(ជប៉ុន)៖ និស្សិតមហាវិទ្យាល័យមួយរូបបានតុបតែងខ្លួនជាលោក ហ្សេលេនស្គី ក្នុងកម្មវិធីទទួលសញ្ញាប័ត្រនៅសាកលវិទ្យាល័យក្យូតូ ខណៈមានគេនិយាយថាលោកមានមុខមាត់ស្រដៀងប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន ។បុរសនេះបានពាក់អាវដៃវែងពណ៌បៃតងរបស់ប្រធានាធិបតីអ៊ុយក្រែននិងខោយ៉ាងសក្តិសម ហើយបានប្រាប់បណ្ដាញសង្គមជប៉ុន Yomiuri ថាគាត់ខិតខំប្រឹងប្រែងទុកពុកមាត់ឲ្យដូចទៀតផង ។
សំលៀកបំពាក់របស់គាត់គឺជាផ្នែកមួយនៃពិធីបញ្ចប់ការសិក្សាដ៏ពិសេសរបស់សាកលវិទ្យាល័យក្យូតូ ដែលអនុញ្ញាតឱ្យសិស្សស្លៀកពាក់តាមចំណង់ចំណូលចិត្តក្នុងគោលបំណងបង្កើតអនុស្សាវរីយ៍ ។ជារៀងរាល់ឆ្នាំមាននិស្សិតជាច្រើនស្លៀកពាក់ប្លែកៗដូចជា Pokémon ជាដើម ហើយសូម្បីតែបុរសស្រោមមុខខៀវក៏មកទទួលសញ្ញាប័ត្រដែរ ។ដោយឡែកនិស្សិតឈ្មោះ Amiki ចែករំលែកក្នុង Twitter ថាខ្លួនបានស្លៀកពាក់ដូចលោក ហ្សេលេនស្គី ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយអ៊ុយក្រែន ។ គាត់បន្តទៀតថា “តាំងពីខែធ្នូ ខ្ញុំព្យាយាមបណ្ដុះពុកមាត់របស់ខ្ញុំ គេប្រាប់ខ្ញុំថាខ្ញុំមានមុខស្រដៀងលោកប្រធានាធិបតី ហ្សេលេនស្គី” ។កម្មវិធីទទួលសញ្ញាប័ត្រឆ្នាំនេះគឺជាលើកដំបូង បើគិតពីការបិទខ្ទប់ដោយសារជំងឺរាតត្បាត កូវីដ-១៩ មក ។ យោងតាម NHK ទូរទស្សន៍សាធារណៈរបស់ប្រទេសជប៉ុន ទន្សាយនិងសត្វទីទុយពីរក្បាលបានឡើងឆាកដើម្បីទទួលសញ្ញាប័ត្ររបស់ពួកគេដូចគ្នា ៕