(ភ្នំពេញ)៖ នាពេលបច្ចុប្បន្ន មានចំនួនក្រុមហ៊ុនធានារ៉ាប់រងនៅកម្ពុជា បានកើនដល់ ៤០ក្រុមហ៊ុន ក្នុងនោះមានក្រុមហ៊ុនធានារ៉ាប់រងទូទៅចំនួន ១៨ក្រុមហ៊ុន, ធានារ៉ាប់រងអាយុជីវិតចំនួន ១៤ក្រុមហ៊ុន, ធានារ៉ាប់រងខ្នាតតូចចំនួន ៧ និងក្រុមហ៊ុនធានារ៉ាប់រងបន្តចំនួន ១ ដែលកំពុងធ្វើប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសកម្ពុជា ហើយមានទ្រព្យសកម្មសរុបប្រមាណ ៩៧៦លានដុល្លារអាមេរិក និងមូលនិធិភាគហ៊ុនិកប្រមាណ ៤១៧លានដុល្លារអាមេរិក។
ការលើកឡើងឲ្យដឹងបែបនេះរបស់លោកស្រីបណ្ឌិត ហោ សុវឌ្ឍនា អគ្គនាយករង នៃនិយ័តករធានារ៉ាប់រងកម្ពុជា វគ្គបណ្តុះបណ្តាលសម្រាប់អ្នកសារព័ត៌មានស្តីពីវិស័យធនាគារ ហិរញ្ញវត្ថុ និងធានារ៉ាប់រងនៅកម្ពុជា នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣។ លោកស្រីបណ្ឌិត បានបន្តថា ទីផ្សារធានារ៉ាប់រងកម្ពុជា បានរីកចម្រើនយ៉ាងឆាប់រហ័សជាមួយនឹងកំណើនជាមធ្យមប្រចាំឆ្នាំប្រមាណ ២៥% ខណៈដែលនៅក្នុងឆ្នាំ២០២២ បុព្វលាភធានារ៉ាប់រងដុលនៅកម្ពុជាបានកើនដល់ប្រមាណ ៣៣០លានដុល្លារអាមេរិក ដែលនេះសបញ្ជាក់ពីកំណើតទីផ្សារធានារ៉ាប់រងប្រមាណ ១០,៦៨%។
ជាមួយនឹងកំណើននៃទំហំទីផ្សារក្នុងឆ្នាំ២០២២ វិស័យធានារ៉ាប់រងបានរួមភាគទានក្នុងសេដ្ឋកិច្ចកម្ពុជា ក្នុងអត្រា ១,១៧% ជាមួយនឹងដង់ស៊ីតេធានារ៉ាប់រង ឬការប្រើប្រាស់សេវាធានារ៉ាប់រងប្រមាណ ២០,៤៧ដុល្លារអាមេរិក ក្នុងមនុស្សម្នាក់ និងមានផលិតផលសម្បូរបែបជាអាទិ៍ ផលិតផលធានារ៉ាប់រងអាយុជីវិត, ធានារ៉ាប់រងសុខភាព, ធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល, ធានារ៉ាប់រងទ្រព្យសម្បត្តិ, ធានារ៉ាប់រងសម្ភារទទួលខុសត្រូវ, ធានារ៉ាប់រងយានយន្ត រហូតដល់ធានារ៉ាប់រងខ្នាតតូចសម្រាប់ប្រជាពលរដ្ឋដែលមានចំណូលទាបផងដែរ។
បន្ថែមពីនេះ ក៍មានវត្តមានក្រុមហ៊ុនភ្នាក់ងារធានារ៉ាប់រងចំនួន ៣៤ ក្រុមហ៊ុនជើងសាធានារ៉ាប់រងចំនួន ១៩ និងក្រុមហ៊ុនវាយតម្លៃហានិភ័យធានារ៉ាប់រងចំនួន ៣ ដែលកំពុងធ្វើប្រតិបត្តិការអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។ លោកស្រីបណ្ឌិត បានគូសបញ្ជាក់ថា វិស័យហិរញ្ញវត្ថុ ជាធាតុផ្សំមួយដ៏ចាំបាច់ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ព្រោះវិស័យហិរញ្ញវត្ថុគឺជាវិស័យអន្តរការិយកម្មកៀរគរប្រភពធនធានហិរញ្ញវត្ថុ ដើម្បីបំពេញតម្រូវការផលិតកម្ម និងទ្រទ្រង់ការរីកចម្រើននៃវិស័យឯកជន និងកំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព និងប្រសិទ្ធភាព។ ម្យ៉ាងវិញទៀត ជួយកាត់បន្ថយភាពក្រីក្របង្កើនចំណូលរបស់ប្រជាជន ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅក្នុងតំបន់។
លោកស្រីបណ្ឌិតសង្ឃឹមយ៉ាងមុតមាំថា វគ្គបណ្តុះបណ្តាលសម្រាប់អ្នកសារព័ត៌មានស្តីពីវិស័យធនាគារ ហិរញ្ញវត្ថុ និងធានារ៉ាប់រងនៅកម្ពុជានេះ នឹងបញ្ជ្រាបការយល់ដឹងបន្ថែមឱ្យកាន់តែច្បាស់ និងស៊ីជម្រៅពីវិស័យហិរញ្ញវត្ថុដល់អ្នកសារព័ត៌មាន និងអង្គការសង្គមស៊ីវិលទាំងអស់ ដែលនឹងរុញច្រានវិស័យហិរញ្ញវត្ថុកម្ពុជា ឱ្យមានការអភិវឌ្ឍមួយកម្រិតទៀត ដើម្បីកម្ពុជាក្លាយជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចជឿនលឿនទៅមុខជាលំដាប់៕