃធនធានធម្មជាតិ និងបង្កើនការចូលរួមគ្រប់គ្រង ធនធានធម្មជាតិ ក៏ដូចជាការពង្រឹងតួនាទីរបស់សហគមន៍មូលដ្ឋាន ក្នុងការចូលរួមការការពារ និង អភិរក្ស ធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពតាមរយៈការបង្កើនផលប្រយោជន៍របស់សហគមន៍មូលដ្ឋាន។
លោក សេង សោត អគ្គនាកយរង បានមានប្រសាសន៍បញ្ជាក់ថា៖ កិច្ចការពារបេតិកភណ្ឌជាផ្នែកមួយដ៏សំខាន់ សម្រាប់លើកកម្ពស់ការយល់ដឹងពីបេតិកភណ្ឌដល់អ្នកពាក់ព័ន្ធក៏ជាកត្តាមួយសម្រាប់ការអភិរក្សលើកស្ទួយ អភិវឌ្ឈន៍ វិស័យទេសចរណ៍ និងសម្រាប់លើកកម្ពស់ជីវភាពសហគមមូលដ្ឋាននាពេលអនាគត។
លោកអគ្គនាកយរង បានមានប្រសាសន៍បន្តថា៖ ធនធានធម្មជាតិនូវខេត្តប៉ៃលិននេះពិតជាសម្បូរណាស់ ជាពិសេសបេតិកភណ្ឌធម្មជាតិ និងវប្បធម៌ ដែលជាសមិទ្ធផលដ៏មានសារៈសំខាន់បំផុតសម្រាប់ទុកជាកន្លែងសិក្សាស្រាវជ្រាវចំណេះដឹងមួយ ដើម្បីអភិរក្សធនធានធម្មជាតិនៅក្នុងតំបន់ដោយនិរន្តភាព។
ក្នុងឱកាសនោះ លោកអគ្គនាកយរង បានមានប្រសាសន៍ ជំរុញឱ្យមន្រ្តីជំនាញ សហការជាមួយអាជ្ញាធរមូលដ្ឋានត្រូវចូលរួមរក្សាតំបន់បេតិកភណ្ឌធម្មជាតិ និងវប្បធម៍ ដែលមានស្រាប់ក្នុងសកម្មភាពការពារ អភិរក្សធនធានធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី ក្នុងភូមិសាស្ត្រខេត្តឱ្យកាន់តែមានប្រសិទ្ធភាពជាពិសេសចូលរួមក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាសហគមន៍មូលដ្ឋានឱ្យមានលក្ខណៈល្អប្រសើឡើង។
លោក សាក់ សាវរិទ្ធ ប្រធានមន្ទីរបរិស្ថាន បានឲ្យដឹងថា៖ នៅក្នុងភូមិសាស្ត្រខេត្តប៉ៃលិន មានតំបន់ការពារធម្មជាតិ ចំនួន០២កន្លែង មានផ្ទៃដីសរុប ៧០,២៤១ហិកតា ក្នុងនោះមាន៖
១-តំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត (មានទំហំដី ៦០,០០០ហិកតា ស្ថិតក្នុងខេត្តបាត់ដំបងនិងប៉ៃលិន) ព្រះរាជក្រឹត្យ ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ និងមានផ្ទៃដីទំហំ ៣៨,២៩០ហិចតា ស្ថិតក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ពិនិត្យឃើញថាមាននៅសេសសល់តំបន់រ៉ែត្បូងថ្មមានតម្លៃប្រមាណ ១៥,០០០ហិកតានិងរ៉ែមាសចំនួន ០៣ខ្សែ និងធនធានជីវៈចម្រុះជាច្រើន ដែលស្ថិតក្រោមការអភិរក្សយ៉ាងតឹងរ៉ឹងរបស់មន្ត្រីឧទ្យានុរក្ស និងគម្រោង ម៉ាដុកជូលី MJP,
២-តំបន់បេតិកភណ្ឌធម្មជាតិ”ភ្នំយ៉ាត” អនុក្រឹត្យ ១០០អនក្រ.បក ផ្ទៃដីទំហំ៣១,៩៥១ហិកតា ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតក្នុងសង្កាត់ប៉ៃលិន ខេត្តប៉ៃលិន៕ អត្ថបទ៖ លោក សុទ្ធ វ៉ាន់សៀម