(អន្តរជាតិ)៖ តំបន់យក្សដែលមានទំហំធំជាងផែនដី២០ដង បានហែកច្រៀកព្រះអាទិត្យ ដោយនេះជាតំបន់ទី២ហើយ ដែលលេចឡើងក្នុងរយៈពេលត្រឹមមួយសប្តាហ៍។តំបន់នោះ ឬត្រូវបានគេហៅថា “ប្រហោង Coronal” កំពុងបញ្ចេញខ្យល់ព្យុះកម្តៅ មានល្បឿន ២ ៨៩៦ ៨១៩ គីឡូម៉ែត្រក្នុងមួយម៉ោង សំដៅមកភពផែនដីរបស់យើង ដែលនឹងវាយប្រហារចាប់ពីថ្ងៃសុក្រចុងសប្តាហ៍នេះ។
ស្របពេលជាមួយគ្នានោះ ក្រុមអ្នកវិទ្យាសាស្ត្រកំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់ជាទីបំផុត ដើម្បីពិនិត្យមើលថាតើខ្យល់ព្យុះនេះ នឹងជះឥទ្ធិពលលើដែនម៉ាញេទិចរបស់ផែនដី ផ្កាយរណប និងបច្ចេកវិទ្យាដែរឬក៏អត់។ប្រហោងទីមួយដែលត្រូវបានគេប្រទះឃើញនៅថ្ងៃទី២៣ខែមីនា គឺមានទំហំធំជាងផែនដី៣០ដង។ ប្រហោងនោះ បានបញ្ចេញខ្យល់ព្យុះព្រះអាទិត្យ ដែលបង្កអោយមានបាតុភូមិ Aurora ដ៏គួរឲ្យភ្ញាក់ផ្អើលនៅភាគខាងត្បូងនៃរដ្ឋ Arizona។ ប្រហោងទាំងពីរនេះ ត្រូវបានចាប់ជាប់រូបភាពដោយបេសកកម្មសង្កេតថាមវន្តព្រះអាទិត្យ របស់អង្គការណាសា។ ថ្វីបើពីដំបូង រូបភាពអាចមើលទៅគួរឲ្យខ្លាចក៏ពិតមែន ប៉ុន្តែវាមិនបានបង្ហាញសញ្ញាថា ភពផែនដីរបស់យើងស្ថិតក្នុងគ្រោះថ្នាក់នោះទេ៕