(ភ្នំពេញ)៖ កម្ពុជា កំពុងធ្វើការផ្សព្វផ្សាយអំពីសក្តានុពល និងឱកាសវិនិយោគរបស់ខ្លួនទៅកាន់វិនិយោគិនថៃ ដែលមានគម្រោងវិនិយោគ ឬពង្រីកគម្រោងវិនិយោគនៅកម្ពុជា ដោយអាចទាញយកផលប្រយោជន៍បានច្រើនពីកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់ដែលកម្ពុជាសម្រេចបាន។ ការផ្សព្វផ្សាយនេះ បានធ្វើឡើងតាមរយៈសិក្ខាសាលាស្តីពី «ទិសដៅអនាគតនៃឱកាសពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ឆ្នាំ២០២៣» ដើម្បីចែករំលែកព័ត៌មានអំពីស្ថានភាពសេដ្ឋកិច្ច និងទស្សនវិស័យពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ក្រោយពីវិបត្តិកូវីដ-១៩ កាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុងបាងកក ប្រទេសថៃ។
នៅក្នុងសុន្ទរកថាគន្លឹះ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ការជួបជុំគ្នាថ្ងៃនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ វិនិយោគិនថៃដែលមានសក្តានុពលអាចស្វែងរកព័ត៌មានពាក់ព័ន្ធទាំងអស់នៃការធ្វើពាណិជ្ជកម្ម និងឱកាសវិនិយោគនៅកម្ពុជា។ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកសូមស្វាគមន៍វិនិយោគិនថៃ ដែលមានគម្រោងវិនិយោគ ឬពង្រីកគម្រោងវិនិយោគនៅកម្ពុជា ហើយសម្រាប់ធុរជនដែលមិនទាន់បានបណ្តាក់ទុននៅកម្ពុជា សូមអញ្ជើញមកស្វែងយល់ពីសក្តានុពល និងឱកាសក្នុងការវិនិយោគ ឬចូលរួមបណ្តាក់ទុនជាមួយអ្នកវិនិយោគកម្ពុជា ដើម្បីទាញយកផលប្រយោជន៍ឱ្យបានច្រើនពីកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់ដែលកម្ពុជាសម្រេចបាន។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យវិនិយោគិននៃប្រទេសទាំងពីរពិនិត្យលទ្ធភាពវិនិយោគលើ វិស័យសេដ្ឋកិច្ចចក្រា និងកសិឧស្សាហកម្មផងដែរ។ ជាមួយគ្នានេះឯកឧត្តម ក៏បានស្នើសុំសភាពាណិជ្ជកម្មថៃ និងក្រុមប្រឹក្សាពាណិជ្ជកម្មថៃ ធ្វើការយ៉ាងជិតស្និទ្ធជាមួយសភាពាណិជ្ជកម្មកម្ពុជា ដើម្បីផ្លាស់ប្តូរទស្សនកិច្ច រវាងវិស័យឯកជនរបស់ប្រទេសទាំងពីរ ក្នុងបំណងជំរុញពាណិជ្ជកម្ម និងសកម្មភាពវិនិយោគក្នុងប្រទេសទាំងពីរឱ្យកាន់តែច្រើនបន្ថែមទៀត ព្រមទាំងបានបានអញ្ជើញភាគីពាក់ព័ន្ធវិស័យឯកជននៃប្រទេសថៃ ក្រុមហ៊ុនថៃ ព្រមទាំងពាណិជ្ជករថៃ ចូលរួមក្នុងការតាំងពិព័រណ៍ផលិតផល និងនាំចូល-នាំចេញរបស់កម្ពុជាលើកទី១៧ ដែលនឹងប្រារព្ធឡើងជាប្រចាំនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៣ និងជារៀងរាល់ឆ្នាំ នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្ដី ប៉ាន សូរស័ក្តិ បានធ្វើការវាយតម្លៃខ្ពស់លើវឌ្ឍនភាពដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ទោះបីមានបញ្ហាប្រឈមដោយសារកូវីដ-១៩ក៏ដោយ ប៉ុន្តែទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរនៅតែមានការកើនឡើងជាលំដាប់។ ហើយឯកឧត្តមរដ្ឋមន្ត្រី