(បាល់ទាត់)៖ ក្នុងសន្និសីទសារព័ត៌មាន អង្គការកម្ពុជាអូស្ត្រាលីបាល់ទាត់រីករាយ (HFCA) បានប្រកាសពីការបញ្ជូនក្រុមបាល់ទាត់នារីអាយុក្រោម ១៦ឆ្នាំ ដែលនឹងក្លាយជាក្រុមដំបូងគេរបស់កម្ពុជាចូលរួមការប្រកួតកីឡាបាល់ទាត់ JSSL ម្ខាង ៧នាក់នៅប្រទេសសិង្ហបុរីពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣។ HFCA បានជ្រើសរើសកីឡាការិនី ១២នាក់ ហើយកំពុងហ្វឹកហាត់យ៉ាងស្វាហាប់ដើម្បីត្រៀមខ្លួនចូលរួមប្រកួតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២២ មកម្ល៉េះ។
HFCA គឺជាអង្គការមិនមែនរដ្ឋាភិបាលដែលត្រូវបង្កើតឡើងនៅឆ្នាំ២០០៥ ក្នុងគោលបំណងលើកកម្ពស់យុវជនតាមរយៈវិស័យកីឡាបាល់ទាត់។ ការប្រកួតកីឡាបាល់ទាត់ម្ខាង ៧នាក់ JSSL ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៣ ដែលមានសមាជិកក្រុមចំនួន ៤០ចូលរួម ហើយបច្ចុប្បន្នជាខួបលើកទី៨ របស់ព្រឹត្តិការណ៍បាល់ទាត់កុមារនេះ។ ឆ្នាំ២០២៣ នឹងមានកីឡាករ កីឡាការិនីចំនួន ៤០០០នាក់ចូលរួមការប្រកួតយុវជនដ៏ធំបំផុតរបស់អាស៊ីនេះ ដែលប្រព្រឹត្តទៅនៅ ៤កន្លែងក្នុងប្រទេសសិង្ហបុរី។ ក្រុមបាល់ទាត់ HFCA នឹងលេងប្រាំប្រកួត ហើយមួយប្រកួតមាន ២២នាទី។ សូមរំលឹកថា ឆ្នាំ២០១៧ JSSL បានដាក់បញ្ចូលសាលាបាល់ទាត់១៦ របស់ក្លិបធំនៅអឺរ៉ុបបន្ថែមទៀតដែលរួមមាន Liverpool, Manchester United, Arsenal FC, FC Barcelona, Atlectico Madrid, និង Valencia៕