(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ លោក Nas serBOURITA រដ្ឋមន្ត្រីការបរទេសសហប្រតិបត្តិការអាហ្វ្រិក និងជនអន្តោប្រវេសន៍ម៉ារ៉ុក លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជា ណាចក្រកម្ពុជា បានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រម៉ារ៉ុកនៅថ្ងៃទី ២៧- ២៨ ខែមីនា ឆ្នាំ២០២៣។ ក្នុងឱកាសទស្សនកិច្ចនេះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានចូលជួបសម្តែងការគួរ សមជាមួយលោក Rachid TALBI ALAMI ប្រធានសភាម៉ារ៉ុកផងដែរ។
នៅក្នងជំនួបទ្វេភាគី នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០២៣ នៅទីស្តីការក្រសួងការបរទេស សហប្រតិបត្តិការអាហ្រ្វិក និងជនអន្តោប្រវេសន៍ម៉ារ៉ុក នៅទីក្រុងរ៉ាបា រដ្ឋមន្ត្រីនៃប្រទេសទាំងពីរ បានផ្លាស់ប្តូរមតិយោបល់គ្នាប្រកបដោយផ្លែផ្កា និងបានសម្តែងនូវទំនុកចិត្តថា ដំណើរទស្សនកិច្ចនេះ នឹងផ្តល់ជាកម្លាំងជម្រុញថ្មីដល់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ តាមរយៈការស្វែងរកនូវកិច្ចសហប្រតិបត្តិការ និងការដាក់ចេញនូវគំនិតផ្តួចផ្តើមថ្មីៗបន្ថែមទៀត។ យោងតាមសេចក្តីប្រកាសព័ត៌មានពីក្រសួងការបរទេស ទទួលបាននៅថ្ងៃនេះ។ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានកោត សរសើរចំពោះព្រះរាជកិច្ចដឹកនាំរបស់ព្រះមហាក្សត្រ Mohammed VI និងបានសម្តែងការកោតសរសើរចំពោះការអភិវឌ្ឍសង្គម និងសេដ្ឋ កិច្ចរបស់ប្រទេសម៉ារ៉ុក ក៏ដូចជាគោលនយោបាយដ៏ឈ្លាសវៃរបស់ព្រះមហាក្សត្រ ដែលព្រះអង្គមានគោលបំណងធានានូវភាពរីកចម្រើនរុងរឿង និងស្ថិរភាពនៃព្រះរាជាណាចក្រ និងប្រជាជនម៉ារ៉ុក។
លោក Nasser BOURITA បានលើកឡើងពីវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់ ដែលកើតមានក្នុងប្រទេសកម្ពុជា ក្រោមព្រះរាជកិច្ចដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងបានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបំពេញតួនាទីយ៉ាងសំខាន់អស់ជាច្រើន ទសវត្សរ៍ក្នុងការធានាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជាបន្តបន្ទាប់នៃព្រះរាជាណាចក្រកម្ពុជា។ រដ្ឋមន្ត្រីនៃប្រទេសទាំងពីរ បានកោត សរសើរចំពោះទំនាក់ទំនងដ៏ល្អប្រសើរ ដែលបានចងភ្ជាប់ ព្រះរា ជាណាចក្រទាំងពីរ ឈានដល់ កម្រិតខ្ពស់បំផុត ដែលត្រូវបានកត់សម្គាល់ឡើងតាមរយៈ ចំណង មិត្តភាព ការគោរពគ្នាទៅវិញ ទៅមក ការពិគ្រោះយោបល់ជាបន្តបន្ទាប់ និងការសម្របសម្រួលលើបញ្ហាផ្សេងៗ ដើម្បីបម្រើផលប្រយោជន៍ទៅវិញ ទៅមក។ ក្នុងន័យនេះ ភាគីទាំងពីរ បានសម្ដែងនូវការពេញចិត្ត ចំពោះការរៀបចំឱ្យមានជំនួបតាមប្រព័ន្ធវីដេអូ កម្រិតថ្នាក់រដ្ឋមន្ត្រីនៃប្រទេសទាំងពីរ នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២២ និងកិច្ចប្រជុំពិគ្រោះយោបល់នយោបាយលើកទី៣ រវាងម៉ារ៉ុក-កម្ពុជា ថ្នាក់អគ្គនាយក កាលពីថ្ងៃទី១៨ ខែ ឧសភា ឆ្នាំ ២០២២ និងបានសម្តែងការចាប់អារម្មណ៍ក្នុងការជំរុញកិច្ចសន្ទនានយោបាយការទូតទ្វេភាគី។ រដ្ឋមន្ត្រីនៃប្រទេសទាំងពីរ បានគូសបញ្ជាក់អំពីតម្រូវការសម្រាប់ការអភិវឌ្ឍផ្នែកពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ និងបានលើកឡើងពីសក្តានុពលនៃការបង្កើតកិច្ចសហប្រតិបត្តការសេដ្ឋកិច្ច ដោយឈរលើទីតាំងរៀងៗខ្លួន នៅក្នុងតំបន់អាហ្វ្រិកខាងជើង និងអាស៊ីអាគ្នេយ៍។
រដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានលើកទឹកចិត្តដល់សហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ ក្នុងការបង្កើនសកម្មភាពពាណិជ្ជកម្ម និងវិនិយោគឲ្យកាន់តែខ្លាំង។ ក្នុងទិសដៅនេះ រដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានបង្ហាញនូវឆន្ទៈក្នុងការរៀបចំវេទិកាធុរកិច្ចដ៏សំខាន់មួយនៅប្រទេសម៉ារ៉ុកឬនៅកម្ពុជា នាពេលអនាគត។ រដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ក៏បានលើកឡើងអំពីទស្សនរួមគ្នារវាងម៉ារ៉ុក និងកម្ពុជា លើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ព្រមទាំងបានបន្តការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់ពហុភាគីនិយម និងរួមចំណែកក្នុងរបៀបវារៈពិភពលោកសម្រាប់សន្តិភាព សន្តិសុខ និងការអភិវឌ្ឍ។ លោក Nasser BOURITA បានកោតសរសើរចំពោះជោគជ័យនៃការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា នៅឆ្នាំ២០២២ និងភាពលេចធ្លោនូវលទ្ធផល នៃកិច្ចប្រជុំកំពូល និងកិច្ចប្រជុំពាក់ព័ន្ធ នានា ដែលបានធ្វើឡើងនៅកម្ពុជាក្នុងរយៈពេលពេញមួយឆ្នាំមុននេះ។ ចំពោះសំណើរបស់ម៉ារ៉ុក សុំចូលជាដៃគូសន្ទនាតាមវិស័យជាមួយអាស៊ាន លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានបញ្ជាក់សាជាថ្មី ដល់សមភាគីម៉ារ៉ុកអំពីការគាំទ្រយ៉ាងពេញទំហឹងរបស់កម្ពុជា សម្រាប់ការវាយតម្លៃឡើងវិញ ដោយលេខាធិការដ្ឋានអាស៊ាន លើសំណើម៉ារុក ដោយគោរពតាមដំណើរការនីតិវិធី និងកុងសង់ស៊ីសអាស៊ាន៕