(វ៉ូវីណាម)៖ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ដែលជាថ្ងៃទី២ នៃការប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ីអាគ្នេយ៍លើកទី៦ កីឡាករ កីឡាការិនីកម្ពុជាដណ្តើមបានមេដាយ ០៩គ្រឿងបន្ថែមទៀត ដែលធ្វើឱ្យម្ចាស់ផ្ទះបន្តឈរនៅកំពូលតារាងមេដាយពីរថ្ងៃជាប់គ្នា។
ក្នុងចំណោមមេដាយថ្មី ០៩គ្រឿងនោះមានមាស ៣គ្រឿងដែលដណ្តើមបានដោយកីឡាការិនី ប៉ាល់ ឆរស្មី លើវិញ្ញាសាមេគុនកាំបិតធំ, កីឡាករ នុត ណាន់ វិញ្ញាសាប្រយុទ្ធ ៦០គីឡូក្រាម និងវិញ្ញាសាដាវក្រុមនារីប្រាំនាក់ដែលមានកីឡាការិនី ពៅ សុខា, សឿ ចាន់លក្ខិណា, សុខ នីដានុត, ឃន ច័ន្ទសុភក្ត្រនាថ និងកីឡាការិនី ប៉ាល់ ឆរស្មី។ ចំនែកមេដាយប្រាក់ ០៤គ្រឿងធ្វើបានដោយកីឡាការិនី ពៅ សុខា វិញ្ញាសាដាវឯកត្តជន, កីឡាការិនី ឃន ច័ន្ទសុភក្ត្រនាថ និងកីឡាការិនី សុខ នីដានុត វិញ្ញសាមេគុនអត់អាវុធ, កីឡាករម៉េត សុភក្ត្រា និងម៉េត សារី វិញ្ញាសា មេគុនការពារខ្លួនមានអាវុធ, និងកីឡាការិនី ពៅ សុខា និងសុខ នីដានុត វិញ្ញាសាមេគុនការពារខ្លួនមានអាវុធ។ ឯមេដាយសំរឹទ្ធពីរគ្រឿងដណ្តើមបានដោយកីឡាករ កៅ វិចិត្ររាជ្យ វិញ្ញាសាប្រយុទ្ធ ៧០គីឡូក្រាម និងកីឡារិនី ហ៊ឹម ដាណេ វិញ្ញាសា ប្រយុទ្ធ ៥០គីឡូក្រាម។
គិតត្រឹមថ្ងៃទី២៨ ខែមីនា កម្ពុជាដណ្តើមបានមេដាយសរុប ១៨គ្រឿងក្នុងនោះមាស ០៨គ្រឿង ប្រាក់ ០៦គ្រឿង និងសំរឹទ្ធ ០៤គ្រឿង ហើយបន្តឈរនៅចំណាត់ថ្នាក់លេខ១ ពីរថ្ងៃជាប់គ្នា។ វៀតណាមបន្តឈរនៅចំណាត់ថ្នាក់លេខ២ ជាមួយមេដាយមាស ០៥គ្រឿង ប្រាក់ ០៦គ្រឿងសរុប ១១គ្រឿង។ ថៃឈរនៅចំណាត់ថ្នាក់លេខ៣ ដណ្តើមបានមេដាយមាស ០២គ្រឿង ប្រាក់ ០៤គ្រឿង សំរឹទ្ធ ០៣គ្រឿង សរុប ០៩គ្រឿង។ សហភាពមីយ៉ាន់ម៉ាលេខ៤ មេដាយមាស ០២គ្រឿង ប្រាក់ ០២គ្រឿង សំរឹទ្ធ ១៣គ្រឿង សរុប ១៧គ្រឿង។ ឥណ្ឌូនេស៊ីលេខ៥ មេដាយមាស ០២គ្រឿង និងសំរឹទ្ធ ០៨គ្រឿង សរុប ១០គ្រឿង។ ហ្វីលីពីន និងឡាវមិនទាន់ដណ្តើមបានមេដាយមាសនៅឡើយនោះទេ ខណៈការប្រកួតនឹងបញ្ចប់នៅថ្ងៃទី២៩ ខែមីនា ជាមួយការប្រកួត ១០វិញ្ញាសាទៀត៕