(ភ្នំពេញ)៖ ក្រុមប្រឹក្សាលើកតម្កើងហ្វ្រង់កូហ្វូនីនៅកម្ពុជា (CPFC) បានរៀបចំមហាសន្និបាតលើកទី៦ នៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិក្រោមអធិបតីភាពលោកបណ្ឌិត ឈីវ យីស៊ាង រដ្ឋលេខាធិការ និងជាអ្នកសម្របសម្រួលជាតិអមអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ដោយមានការចូលរួមរបស់លោក Edgar DOERIG តំណាងអង្គការ OIF ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកដែលទើបតែងតាំងថ្មី និងលោក Laurent SERMETនាយក AUF ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានពីក្រសួងការបរទេស ទទួលបាននៅថ្ងៃនេះ។
មហាសន្និបាតនេះ ក៏មានការចូលរួមផងដែររបស់តួអង្គហ្វ្រង់កូហ្វូនទាំងអស់នៅប្រទេសកម្ពុជា ដែលជាស្ថាប័នសមាជិក CPFC ស្ថានទូតនៃប្រទេសហ្វ្រង់កូហ្វូន គ្រឹះស្ថានឧត្តមសិក្សា សង្គមស៊ីវិល មជ្ឈ ដ្ឋានធុរកិច្ច និងសារព័ត៌មាន។ ក្រុមប្រឹក្សា CPFC បានកត់សម្គាល់ផងដែរនូវសុន្ទរកថារបស់លោក Laurent SERMET នាយក AUFប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ទៅលើវឌ្ឍនភាពនៃគ្រឹះស្ថានឧត្តមសិក្សាជាសមាជិករបស់ទីភ្នាក់ងារ AUF នៅកម្ពុជា ការបង្កើតមជ្ឈមណ្ឌលការងារហ្វ្រង់កូហ្វូននៅបាត់ដំបង ការផ្តល់ការគាំទ្រដល់សាកលវិទ្យាល័យ ដោយសង្កត់ធ្ងន់លើកិច្ចខំប្រឹងប្រែងរបស់ទីភ្នាក់ងារ AUF ទាក់ទងនឹងការងាររបស់យុវជនកម្ពុជា។ក្រុមប្រឹក្សា CPFC បានគូសបញ្ជាក់ពីសារៈសំខាន់នៃបទបង្ហាញរបស់ លោករដ្ឋលេខាធិការ ឈីវ យីស៊ាង អំពីគោលនយោយហ្វ្រង់កូហ្វូនីរបស់កម្ពុជានៅអាស៊ី-ប៉ាស៊ីហ្វិក ដែលបានក្លាយជាតំបន់អាទិភាពនៃពិភពលោក នៅក្នុងវិស័យជាច្រើន ដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្មអន្តរជាតិ និងលំហូរហិរញ្ញវត្ថុ ព្រមទាំងអំពីជំហររបស់កម្ពុជាចំពោះសំណុំរឿងសំខាន់ៗបច្ចុប្បន្ននៃពិភពលោក និងសកម្មភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិ។លោករដ្ឋលេខាធិការ បានផ្តោតសំខាន់ទៅលើសន្តិភាព និងសន្តិសុខ ដែលជាមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់ពិភពលោក។ អ្នកចូលរួមទាំងអស់ បានកត់សម្គាល់យ៉ាងពេញចិត្តនូវភាពសម្បូរបែប និងភាពចម្រុះនៃសកម្មភាពនានាដែលតួអង្គហ្វ្រង់កូហ្វូននៅកម្ពុជាបានអនុវត្ត ចាប់តាំងពីមហាសន្និបាតចុងក្រោយ ក្នុងខែសីហា ឆ្នាំ២០២២។ ស្ថានទូតបារាំង ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សាលាភូមិន្ទរដ្ឋបាល វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានបង្ហាញពីសកម្ម ភាពរបស់ខ្លួននៅក្នុងវិស័យអប់រំ។ ស្ថានទូតថៃ បានបង្ហាញពីសកម្មភាពហ្វ្រង់កូហ្វូនដែលបានអនុវត្តនៅប្រទេសថៃ។