បានជំរុញភាគីពាក់ព័ន្ធទាំងអស់ត្រូវបន្តខិតខំធ្វើការងារបន្ថែមទៀត ដើម្បីសម្រេចឱ្យបាននូវទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ១៥ពាន់លានដុល្លារអាម៉េរិក ត្រឹមឆ្នាំ ២០២៥ ដែលកំណត់ដោយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ។ យោងតាមរបាយាករណ៍បង្ហាញថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ ក្នុងឆ្នាំ ២០២២ សម្រេចបានក្នុងទំហំទឹកប្រាក់សរុប ប្រមាណ ៤,៦ពាន់លានដុល្លារអាម៉េរិក កើនឡើងប្រមាណ ១៤% បើធៀបនឹងឆ្នាំ ២០២១។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ឯកឧត្តម ប៉ាន សូរស័ក្តិ ក៏បានលើកឡើងអំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការធ្វើកំណែទម្រង់យ៉ាងស៊ីជម្រៅ និងការដាក់ចេញនូវច្បាប់ គោលនយោបាយ និងវិធានការនានា ដើម្បីច្បាមយកកាលានុវត្តភាពដែលកើតចេញពីវិបត្តិ និងធានាបាននូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា ខណៈដែលពិភពលោកកំពុងប្រឈមជាមួយនឹងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃនិម្មាបនកម្ម សេដ្ឋកិច្ចពាណិជ្ជកម្ម ដែលបណ្តាលមកពីបញ្ហាប្រឈមជាសកល ដូចជា ជំងឺរាតត្បាតកូវីដ-១៩ សង្គ្រាមពាណិជ្ជកម្មនិងបច្ចេកវិទ្យា ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងការប្រែប្រួលអាកាសធាតុ ជាដើម។
ឯកឧត្តមរដ្ឋមន្ត្រី គូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគំនិតផ្តួចផ្តើម និងវិធានការនានា រួមមាន៖ ច្បាប់ស្តីពីវិនិយោគថ្មី ច្បាប់ស្តីពីភាពជាដៃគូសាធារណៈនិងឯកជន (PPP), ច្បាប់វិសោធនកម្មស្តីពីសហគ្រាសពាណិជ្ជកម្ម, ច្បាប់ស្តីពីការការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងយុទ្ធសាស្ត្រស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីជាដើម។ ចំពោះក្របខ័ណ្ឌអន្តរជាតិ ឯកឧត្តមរដ្ឋមន្រ្ដី បន្តថា ក្រៅពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន និងអាស៊ាន+១ បច្ចុប្បន្នកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTA) ជាមួយប្រទេសចិន និងកូរ៉េខាងត្បូង ហើយក៏ជាភាគីនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលបានធ្វើឱ្យកម្ពុជាមានទីផ្សារដ៏ធំសម្រាប់វិស័យធុរកិច្ច។ លើសពីនេះ កាលពីពេលថ្មីៗនេះ កម្ពុជាក៏បានបញ្ចប់ដោយជោគជ័យនូវការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (CEPA) ផងដែរ។ សូមជម្រាបថា មុននឹងបញ្ចប់សិក្ខាសាលានេះ ឯកឧត្តមរដ្ឋមន្រ្ដី ប៉ាន សូរស័ក្តិ ក៏បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ គណៈកម្មាធិការអចិន្ត្រៃយ៍ចម្រុះស្តីពីពាណិជ្ជកម្ម ឧស្សាហកម្ម និងធនាគារ និងក្រុមប្រឹក្សាធុរកិច្ចថៃ-កម្ពុជា និងក្រុមហ៊ុនធំៗរបស់ថៃចំនួន ១០ក្រុមហ៊ុន មកពីឧស្សាហកម្មចម្រុះវិស័យ៕