ម្ហូបពេញនិយមតាមផ្ទះមានដូចជាត្រីងៀត ត្រីហើម ត្រីឆ្អើរ ផ្អក ប្រហុកជាដើមដែលប្រជាពលរដ្ឋខ្មែរយើងភាគច្រើនញ៉ាំតាំងពីដើមមក។ អាហារទាំងនេះអាចញុំាបានគ្រប់រដូវកាល ហើយផ្ទះខ្លះសឹងតែខ្វះមិនបាន ឱ្យតែអស់ដឹងតែទិញថែមហើយ។ ទោះជាឆ្ងាញ់យ៉ាងណាក៏ដោយ យើងគួរកាត់បន្ថយខ្លះ ព្រោះតាមការសិក្សាបានឱ្យដឹងថា អាហារទាំងនេះក៏អាចប៉ះពាល់សុខភាពដែរ។
១. ត្រីប្រឡាក់
លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត អ៊ាវ សុខា ប្រធានផ្នែកជំងឺមហារីក និងជំងឺឈាមនៃមន្ទីរពេទ្យកាល់ម៉ែត បានអះអាងថា ការញុំាត្រីប្រឡាក់ ត្រីហើមច្រើនជាប្រចាំអាចបង្កើនហានិភ័យកើតមហារីកក្រពះ ព្រោះអាហារទាំងនេះមានផ្ទុកជាតិប្រៃច្រើន។ លោកលើកឧទាហរណ៍ជាភស្តុតាងវិទ្យាសាស្រ្គថា ជនជាតិជប៉ុនចូលចិត្តញ៉ាំត្រីប្រឡាក់ ដែលជាហេតុធ្វើឱ្យជនជាតិជប៉ុនមានអត្រាកើតជំងឺមហារីកក្រពះច្រើនជាងនៅលើពិភពលោក។
ជាងនេះទៅទៀត ការញុំាជាតិប្រៃច្រើនអាចធ្វើឱ្យរាងកាយយើងឡើងជាតិប្រៃ ចាល់ជាតិទឹក បណ្តាលឱ្យកើតជំងឺលើសសម្ពាធឈាម ជំងឺបេះដូង និងពុកឆ្អឹង។
២. ត្រីឆ្អើរ
តាមការសិក្សាបានឱ្យដឹងថា ការញុំាត្រីឆ្អើរច្រើនអាចបង្កើនហានិភ័យកើតមហារីក ជាពិសេសមហារីកក្រពះពោះវៀន ដោយសារត្រីឆ្អើរមានផ្ទុកសារធាតុ PAHs និង HCAs។ ការឆ្អើរត្រីឱ្យក្រៀមធ្វើឱ្យជាតិទឹកនិងខ្លាញ់ត្រីស្រក់លើភ្លើង បង្កើតបានជាផ្សែងដែលពោពេញទៅដោយសារធាតុ PAHs (Polycyclic aromatic hydrocarbons) ជ្រាបចូលពេញសាច់ត្រី ហើយនៅពេលសាច់ត្រីឆ្លងកាត់ការចម្អិនរហូតក្រៀមនឹងបង្កើតជាសារធាតុគីមី HCAs (Heterocyclic amines)។ ទាំង PAHs និង HCAs ធ្វើឱ្យមានការបំរែបំរួល DNA ដែលបង្កើនហានិភ័យកើតមហារីក។
៣. ប្រហុកនិងផ្អក
ប្រហុកនិងផ្អកមានផ្ទុកជាតិប្រៃច្រើន ដូច្នេះការញុំាប្រហុក និងផ្អកច្រើនមានផលប៉ះពាល់ដូចការញុំាត្រីប្រឡាក់ដែរ។ ពពួកផ្អក ប្រហុក ត្រីហើម ត្រីងៀតដែលលក់លើទីផ្សារអាចមានសារធាតុហ្វ័រម៉ាលីនដែលគេប្រើដើម្បីរក្សាអាហារទុកឱ្យបានយូរ និងសូដ្យូមអ៊ីដ្រូស៊ុលហ្វីត ឬហៅថាម្សៅធ្វើឱ្យស ដែលសារធាតុទាំងនេះអាចបង្កផលប៉ះពាល់ដល់សុខភាព។
ដើម្បីថែរក្សាសុខភាពឲ្យបានល្អ យើងគួរកាត់បន្ថយការញ៉ាំអាហារទាំងនេះ ដោយអាចញុំាយូរៗម្តង ហើយងាកមកញ៉ាំអាហារដែលសម្បូរវីតាមីន ជាតិដែក និងប្រូតេអ៊ីនវិញទើបជាការល្អ។ សាច់ ត្រី ស៊ុត ខាត់ណាខៀវ ប៉េងប៉ោះ ដំឡូងបារាំង ម្ទេសប្លោក និងផ្លែឈើស្រស់ ជាប្រភពនៃសារធាតុចិញ្ចឹម និងការពារបញ្ហាខ្វះជាតិដែកទៀតផង។