តំណាងមកពីរដ្ឋសភាជាតិ និងព្រឹទ្ធសភា បានធ្វើបទបង្ហាញអំពីកិច្ចសហប្រតិបត្តិក្នុងក្របខណ្ឌហ្វ្រង់កូហ្វូនី។ សង្គមស៊ីវិលបានបង្ហាញពីកម្មវិធីរបស់ខ្លួន តាមរយៈសំឡេងរបស់សមាគម។ សាលារាជធានីភ្នំពេញ និងសាលាខេត្តព្រះសីហនុ បានលើកឡើងពីបញ្ហាប្រឈមរបស់ខ្លួនពាក់ព័ន្ធនឹងហ្វ្រង់កូហ្វូនី សម្រាប់ឆ្នាំ ២០២៣ និងឆ្នាំ២០២៤។ មជ្ឈមណ្ឌល NPMEC បានបង្ហាញពីសកម្មភាពរបស់ខ្លួន ដើម្បីបម្រើដល់បេសកកម្មរក្សាសន្តិភាព និងការដោះមីន និងកិច្ចសហប្រតិបត្តិការដែលផ្តល់ដោយប្រទេសបារាំង។ លើសពីនេះទៀត ក្រុមប្រឹក្សា CPFC បានសាទរចំពោះលទ្ធផលនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៨ នៅកោះ Djerba ដែលក្នុងនោះ មានការអនុម័តអត្ថបទសំខាន់ៗចំនួន ៥ ជាពិសេស សេចក្តីថ្លែងការណ៍ Djerba ការបោះឆ្នោតជ្រើសរើសលោកជំទាវ Louise Mu shikiwabo ជាអគ្គលេខាធិការសម្រាប់អាណត្តិទី២ និងការជ្រើសរើសប្រទេសបារាំងធ្វើជាម្ចាស់ផ្ទះទទួលរៀបចំកិច្ចប្រជុំកំពូលលើកទី១៩ នៅឆ្នាំ២០២៤។
បញ្ហាទាក់ទងនឹងបច្ចេកវិទ្យាឌីជីថលដែលជាកត្តាជំរុញការអភិវឌ្ឍ និងសាមគ្គីភាព និងបញ្ហាទាក់ទងនឹងតួនាទីរបស់ស្ត្រី និងយុវជន និងការបាត់បង់ទំនុក ចិត្តរបស់ប្រជា ពលរដ្ឋ ក៏ត្រូវបានលើកយកពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលនេះផងដែរ។ ទាក់ទងនឹងការរៀបចំផែនការការងារសម្រាប់ឆ្នាំ២០២៣ កិច្ចប្រជុំ RESIFAP លើកទី៧ កាលពីខែកញ្ញា ឆ្នាំ២០២២ បានឯកភាពរៀបចំវេទិកាយុវជនហ្វ្រង់កូហ្វូននៅអាស៊ី-ប៉ាស៊ីហ្វិក នៅឆ្នាំ២០២៤ ក្រោមប្រធានបទ “ឌីជីថល ការងារ ការអភិវឌ្ឍប្រកបដោយចីរភាព៖ ភាសាបារាំងជាកត្តាជំរុញសម្រាប់យុវជននៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក”។ ឆ្នាំ២០២៣ជាឆ្នាំនៃការរៀបចំហើយ វេទិកាយុវជននេះ នឹងក្លាយជាសកម្មភាពដ៏សំខាន់មួយនៃផែនការការងារពេញមួយ ឆ្នាំ២០២៣។ សកម្មភាពជាច្រើនត្រូវបានគ្រោងទុកដើម្បីរៀបចំសម្រាប់ព្រឹត្តិការណ៍នេះដូចជាសកម្មភាពលើកកម្ពស់ការយល់ដឹងបង្កើតបណ្តាញនិងកិច្ចសហការ។ក្រុមប្រឹក្សា CPFC បានពិចារណាដោយយកចិត្តទុកដាក់ ចំពោះសំណើរបស់ប្រធានក្រុមប្រឹក្សា ទាក់ទងនឹងការធ្វើវិសោធនកម្មជាយថាហេតុនូវលក្ខន្តិកៈ CPFC ជាពិសេសទាក់ទងនឹងប្រការស្តីពីអាណត្តិរបស់ប្រធាន៕