(បេស្បល)៖ សហព័ន្ធកីឡាបេស្បល និងសុហ្វបលកម្ពុជា (Baseball and Softball) កាលពីព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ បានរៀបចំពិធីចុះអនុស្សារណៈនៃការយោគយល់គ្នា (MOU) ជាមួយនឹងក្រុមហ៊ុន OSILIS CAMBODIA Co.,Ltd & CJIC GRUOP ដែលត្រូវបានរៀបចំឡើងនៅពុហកីឡដ្ឋានជាតិអូឡាំពិក ក្រោមអវត្តមានលោក ឆែម ដារា ប្រធានសហព័ន្ធកីឡាបេស្បល និងសុហ្វបលកម្ពុជា, លោក Eiji Hatano ប្រធានក្រុមហ៊ុន OSILIS CAMBODIA Co.,Ltd និងលោក Takashi Matsuyoshi ប្រធានក្រុមហ៊ុន CJIC GRUOP។ប្រធានសហព័ន្ធ ឆែម ដារ៉ា បានបញ្ជាក់ថា អនុស្សារណៈយោគយល់គ្នានេះបានផ្តោតសំខាន់ក្នុងភាពជាដៃគូ ដើម្បីរួមចំណែកជួយជំរុញឲ្យវិស័យកីឡាបេស្បល និងសុហ្វបលនៅកម្ពុជាមានការអភិវឌ្ឍ និងរីកចម្រើន ក្លាយជាកីឡាសក្កានុពលសម្រាប់ការប្រកួតប្រជែងនៅលើឆាកអន្តរជាតិនៅពេលខាងមុខ។
ជាមួយគ្នានេះដែរការចុះអនុស្សារណៈនេះ ក៏បានបញ្ជាក់អំពីការតែងតាំងប្រធានក្រុមហ៊ុនទាំង២ ខាងលើមានលោក Eiji Hatano ជាទូតសុឆ្ទៈរបស់សហព័ន្ធកីឡាបេស្បលកម្ពុជាប្រចាំប្រទេសជប៉ុនមានន័យថា លោកមានតួនាតីជាតំណាងឲ្យសហព័ន្ធជាអ្នកស្វែងរកការឧបត្ថមគាំទ្រទាំងថវិកា និងសម្ភារៈពីប្រទេសជប៉ុនផ្តល់មកកាន់សហព័ន្ធនៅប្រទេសកម្ពុជា សម្រាប់ការអភិវឌ្ឍ រីឯ លោក Takashi Matsuyoshi ជាគ្រូបង្វឹកទទួលបន្ទុកបង្ហាត់ក្រុមជម្រើសជាតិកម្ពុជា និងជាអ្នកសម្របសម្រួលបច្ចេកទេសពីប្រទេសជប៉ុនមកជួយដល់កម្ពុជា ដើម្បីជួយឲ្យជម្រើសជាតិទទួលបានបច្ចេកទេសល្អក្នុងការប្រកួតប្រជែង។ លោក Eiji Hatano ដែលត្រូវបានតែងតាំងជាទូតសុឆន្ទៈរបស់សហព័ន្ធប្រចាំប្រទេសជប៉ុន បានមានប្រសាសន៍ឲ្យដឹងថា កត្តាដែលលោកបានចូលខ្លួនមកជួយក្នុងសហព័ន្ធកីឡាបេស្បលកម្ពុជា ដោយសារលោកបានរស់នៅក្នុងប្រទេសកម្ពុជា ហើយលោកក៏ជាអតីតកីឡាករតាំងពីលោកនៅជាសិស្សមកម្លេះ ហើយលោកនឹងខិតខំជួយអភិវឌ្ឍវិស័យកីឡាមួយនេះនៅកម្ពុជាឲ្យកាន់តែរីកចម្រើន។
សូមបញ្ជាក់ថា អនុស្សារណៈយោគយល់គ្នាក្នុងភាពជាដៃគូរ រវាងក្រុមហ៊ុនរបស់ជប៉ុនជាមួយសហព័ន្ធកីឡាបេស្បល និងសុហ្វបលកម្ពុជាបានធ្វើឡើងក្នុងទិសដៅ ដើម្បីរួមគ្នាអភិវឌ្ឍកីឡាបេស្បលនៅកម្ពុជាឲ្យមានការរីកចម្រើន និងមានសក្កានុពលក្នុងតំបន់អាស៊ីនៅពេលខាងមុខ ស្របពេលដែលប្រទេសជប៉ុនទើបតែឈ្នះជើងឯក World Cup ក្រោយយកឈ្នះក្រុមសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុននេះ៕